MONICA ៖ មេរៀន​ជីវិត​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង ៣ យ៉ាង​ដែល​ខ្ញុំ​រៀន​ពី​វីរជន​នៅ​ជុំវិញ​ខ្លួន​

គ្មាននរណាម្នាក់ដែលកើតមកចេះគ្រប់យ៉ាងដូចជាក្នុងខ្សែភាពយន្តនោះទេ អ្នកជំនួញល្បីៗ អ្នកវិទ្យាសាស្ត្រ ឬ វិស្វករល្បី មុនដំបូងគេសុទ្ធតែមិនដឹងថាតើគួរទៅកន្លែងណា ឬ ដោយរបៀបណានោះទេ ប៉ុន្តែពួកគេបានចេញដំណើរពីចំណុចមួយគឺចំណុចចាប់ផ្ដើម ហើយចាប់យកមេរៀន និងបទពិសោធន៍ពីមនុស្សដែលធ្លាប់ឆ្លងកាត់មុនពួកគេ។

ទាក់ទងនឹងប្រធានបទនេះលោកស្រី Monica Eaton-Cardone ដែលជាសហគ្រិន និងជាអ្នកដឹងនាំពាណិជ្ជកម្មមួយរូប បានធ្វើការចែករំលែកនូវបទពិសោធន៍ ក៏ដូចជា មេរៀនជីវិតដ៏គួរឲ្យស្ញប់ស្ញែង ៣ យ៉ាងដែលគាត់បានរៀនពីវរបុរសនៅជុំវិញខ្លួន (អ្នកមានគុណ) របស់គាត់។

មេរៀនទី ១ ៖ គ្មានអ្វីដែលមិនអាចទៅរួចនោះទេ

លោកយាយ Eva Mae Becker-Newman របស់ខ្ញុំ ( ខ្ញុំ = Monica Eaton-Cardone) បានបង្រៀនខ្ញុំនូវមេរៀនដ៏មានតម្លៃមួយនេះ ។ គាត់បានកើតនៅគ្រួសារជាសិល្បៈករនៅអឺរ៉ុប ហើយគាត់ក៏មិនខុសគ្នាប៉ុន្មានដែរ នៅពេលគាត់ធំឡើងក៏បានក្លាយទៅជា សិល្បករបាលេ (អ្នករាំរបាំបាលេ) និងជាតារាបង្ហាញម៉ូត។ ប៉ុន្តែមុនថ្ងៃខួបកំណើតអាយុ ៣០ ឆ្នាំរបស់គាត់ គាត់បានជួបឧប្បត្តិហេតុ ដែលបណ្ដាលឲ្យគាត់ត្រូវបាក់ជើង។

គ្រូពេទ្យបានប្រាប់គាត់ថា គាត់នឹងមិនអាចដើរបាននោះទេ ហើយគាត់រឹតតែមិនអាចមានគ្រួសារបានទៅទៀត។ ប៉ុន្តែគាត់មិនបានចុះចាញ់នោះទេ គាត់មិនអនុញ្ញាតឲ្យទុក្ខលំបាកបន្តិចបន្តួចជាអ្នកកំណត់លក្ខខ័ណ្ឌជីវិតរបស់គាត់នោះទេ គាត់បានព្យាយាមប្រើជើងទាំង ២ របស់គាត់ តាមតែអាចធ្វើទៅបាន ជាចុងក្រោយគាត់បានក្លាយទៅជាអ្នកម្ដាយកូន ៣ មួយរូប រហូតដល់មានចៅជាច្រើន ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ។

ចំណុចចង់ចាំ ៖ កុំអនុញ្ញាតឲ្យនរណាម្នាក់ប្រាប់ថា អ្នកអាចធ្វើអ្វីបាន អ្នកមិនអាចធ្វើអ្វីបាន ជីវិតរបស់អ្នក គឺអ្នកជាអ្នកកំណត់ដោយខ្លួនឯង។

មេរៀនទី ២ ៖ សត្រូវដ៏ធំបំផុតរបស់ភាពល្អឥតខ្ចោះគឺ “ល្អគ្រប់គ្រាន់ហើយ”

ពាក្យនេះគឺខ្ញុំបានរៀនពីលោកគ្រូកីឡាម្នាក់កាលពីរៀននៅវិទ្យាល័យ។ ដោយសារតែឪពុកម្ដាយខ្ញុំត្រូវរើផ្ទះទៅកាន់ទីក្រុងថ្មី ខ្ញុំបានផ្លាស់ប្ដូរសាលាដែលធ្វើឲ្យខ្ញុំក្លាយជាសិស្សថ្មីនៅសាលានោះ ។ ប៉ុន្តែកីឡាបានធ្វើឲ្យខ្ញុំកាន់តែមានទំនុកចិត្ត ហើយធ្វើខ្ញុំបានសម្រាកខួរក្បាលពីកិច្ចការសាលា ខ្ញុំក៏បានចូលក្រុមប្រកួតបាល់បោះនារី ។

ជាមួយនឹងគ្រូបង្វឹកលោក Barnes គាត់មិនមែនជាមនុស្សដែលមានភាពអស្ចារ្យ ក៏ដូចជាក្ដីមេត្តានៅក្នុងខ្លួននោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំចូលចិត្តគាត់នោះគឺ ទស្សនវិស័យក្នុងយកឈ្នះការប្រកួតរបស់គាត់ គាត់បានណែនាំឲ្យអ្នកទាំងអស់គ្នាខិតខំវឹកហាត់ បើសិនជា ១០០ ភាគរយគ្រប់គ្រាន់ដើម្បីឈ្នះ យើងត្រូវធ្វើឲ្យបាន ១១០ ភាគរយ។ ដោយសារតែការខិតខំប្រឹងប្រែងពួកយើងក៏ទទួលបានជ័យជំនះលើការប្រកួត

ចំណុចចង់ចាំ ៖ អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នក កុំប្ដូរការខិតខំរបស់អ្នកជាមួយនឹងលទ្ធផលត្រឹមតែ ល្អគ្រប់គ្រាន់ ប៉ុន្តែត្រូវតែប្ដូរជាមួយនឹងលទ្ធផលដែលល្អឥតខ្ចោះ។

មេរៀនទី ៣ ៖ រៀនពីកំហុសឆ្គងរបស់អ្នក

នៅខណៈពេលដែលខ្ញុំកំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យខ្ញុំស្វែងរកបានការងារមួយ ជាជំនួយការកាន់ឃ្លាំង ( warehouse assistant ) នៅក្នុងក្រុមហ៊ុន ដេគ័រមួយ ដែលវាជាការងារដំបូងរបស់ខ្ញុំ។ ជាមួយការងារនេះខ្ញុំគ្មានបទពិសោធន៍នោះទេ ហើយខ្ញុំត្រូវរៀននូវអ្វីផ្សេងជាច្រើន ។

ប៉ុន្តែនៅថ្ងៃមួយខ្ញុំក៏បានសាងកំហុសមួយឡើង គឺខ្ញុំបានកាត់ក្រដាសសម្រាប់បិទជញ្ជាំងខ្លីជាងតម្រូវការរបស់ភ្ញៀវ បន្ទាប់មកទៀតខ្ញុំក៏បានសាងកំហុសមួយទៀតគឺសន្យាប្រគល់ទំនិញ ដែលការពិតទំនិញទាំងនោះមិនមាននៅក្នុងឃ្លាំងនោះទេ ។ ជាមួយនឹងកំហុសផ្ទួនៗបែបនេះ ខ្ញុំគួរតែត្រូវបានគេដេញចេញ ប៉ុន្តែចៅហ្វាយរបស់ខ្ញុំមិនបានធ្វើដូច្នោះនោះទេ ។

គាត់មិនត្រឹមតែមិនដេញចេញ និងពិន័យនោះទេ គាត់ថែមទាំងបង្ហាញខ្ញុំនូវកំហុសឆ្គងដែលខ្ញុំមាននិងរបៀបកែប្រែវាទៀតផង ជាងនេះទៅទៀតគាត់បានបង្រៀននូវចំណេះដឹងជាច្រើនដែលជាគន្លឹះសម្រាប់ជោគជ័យក្នុងជីវិត។

គាត់បានពន្យល់ថា ការមានទំនុកចិត្ត ការព្យាយាម ការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្ត ត្រូវតែផ្សាភ្ជាប់ជាមួយនឹង ការសម្របខ្លួន ការបន្ទាប់ខ្លួន និងការមានឆន្ទក្នុងការរៀនពីអ្វីដែលថ្មី នៅពេលដែលអ្នកមានប៉ុន្មានយ៉ាងនេះមានន័យថាអ្នកមានកូនសោនៃភាពជោគជ័យរួចបាត់ទៅហើយ។

ចំណុចចង់ចាំ ៖ កុំខ្លាចថាអ្នកនឹងសាងកំហុស ពីព្រោះកំហុសនឹងបង្រៀនអ្នកនូវមេរៀនក៏ដូចជាបទពិសោធន៍ដ៏ល្អដែលអ្នកមិនធ្លាប់បានដឹង ៕

  • MONICA ៖ មេរៀន​ជីវិត​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង ៣ យ៉ាង​ដែល​ខ្ញុំ​រៀន​ពី​វីរជន​នៅ​ជុំវិញ​ខ្លួន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ចំនេះដឹង
Tags: