ចង់​ជួប​​កូនស្រី​ទាំង​យប់ កូន​មិន​ចេញ​មក​​ស្រែក​ឡូឡា​ឡើង​ផ្អើល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​មក​ជួប​កូនស្រី​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ តែ​ដោយសារ​ឃើញ​ឪពុក​ស្រវឹងស្រា​ជោកជាំ​កូនស្រី​មិន​ហ៊ាន​ចេញ​មក​ជួប​ទេ ធ្វើ​ឲ្យ​ឪពុក​ខឹង​យ៉ាង​ខ្លាំង​ស្រែក​ឡូឡា​ផ្អើល​អ្នក​ជិតខាង​និង​សមត្ថកិច្ច​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៩ នៅ​ចំណុច​ក្រោយ​ផ្សារ​ទំនើប​សុ​វ​ណ្ណា ស្ថិត​នៅ​ក្នុងភូមិ​ប្អៀ​រ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​។

ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធដើម​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា គាត់​មាន​ប្តី​ដើម​ជា​មេការ​សំណង់ មានកូន​ស្រី​២​នាក់ ដោយ​កូនច្បង​អាយុ​១៤​ឆ្នាំ និង​កូន​ប្អូន​អាយុ​១០​ឆ្នាំ តែ​បាន​លែងលះ​គ្នា​រយៈពេល​៦​ឆ្នាំ​មក​ហើយ ។ បន្ទាប់​ពី​លែងលះ​គ្នា​បាន​៣​ឆ្នាំ គាត់​បាន​មាន​ប្តី​ក្រោយ​ម្នាក់​ទៀត​រស់នៅ​ជាមួយ​គ្នា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​តែ​មិន​មានកូន​ទេ ដោយ​ប្រកប​របរ​លក់ដូរ​ចាប់ហួយ​នៅផ្ទះ ចំណែក​ប្តី​ដើម​មាន​ប្រពន្ធ​ម្នាក់​ទៀត​បានកូន​៣​នាក់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​មិនដឹង​ថា​ប្តី​ដើម​របស់​គាត់​មក​ពី​ផឹកស៊ី​ស្រវឹង​នៅឯណា​ទេ បាន​បើករថយន្ត​ម៉ាក TACOMA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-7820 មក​ឈប់​នៅ​មុខ​ផ្ទះ​របស់​គាត់​ចង់​ជួប​កូនស្រី​របស់​គាត់​ទាំង​រំលង​អធ្រាត្រ ពេល​នោះ​កូនស្រី​ច្បង​ឃើញ​ប៉ា​របស់​ខ្លួន​ស្រវឹង​មិន​ហ៊ាន​ចេញ​ទៅ​ជួប​ទេ  ធ្វើ​ឲ្យ​អតីត​ប្តី​ខឹងសម្បារ​យ៉ាង​ខ្លាំង​ក៏​ស្រែក​ឡូឡា​ផ្អើល​ដល់​អ្នក​ជិតខាង និង​សមត្ថកិច្ច​មក​ណែនាំ​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​គាត់​មិន​ព្រមទៅ​ទេ បែរជា​បើករថយន្ត​របស់​គាត់​យ៉ាង​លឿន​បម្រុង​បុក​គេ​បុក​ឯង​ទៀត​ផង ទើប​បើករថយន្ត​ត្រឡប់​ទៅ​វិញ​បាត់ ស្រាប់តែ​បាន​មួយសន្ទុះ​បើករថយន្ត​ត្រឡប់​មក​វិញ បាន​និយាយ​ជាមួយ​កូនស្រី​ថា គាត់​ខំ​ស្រលាញ់​កូន​ខ្លាំង​ណាស់ តែងតែ​ឲ្យ​ប្រាក់​កូន បែរជា​ចង់​ជួប​មុខ​កូន​កូន​មិន​ព្រម​ចេញ​មក​ជួប​ទៅ​វិញ មិនតែប៉ុណ្ណោះ​បុរស​ខាងលើ​បាន​និយាយ​ថា គាត់​បាន​បាត់ប្រាក់​ចំនួន​៧០០​ដុល្លារ ប៉ុន្តែ​អតីត​ប្រពន្ធ​ប្រាប់​ថា មិនឃើញ​ប្រាក់​ទេ មិនដឹង​ថា គាត់​ផឹកស៊ី​ជាមួយ​អ្នក​ណា​គេ បាត់​នៅ​កន្លែង​ទេ បែរជា​ចោទ​ថា​បាត់​នៅ​ទី​នេះ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​បុរស​ជា​អតីត​ប្តី​តែងតែ​មក​លេង​កូនស្រី​ទាំង​២​នាក់​ជា​ញឹកញាប់ និង​ផ្តល់​ប្រាក់​កាក់​ឲ្យ​កូន ទើប​នៅ​យប់​កើតហេតុ​ខាងលើ​ពេល​ដែល​ស្រវឹងស្រា​កូន​មិន​ព្រម​ចេញ​មក​ជួប​មុខ ធ្វើ​ឲ្យ​គាត់​ខឹង​ស្រែក​ឡូឡា​ផ្អើល​អ្នក​ជិតខាង ទាល់តែ​កូនស្រី​ចេញ​មក​អង្វរ​លួងលោម​ទើប​បុរស​ជា​ឪពុក​បាន​បើករថយន្ត​ចេញ​ទៅ​បាត់ ៕