កូន​ចេញ​អុត​ស្វាយ គួរតែ​ធ្វើ​ម៉េច ទើប​ត្រឹមត្រូវ​?

កូន​ចេញ​អុត​ស្វាយ គួរតែ​ធ្វើ​ម៉េច ទើប​ត្រឹមត្រូវ​?

​ជំងឺ​អុតស្វាយ គឺ​ជា​ជំងឺ​កម្រិត​ស្រាល និង​កើត​មាន​ជា​ញឹកញាប់ ចំពោះ​កុមារ​ភាគច្រើន​។ កុមារ និង​មនុស្ស​ធំ​ខ្លះ ដឹង​តែ​កើត​ជំងឺ​អុតស្វាយ​នេះ ក្នុង​ពេលវេលា​ណាមួយ​តែម្តង រួមទាំង​ស្ត្រី​មាន​ផ្ទៃពោះ ទារក​ទើបនឹង​កើត និង​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។

​ជំងឺ​អុតស្វាយ ច្រើន​តែ​កើត​ឡើង​លើ​ក្មេង អាយុ​ក្រោម ១០ ឆ្នាំ​។ តាមពិតទៅ ជំងឺ​អុតស្វាយ ច្រើន​តែ​កើតមាន​ជា​ញឹកញាប់ លើ​កុមារ​រហូតដល់ ៩០ ភាគរយ​ឯណោះ ហើយក៏​មាន​ប្រព័ន្ធ​ភាព​ស៊ាំ នឹង​ជំងឺ​នេះ​មួយជីវិត​តែម្តង​។

ដើម្បី​បង្កា​រការ​រាលដាល ជំងឺ​នេះ​ទៅ​អ្នកដទៃ ចូរ​ធ្វើយ៉ាងណា កុំ​ឲ្យ​កូន​ទៅ​រៀន រហូត​ដល់​ស្នាម​កន្ទួល​អុតស្វាយ​បាត់​អស់​សិន​។ ជំងឺ​អុតស្វាយ គឺ​ជា​ជំងឺ​ដែល​ឆ្លង​ខ្លាំង​បំផុត ពី​រយៈពេល​មួយ ទៅ​ពីរ​ថ្ងៃ​មុនពេល​ចេញ​កន្ទួល​លើ​ស្បែក​។

អ្នក​មិន​ចាំបាច់ ទៅ​ជួប​ពេទ្យ ឬ​ត្រូវការ​សង្គ្រោះ​បន្ទាន់​អ្វី​ឡើយ បើសិន​ជា​អ្នក​មិន​ប្រាកដ​ថា កូន​អ្នក​មាន​ជំងឺ​អុត​ស្វាយ ឬ​អត់​។ គួរ​យល់ថា ជំងឺ​អុតស្វាយ មិន​មាន​ការព្យាបាល​អ្វី​ពិសេស ដើម្បី​ឲ្យ​ជា​នោះទេ​។ ការព្យាបាល គឺ​គ្រាន់តែ​បំបាត់​រោគសញ្ញា​ប៉ុណ្ណោះ​។

  • ​ឲ្យ​កូន​ញ៉ាំ​ទឹក​ច្រើន​
  • ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​
  • ​ងូតទឹក​ឲ្យគេ​ឲ្យបាន​ញឹក និង​ស្លៀកពាក់​ខោអាវ ដែល​មាន​ផា​សុកភាព និង​ប្រើឡេ​លាប (​មាន​វេជ្ជបញ្ជា ទើប​ល្អ​) ដើម្បី​បំបាត់​ការ​រមាស់​
  • ​ចូរ​ព្យាយាម​ហាម​កូន កុំឲ្យ​អេះ​ដំបៅ ព្រោះ​វា​អាច​នាំឲ្យ​មាន​ស្នាម​លើស្បែ​កបាន ដោយ​អ្នក​អាច​បន្លប់​អារម្មណ៍​គេ តាមរយៈ​ការមើល​ទូរទស្សន៍ ឬ​កម្មវិធី​ដែល​គេ​ចូលចិត្ត​
  • ​ចូរ​ឲ្យគេ​នៅ​ឲ្យ​ឆ្ងាយ ពី​ស្ត្រី​ផ្ទៃពោះ ឬ​អ្នក​កំពុង​តែ​ព្យាយាម​មាន​ផ្ទៃពោះ ពីព្រោះ​បើ​សិន​ជា​កូន​ប៉ះពាល់ ជាមួយ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​មិន​ធ្លាប់​មាន​ជំងឺ​នេះ​ពីមុនមក គឺ​អាច​ឆ្លង និង​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ទៀតផង​។

​ជំងឺ​អុតស្វាយ​លើ​ក្មេងៗ ត្រូវបាន​ចាត់ទុក​ថា ជា​ជំងឺ​កម្រិត​ស្រាល ប៉ុន្តែ ចូរ​យល់​ថា កូន​នឹងមាន​អារម្មណ៍​គួរឲ្យ​អាណិត​ណាស់ នៅ​ពេល​កើត​ជំងឺ​បែបនេះ​។​

​សម្រាប់​ក្មេង​ភាគច្រើន ជំងឺ​អុតស្វាយ គឺ​ជា​ជំងឺ​ដ៏​ស្រាល​មួយ ដែល​វា​នឹង​ជា​វិញ​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ក្មេង​ខ្លះ អាច​នឹង​មាន​អាការៈ​ធ្ងន់ធ្ងរ ដោយសារ​តែ​ជំងឺ​នេះដែរ​។ ដូច្នេះ គេ​ក៏​ត្រូវតែទៅ​ជួប​ពេទ្យ​ដែរ​។

ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម បើសិន​ជា​កូន​អ្នក កើត​មាន​អា​ការៈមិន​ធម្មតា ដូចខាងក្រោម​នេះ ៖

  • ពងបែក​នៅ​ស្បែក ទៅ​ជា​ឆ្លង​រោគ​បន្ថែម​
  • ​កូន​មាន​ការឈឺចាប់​នៅក្នុង​ទ្រូង ឬ​ពិបាក​ដកដង្ហើម​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។