សាក្សី​អះអាង​ថា​បាន​ឃើញ​ការ​សម្លាប់​ទាហាន លន់ នល់ នៅ​បាត់ដំបង

សាក្សី​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ប្រាប់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ថា លោក​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដែល​យោធា​ខ្មែរ​ក្រហម​សម្លាប់​ទាហាន លន់ នល់ នៅ​ខេត្ត​បាត់ដំបង។ ការ​អះអាង​របស់​សាក្សី គឺ​នៅ​ពេល​ដែល​ចៅក្រម​សួរ​ដេញដោល​រក​រចនាសម្ព័ន្ធ​យោធា​នៅ​តំបន់​នោះ។

សាក្សី​ជា​អតីត​សមាជិក​យោធា​ខ្មែរ​ក្រហម ឈ្មោះ ជាល ជឿន អះអាង​ថា លោក​ជា​អ្នក​យាម​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនាប្រមុខ លន់ នល់ ដែល​គេ​យក​ទៅ​បាញ់​សម្លាប់​ចោល នៅ​ភ្នំ​ធិបតី ក្នុង​ខេត្ត​បាត់ដំបង៖ «គឺ​គេ​យក​អ្នក​ការពារ​ហ្នឹង​ទៅ​មុន ហើយ​គេ​ប្រាប់​ថា ការពារ​ទាហាន​ទទួល​សម្ដេច។ ដល់​ពេល​គេ​យក​ទាហាន​ទទួល​សម្ដេច​ហ្នឹង​ទៅ ពេល​ទាហាន​ហ្នឹង​កំពុង​តែ​ចុះ​ដើរ អា​ហ្នឹង​បាន​ឮ​ស្នូរ​អាវុធ​បាញ់​ពី​ខ្នង​ទាហាន បណ្ដោយ​ជួរ​ទាហាន​ហ្នឹង។ អ្នក​ដែល​ទៅ​ការពារ​ទាហាន​ហ្នឹង មាន​អ្នក​គ្រប់គ្រង​នៅ​ទី​ហ្នឹង គេ​រត់​បញ្ជា​ទាហាន​ដែល​ការពារ​ហ្នឹង​ឲ្យ​បាញ់។ អា​ហ្នឹង​ខ្ញុំ​បាន​ដឹង​អ៊ីចឹង។ ហេតុការណ៍​ហ្នឹង គឺ​នៅ​ពេល​ដែល​ខ្មែរ​ក្រហម​បាន​ជ័យ​ជម្នះ​ភ្លាម នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៥។ ទាហាន លន់ នល់»

លោក ជាល ជឿន បញ្ជាក់​បន្ថែម​ថា ការ​បាញ់​សម្លាប់​ទាហាន លន់ នល់ គឺ​មិន​យូរ​ប៉ុន្មាន ក្រោយ​ពេល​ដែល​កងទ័ព​ខ្មែរក្រហម​ទទួល​បាន​ជ័យជម្នះ ហើយ​ចូល​គ្រប់គ្រង​អំណាច​នៅ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ ពួក​គេ​បាន​បញ្ឆោត​ទាហាន​ទាំង​នោះ​ថា ឲ្យ​ទៅ​ទទួល​សម្ដេច​ព្រះ នរោត្ដម សីហនុ។

ក្រៅ​ពី​ការ​កាប់​សម្លាប់​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់ ពេល​ដែល​គេ​ទទួល​បាន​ជ័យជម្នះ​ភ្លាមៗ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ នោះ មាន​សាក្សី​ជា​ច្រើន​និយាយ​ថា ពួក​កម្មាភិបាល​ខ្មែរ​ក្រហម​នៅ​ខេត្ត​បាត់ដំបង ក្នុង​ភូមិភាគ​ពាយ័ព្យ ក៏​បាន​បន្ត​ការ​កាប់​សម្លាប់​ពលរដ្ឋ​កម្ពុជា ជា​ហូរហែ​បន្ត​ទៀត នៅ​ក្នុង​របប​ខ្មែរក្រហម​នោះ។ ពួក​គេ​បង្អត់​បាយ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ជម្លៀស​ពី​ក្រុង​ភ្នំពេញ ហើយ​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើការ​ហួស​កម្លាំង។

នៅ​ឆ្នាំ​១៩៧៨ កម្មាភិបាល​ខ្មែរ​ក្រហម​នៅ​ភូមិភាគ​ពាយ័ព្យ​ទាំង​នោះ ត្រូវ​បាន​គណៈមជ្ឈិម​បក្ស​កម្ពុជា ចោទ​ថា ជា​អ្នក​ក្បត់​វិញ​ម្ដង ហើយ​ត្រូវ​បាន​គេ​ចាប់​ខ្លួន។ កម្មាភិបាល​ខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​សួរ​ចម្លើយ និង​សម្លាប់​ចោល​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួល​ស្លែង។

សាក្សី ជាល ជឿន ដែល​ក្រោយ​មក​អង្គការ​ដក​ឲ្យ​ទៅ​ធ្វើ​ការ​ជា​កម្មករ​ជួសជុល​ផ្លូវ​ដែក ឆ្លើយ​តប​អង្គ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​១៣ តុលា ថា លោក​មិន​ដឹង​ពី​គម្រោង​ក្បត់​របស់​កម្មាភិបាល​នៅ​ភូមិ​ភាគ​ពាយ័ព្យ​ទេ។ ប៉ុន្តែ​លោក​បាន​ដឹង​អំពី​ការ​ហ្វឹកហាត់​ទាហាន​ដោយ​លួច​លាក់៖ «កម្មករ​រថភ្លើង​ហ្នឹង មិន​ថា ១៧ មិន​ថា​មូលដ្ឋាន​អី​ទេ ឲ្យ​តែ​កម្មករ​ទាំង​ចាស់​ទាំង​ថ្មី​ហ្នឹង គេ​ឲ្យ​ហាត់​បច្ចេកទេស​សង្គ្រាម​នៅ​តាម​អង្គភាព​រៀងៗ​ខ្លួន។ បំបែក​ជា​ក្រុមៗ ហើយ​មិន​ឲ្យ​អង្គភាព​ដទៃ​ឃើញ អា​ហ្នឹង​ខ្ញុំ​ដឹង។ ពេល​ហ្នឹង​គេ​អត់​ប្រាប់​ពី​បុព្វហេតុ​អី​មួយ​ច្បាស់លាស់​ផង គ្រាន់​តែ​ថា គេ​ឲ្យ​ហាត់ ហើយ​លាក់​ការណ៍​ឲ្យ​ស្ងាត់ ហើយ​មិន​ឲ្យ​អង្គភាព​ផ្សេង​ទៀត​ដឹង​ទេ»

ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​របប​ខ្មែរក្រហម​នោះ រហូត​មក​ដល់​ពេល​នេះ មិន​មាន​មេដឹកនាំ​ខ្មែរ​ក្រហម​ណា​ទទួល​ខុស​ត្រូវ​ទេ ហើយ​តែង​តែ​ទម្លាក់​កំហុស​ដាក់​គ្នា។ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង បាន​ទទួល​ស្គាល់​ការ​ទទួល​ខុសត្រូវ​ការ​សម្លាប់​នៅ​គុក​ទួល​ស្លែង។ ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ជា​រឿយៗ ឆ្លើយ​ថា មិន​ដឹង ហើយ​មិន​ទទួល​ខុសត្រូវ​ការ​កាប់​សម្លាប់​នោះ​ឡើយ។

លោក ជាល ជឿន នឹង​ត្រូវ​មក​បន្ត​សក្ខីកម្ម​របស់​លោក​ទៀត នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ តុលា សប្ដាហ៍​ក្រោយ។ បន្ទាប់​ពី​សាក្សី​រូប​នេះ អង្គ​ជំនុំជម្រះ​គ្រោង​ស្ដាប់​សក្ខីកម្ម​សាក្សី​ថ្មី​មួយ​រូប​ទៀត ដែល​មាន​ឈ្មោះ​ជា​លេខ​កូដ​ថា 2-TCW-1037៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។