ក្រសួងការបរទេស​រម្លឹក​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស

ក្រសួងការបរទេស​រម្លឹក​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស



ភ្នំពេញ​: ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព នឹង​រៀបចំ​ពិធី​រម្លឹក​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​ការ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣ តុលា ១៩៩១​។ ពិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ខាង​មុខ​នេះ នៅ​ក្រសួងការបរទេស​។

នៅ​ក្នុង​ព្រឹត្តិការណ៍​រម្លឹក​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​ការ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល សមាជិក សមាជិការ​សភា អង្គទូត សាស្ត្រាចារ្យ និស្សិត​...​។

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តី​ព័​ត៍​មាន​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា​បាន​ឲ្យ​ដឹង​ថា ឆ្លើយ​តប​នឹង​គំនិត​ផ្តួចផ្តើម​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មានការ​រួមចំណែក​ពី​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព​នឹង​រៀបចំ​ពិធី​រម្លឹក​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​ការ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​។

ពិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ខាង​មុខ​នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​មានការ​រៀបចំ​សន្និសីទកាសែត​មួយ​ដោយ​មានការ​ចូលរួម​ពី​វាគ្មិន​ជា​ច្រើន​ក្នុង​នោះ​មាន​ឥស្សរជន​ដែល​បាន​ចូលរួម​ក្នុង​ការ​ចរចា​ផ្ទាល់​និង​អ្នក​សង្កេតការណ៍​សំខាន់​ៗ​នៃ​ដំណើរការ​ចរចា​រហូត​ដល់​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​នេះ​។

ស្ថានទូត​បារាំង​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​ក៏​នឹង​មានការ​អញ្ជើញ​ចូលរួម​ផង​ដែរ ពី​សំណាក់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល សមាជិក សមាជិការ​សភា អង្គទូត សាស្ត្រាចារ្យ និស្សិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ការ​រៀបចំ​ពិធី​រម្លឹក​ខួប​នេះ​មាន​គោលដៅ​រំលេច​ពីសារ​សំខាន់​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ក្នុង​ការ​ស្តារ​សន្តិភាព​នៅ​កម្ពុជា​ឡើង​វិញ​បន្តិច​ម្តង​ៗ ក៏​ដូច​ជា​ការ​ទទួល​បាន​មក​វិញ​នូវ​អធិបតេយ្យភាព និង​តួនាទី​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​៕