ប្រធានាធិបតី​ចិន​៖ ចិន​-​កម្ពុជា ជា​អ្នក​ជិតខាង​ល្អ និង​មិត្តភក្តិ​ពិតប្រាកដ ដែល​រួមចិត្ត​រួម​ថ្លើម

ប្រធានាធិបតី​ចិន​៖ ចិន​-​កម្ពុជា ជា​អ្នក​ជិតខាង​ល្អ និង​មិត្តភក្តិ​ពិតប្រាកដ ដែល​រួមចិត្ត​រួម​ថ្លើម



ភ្នំពេញ​:  លោក​ស៊ី ជី​ន​ភីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែង​ថា លោក​ពិតជា​មាន​សេចក្តី​សោម​ន្ស​ក្រៃ​លែង និង​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម ដែល​បាន​មក​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដ៏​ស្រស់​ស្អាត​។ ក្នុង​នាម​រដ្ឋាភិបាល និង​ប្រជាជន​ចិន  ក៏​ដូច​ជា​ក្នុង​នាម​លោក​ផ្ទាល់ សូម​សួរសុខទុក្ខ​ដ៏​ស្មោះស្ម័គ្រ និង​ប្រសិទ្ធពរ​ជូន​ប្រជាជន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ប្រធានាធិបតី​ចិន​បាន​បន្ត​ថា កម្ពុជា​ជា​សមាជិក​សំខាន់​នៃ​សមាគម​អាស៊ាន ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​នៃ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី  នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​សមិទ្ធផល​ផ្លែផ្កា លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ដើរតួ​នាទី​កាន់តែ​សំខាន់​ក្នុង​កិច្ចការ​តំបន់​និង​អន្តរជាតិ​។ 

ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ជា​អ្នក​ជិតខាង​ល្អ និង​មិត្តភក្តិ​ពិតប្រាកដ ដែល​រួមចិត្ត​រួម​ថ្លើម​។ ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​សម្តេច ព្រះ​នរោត្តម  សីហ​នុ ទ្រង់មាន​ព្រះរាជ​បន្ទូល​ថា មិត្តភាព​ដ៏​រឹង​មាំ​និង​យូរអង្វែង​រវាង​កម្ពុជា និង​ចិន ហាក់ដូចជា​បុ​ប្ឆា​ស្រស់​មួយ​ទង​ដែល​មិន​ចេះ​រុះ​រោយ និង​រីក​ស្គុះស្គាយ​ជា​អមតៈ ក្រោម​ផ្ទៃមេឃ​ដ៏​ភ្លឺ​ស្រឡះ​។​ក្នុងអំឡុងពេល​៥៨​ឆ្នាំ ក្រោយ​ពី​ប្រទេស​ទាំង​ទាំង​ពីរ​បាន​បង្កើត​ទំនាក់ទំនង​ផ្លូវ​ការទូត​មកនេះ មិត្តភាព​ដែល​អ្នកដឹកនាំ​ជំនាន់​មុន​នៃ​ប្រទេស​ទាំង​ពីរ បាន​បង្កើត​ឡើង​និង​ថែរក្សា​បាន​យ៉ាង​ល្អ​ប្រសើរ បាន​ឆ្លងកាត់​ការ​សាកល្បង​នៃ​ការ​ប្រែប្រួល​លើ​ផ្ទៃ​អន្តរជាតិ និង​អភិវឌ្ឍ​ឈាន​ឡើងជា​បន្តបន្ទាប់​។

ការ​អភិវឌ្ឍន៍​កាន់តែ​ស៊ីជម្រៅ និង​កិច្ច​សហប្រតិបត្តិការ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំង​ពីរ មិន​គ្រាន់តែ​នាំ​មក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ជូន​ប្រទេស និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ថែម​ទាំង​រួមចំណែក​យ៉ា​សកម្ម​ក្នុង​ការ​រក្សា​បាន​នូវ​សន្តិភាព​និង​វិបុលភាព​ក្នុង​តំបន់​និង​អន្តរជាតិ​។

លោក​ស៊ី ជី​ន​ភីង បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា តាម​របៀបវារៈ លោក​ចូល​គាល់​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី និង​សួរសុខទុក្ខ​សម្តេច ព្រះ​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហ​នុ ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច ហ៊ុន សែន ព្រមទាំង​សំណេះសំណាល​ជាមួយ​ប្រជាជន​គ្រប់​លំដាប់ថ្នាក់ នៃ​ប្រទេស​កម្ពុជា​។ ដោយ​លោក​បាន​បញ្ជាក់​ថា “​ខ្ញុំ​សង្ឃឹម ផ្លាស់​ប្តូរ​យោបល់​ជាមួយ​អ្នកដឹកនាំ​កម្ពុជា​អំពី​បញ្ហា​ទ្វេភាគី និង​បញ្ហា​សំខាន់​ៗ ដែល​ភាគី​សងខាង​យកចិត្តរ​ទុកដាក់​ដូច​គ្នា​។ ខ្ញុំ​ជឿជាក់​ថា ក្រោម​ការ​ខិតខំ​ប្រឹងប្រែង នៃ​ភាគី​ទាំង​ពីរ ដំណើរ​ទស្សនកិច្ច​លើក​នេះ នឹង​ទទួល​បាន​សមិទ្ធផល​តាម​ការ​គ្រោងទុក ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ចិន និង​កម្ពុជា ឡើង​ខឿន​ថ្មី  ដើម្បី​នាំ​មក​នៅ​ផលប្រយោជន៍​កាន់តែ​ច្រើន​ជូន​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​”៕