កត្តា​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ឆាប់​ឈឺសន្លាក់​

កត្តា​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ឆាប់​ឈឺសន្លាក់​

​មនុស្ស​យើង​ភាគច្រើន កើត​ជំងឺ​រលាក​សន្លាក់ នៅពេល​អាយុ​កាន់តែច្រើន ប៉ុន្តែ ឥឡូវនេះ​ក្មេងៗ​តូចៗ និង​មនុស្ស​វ័យ​ជំទង់​ជាច្រើន ក៏​អាច​ប្រឈម​នឹង​ជំងឺ​នេះ​លឿន​ដែរ​។ នេះ​ដោយសារតែ​មាន​កត្តា​មួយចំនួន​ដូចជា ៖

របួស​ដោយសារ​លេង​កីឡា​
ការ​មាន​របួស​ដោយសារ​ការ​លេង​កីឡា គឺជា​មូលហេតុ​មួយ​នៃ​ការ​រលាក​សន្លាក់ លើ​ក្មេង​ដែល​កំពុង​តែ​លូតលាស់​។ លើសពីនេះទៅទៀត ការប៉ះទង្គិច និង​បាក់បែក​ឆ្អឹង​ក្នុងពេល​លេង​កីឡា អាច​បណ្តាលឲ្យ​មនុស្ស​គ្រប់​វ័យ កើត​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​បាន​។ របួស​ដែល​កើតមាន​ជា​ញឹកញាប់ រហូត​ដល់​កើត​ជំងឺ​នេះ​មានដូចជា ការ​រហែក​ឆ្អឹងខ្ចី ភ្លាត់​សន្លាក់ និង​របួស​លើ​សរសៃ​ចង​ឆ្អឹង​។

ម៉ាស៊ីន​អេឡិចត្រូនិច​តូចតាច​
មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ក្មេងៗ​ជំនាន់​ក្រោយ តែងតែ​ចំណាយ​ពេល​ភាគច្រើន ក្នុងការ​ចុច​ទូរស័ព្ទ កុំព្យូទ័រ និង​ឧបករណ៍​សម្រាប់​លេង​ហ្គេម​ផ្សេងៗ​ទៀត​។ យ៉ាងណាមិញ វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ពួកគេ ងាយ​នឹង​កើត​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​កដៃ និង​ម្រាមដៃ​ទេ តែ​ក៏​ប៉ះពាល់​ដល់​ជំហរ​រាងកាយ​ដែរ ដែល​ជាហេតុ​នាំ​ឲ្យ​សន្លាក់នៅ​ឆ្អឹង​កង​ខ្នង និង​ត្រគាក​ខូច​។

ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការខុស​ប្រក្រតី​
តើ​អ្នក​មាន​ដឹង​ទេ​ថា ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការខុស​ប្រក្រតី ក៏​ធ្វើឲ្យ​មនុស្ស​វ័យ​កណ្តាល និង​កូនក្មេង​កើត​ជំងឺ​រលាក​សន្លាក់​ដែរ​។ វា​គឺជា​ជំងឺ​មួយ​ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង ធ្វើ​ការវាយប្រហារ​ទៅលើ កោសិកា​ធម្មតា​របស់​សន្លា​ក់ ហើយ​នាំឲ្យ​កើត​ជា​ការបង្ករោគ និង​រលាក​សន្លាក់​តែម្តង​។

ធាត់​ជ្រុល​
ថ្វី​បើ​ការ​រលាក​សន្លាក់ ប៉ះពាល់​ដល់​មនុស្ស​គ្រប់​វ័យ គ្រប់​ភេទ និង​ទាំង​ធាត់​ទាំង​ស្គម​ក៏ដោយ តែ​ការ​ប្រឈម​នឹង​កើន​ឡើង​ខ្លាំង បើសិន​ជា​មនុស្ស​ម្នាក់​នោះ​ធាត់​ជ្រុល​។ ការ​ដែល​រាងកាយ​ធ្ងន់​ពេក វា​នឹង​ដាក់​សម្ពាធ​កាន់តែ​ច្រើន​ដល់​សន្លាក់ ជាពិសេស​ជង្គង់ សន្លាក់​ត្រគាក និង​ខ្នង ហើយ​ក៏​បណ្តាល​ឲ្យ​ឆ្អឹងខ្ចី​ខូច និង​កើតជា​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​តែម្តង​។

ការជក់បារី​
ការជក់បារី នឹង​បង្កើន​ការ​ប្រឈម នឹង​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis ជាពិសេស បើសិន​ជា​អ្នក​មាន​ហ្សែ​ន​ប្រឈម​នឹង​ជំងឺ​នេះ​តែម្តង​។ ការជក់បារី ក៏​មាន​ជាប់ទាក់ទង នឹង​ការធ្វើ​ឲ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។