មេ​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព​និង​មាន​លាយ​សារធាតុ​គីមី​

រឿងអាស្រូវ​ពុករលួយ​របស់លោក ជា នី មេ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ទំនិញ​ខូចគុណភាព និង​ចំណីអាហារ​ដែលមាន​លាយ​សារ​ធាតុគីមី ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ត្រូវបាន​គេ​ទម្លាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ទាំង​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង ក៏ដូចជា​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម មិនទាន់​ចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ​ដូចជា លោក ជា នី នោះទេ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ខិលខូច​នៅតែ​អាច​នាំចូល​ទំនិញ​ផុត​កាលកំណត់​ប្រើប្រាស់ ទំនិញ​ខូចគុណភាព បន្លែ ផ្លែឈើ និង​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ ដែល​មានប្រើ​សារធាតុ​គីមី​ចូលមក​ចែកចាយ​ពេញទី​ផ្សារ​កម្ពុជា​។

ប្រភពពី​សមត្ថកិច្ច​តូចតាច​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម បាន​ឲ្យ​ដឹងថា ទំនិញ​ជាច្រើន​ប្រភេទ​ជាពិសេស​គ្រឿងឧបភោគ​បរិភោគ​ត្រូវបាន​ឈ្មួញ​នាំចូល​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក ដើម្បី​ចែកចាយ​ក្នុង​ទីផ្សារ​ខេត្តកោះកុង ក៏ដូចជា​ដឹកជញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀតផង​ដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃៗ​ឈ្មួញ​នាំចូល​សាច់មាន់ ជង្គង់​មាន់ ស្លាបមាន់ គ្រឿងក្នុង​មាន់ និង​ប្រហិត​ខូចគុណភាព​រាប់សិប​តោន​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ ដោយសារ​មានការ​ឃុបឃិត​ជាមួយ​លោក ជា នី មេ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត​។ ក្នុងនាម​ជាម​ន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម លោក ជា នី មិនបាន​ត្រួតពិនិត្យ​គុណភាព​ទំនិញ​តាម​តួនាទី​របស់ខ្លួន​នោះទេ គឺ​គិតតែ​ពី​រឿង​ពិនិត្យ​លុយ​ឈ្មួញ​យក​ញាត់​ហោប៉ៅ​ប៉ុណ្ណោះ​។

មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ជា នី មេ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ទំនិញ​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគ​ដែលមាន​លាយ​សារធាតុ​គីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​បានឡើយ​។ មជ្ឈដ្ឋាន​មួយចំនួន​មានការ​សង្ស័យថា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង និង​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ មេ​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​លោក ជា នី មេ​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ការ​នាំចូល​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ និង​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី គឺជា​ចេតនា​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​មន្ត្រី​ពុករលួយ និង​ឈ្មួញ​ខិលខូច​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​៕

14713634_1142459229180999_7480075600071730320_n 14671176_1142459172514338_7593645067095409788_n 14729111_1142459195847669_866038871192914780_n-copy