ហេតុអ្វី​ជនជាតិ​យួន​នៅតែ​អាច​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត​?

ព័ត៌មាន​ស្ដីពី​ករណី​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អណ្ដូង​មាស ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បានកើត​ឡើងជា​បន្តបន្ទាប់ ហើយ​មាន​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា ទាល់តែ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ឈរជើង​តាម​ព្រំដែន​ទើប​ជនជាតិ​យួន​អាច​ឆ្លងដែន​ចូលមកក្នុង​ទឹកដី​ខ្មែរ​បាន​ដោយ​ស្រួល​។ ឥឡូវនេះ​ជនជាតិដើម​ភាគតិច​រស់នៅ​ភូមិ​តាំង​លោម ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ជាប់​ព្រំដែន​យួន​បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​នៅតែ​បន្ត​ឆ្លងដែន​ចូលមក​កាប់​ឈើ​ក្បែរ​ប៉ុស្ដិ៍​តម្រួតការពារ​ព្រំដែន​ខ្មែរ​។ ហេតុនេះហើយ​ទើប​ជនជាតិដើម​ភាគតិច​ចោទប្រកាន់​សមត្ថ​កិច្ចកា​រពារ​ព្រំដែន ថា​ជា​អ្នក​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ ជនជាតិដើម​ភាគតិច​រស់នៅ​ក្នុងភូមិ​តាំង​លោម ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស បាន​ឲ្យ​ដឹងថា ពួកគាត់​បានឃើញ​ជន​ជាតិ​យួន​២១​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​កាប់​ឈើ ឧបករណ៍​ទាញ​ឈើ និង​ប្រើប្រាស់​ម៉ូតូ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ពី​ទឹកដី​ខ្មែរ​ចូល​ទឹកដី​យួន​។ ជនជាតិដើម​ភាគតិច​ភូមិ​តាំង​លោម បាន​ឲ្យ​ដឹងថា ពួកគាត់​ដើរល្បាត​ការពារ​ព្រៃឈើ​នៅក្បែរ​ប៉ុស្ដិ៍​តម្រួតការពារ​ព្រំដែន ហើយ​ឃើញ​ជនជាតិ​យួន​ឆ្លង​ទូក​ពី​ត្រើយម្ខាង​នៃ​ទន្លេ​ក្នុង​ទឹកដី​យួន​មក​ចត​ចម្ងាយ​៥០០​ម៉ែត្រ​ពី​ប៉ុស្ដិ៍​ផា​តាម ហើយ​ចូល​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​។ តំណាង​សហគមន៍​ភូមិ​តាំង​លោម បាន​ឲ្យ​ដឹងថា ដោយសារ​ពួកគាត់​មាន​គ្នា​តែ​៣​នាក់ ហើយ​ជនជាតិ​យួន​មាន​គ្នា​ដល់​ទៅ​២១​នាក់ ដូច្នេះ​ពួកគាត់​មិនអាច​ទប់ស្កាត់​បានឡើយ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ភូមិ​តាំង​លោម ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស បាន​អំពាវនាវ​ឲ្យ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​ខ្មែរ​តទៅទៀត​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​តាំង​លោម បាន​រិះគន់ថា បើ​គ្មាន​ការ​បើកដៃ​ពី​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ច្រក​ផា​តាម​ទេនោះ គឺ​ជនជាតិ​យួន​មិន​ហ៊ាន​ឆ្លងដែន​ចូលមក​កាប់​ឈើ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ដូច្នេះ​អភិបាលខេត្ត​រតនគិរី ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត​នេះ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​សមត្ថកិច្ច​ប្រចាំ​ច្រក​ផា​តាម​ខ្លះ​ផង​។ ទន្ទឹមនឹងនេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ការពារ​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ច្រក​ផា​តាម​គឺជា​កន្លែង​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត ហើយ​នៅ​តំបន់​ក្បែរ​ច្រក​នេះ តែងតែមាន​ជនជាតិ​យួន​ឆ្លងដែន​ចូលមក​កាប់​ឈើ ហើយ​ដឹកជញ្ជូន​ទៅ​ទឹកដី​របស់គេ​យ៉ាង​រលូន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​៕

%e1%9e%a2%e1%9e%97%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%9b%e1%9e%81%e1%9f%81%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%9a%e1%9e%8f%e1%9e%93%e1%9e%82%e1%9e%b7%e1%9e%9a%e1%9e%b8-3

លោក ថង សាវុន អភិបាលខេត្តរតនគិរី 

image
​ ​