លោក ហ៊ុន ម៉ា​ណែ​តពិសា​អាហារ​សាមគ្គីជាមួយ​ពាណិជ្ជករអាជីវករ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល

លោក ហ៊ុន ម៉ា​ណែ​តពិសា​អាហារ​សាមគ្គីជាមួយ​ពាណិជ្ជករអាជីវករ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល



ភ្នំពេញ​: នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច ថ្ងៃ​ទី​១៣ ខែតុលា ត្រូវជា​ថ្ងៃ​ទី​៧ នៃ​ដំណើរ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លៀតពេល​ដ៏​មមាញឹក មក​ពិសា​អាហា​សាមគ្គី និង​សំណេះសំណាល ជាមួយ​បងប្អូន​ពាណិជ្ជករ អាជីវករ​ខ្មែរ ដើម្បី​ស្វែង​យល់ អំពី​សុខទុក្ខ និង​បង្កើន​ភាព​ស្និទ្ធស្នាល នៃ​ការ​រាប់អាន រវាង​ខ្មែរ​និង​ខ្មែរ​។

នៅ​ក្នុង​ជំនួប​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​បង្ហាញ​អំពី សក្តានុពល និង​ការ​វិវត្តន៍​ថ្មី​ៗ ក៏​ដូច​ជា សន្តិសុខ សន្តិភាព និង​ការ​អភិវឌ្ឍ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក បាន​បង្ហាញ​ពី​សក្តានុពល នូវ​វិស័យ​ផ្សេង​ៗ សម្រាប់​បងប្អូន​ពាណិជ្ជករ អាជីវករ​ខ្មែរ នៅ​ក្នុង​ការ​ស្វែងរក ឱកាស​នៃ​ការ​វិនិយោគ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជា​ប្រយោជន៍ ខ្មែរ​ជួយ​ខ្មែរ និង​បន្សល់​ទុក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

លោក បាន​បង្ហាញ​ពី​មោទនភាព ដែល​សមត្ថ​ភារ​បស់ ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​គឺ​យុវជន ដែល​បាន​អភិវឌ្ឍ ឥត​ឈប់​ឈរ ដើម្បី​ឆ្លើយ​តប ទៅ​នឹង​តម្រូវការ​ការងារ និង​ជា​សមត្ថភាព នៅ​ក្នុង​ការ​ធ្វើការ និង​ការ​រៀនសូត្រ នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ហើយ​នេះ​គឺជា ចំណុច​មួយ​ដ៏​សំខាន់ ទាក់ទង​ទៅ​នឹង​ធនធានមនុស្ស នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដូច​ច្នេះ លោក បាន​ស្នើ​អោយ បងប្អូន​ពាណិជ្ជករ និង​អាជីវករ​ខ្មែរ ពិចារណា​នូវ​ឱកាស ដែល​មាន​សម្រាប់ ការ​វិនិយោគ នៅ​ក្នុង​ប្រទេស គឺ​ទី​១ ប្រទេស​កម្ពុជា គឺជា​ប្រទេស ដែល​មាន​សុខ​សន្តិភាព ពេញលេញ ហើយ​ជា​ប្រទេស ដែល​មាន​សក្តានុពល ទៅ​លើ​វិស័យ​ជា​ច្រើន ហើយ​សមត្ថភាព របស់​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន ត្រូវ​បាន​អភិវឌ្ឍន៍​។ ដូច្នេះ​លោក បាន​លើកទឹកចិត្ត និង​សម្របសម្រួល ទៅ​លើ​វិស័យ​ជា​ច្រើន និង​សម្របសម្រួល អោយ​មាន​យន្តការ ងាយស្រួល សម្រាប់​អោយ​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​ពាណិជ្ជករ អាជីវករ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី មានឱកាស​ទៅ​វិនិយោគ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ស្តាប់ និង​ទទួលយក​នូវ​សំណូមពរ និង​សំណួរ​មួយ​ចំនួន ពី​បងប្អូន​ពាណិជ្ជករ អាជីវករ​ខ្មែរ នៅ​អូស្ត្រាលី ដើម្បី​ស្វែងរក​នូវ​យន្តការ សម​ស្រប ក្នុង​ការ​ទំនាក់ទំនង ងាយស្រួល ដើម្បី​អោយ​បងប្អូន មានឱកាស​កានតែ​ច្រើន ឡើង​ថែម​ទៀត ក្នុង​ការ​វិនិយោគ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទាំង​អស់នេះ គឺជា​ការ​ចូលរួម​ចំណែក ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស និង​ការ​ជួយ​ទៅ​ដល់​ខ្មែរ ក៏​ដូច​ជា កូនចៅ​ជំនាន់​ក្រោយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ដំណើ​ទស្សនកិច្ច​នេះ លោក ហ៊ុន ម៉ា​ណែ​ត តែងតែ​ឆ្លៀតពេល ជួប​ជាមួយ និង​បងប្អូន​ពាណិជ្ជករ អាជីវករ​ខ្មែរ ហើយ​តែងតែ​បង្ហាញ ឱកាស​វិនិយោគ និង​សក្តានុពល នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា ការ​លើកទឹកចិត្ត និង​សំណូមពរ អោយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ អោយ​កាន់តែ ច្រើន​ថែម​ទៀត ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ នៅ​ក្នុង​ប្រទេស ខណៈ​ពេល​ដែល​បុគ្គល មួយ​ចំនួន តែងតែមាន​គំនិត​អវិជ្ជមាន អំពី​ប្រទេស​របស់​ខ្លួន​៕