សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​បដិសណ្ឋារកិច្ច លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​បដិសណ្ឋារកិច្ច លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង



ភ្នំពេញ​: នៅ​រសៀល​ថ្ងៃ​ទី ១៣ ខែ តុលា នេះ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​បដិសណ្ឋារកិច្ច ទទួល​ស្វាគមន៍ និង​ពិភាក្សា​ការងារ​ជាមួយ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) ប្រធានាធិបតី សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​វិមាន​សន្តិភាព​។

ក្នុង​ជំ​នូ​ប​នេះ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង (Xi Jinping)  ធ្លាប់​បាន​អញ្ជើញ មក​កាន់​ប្រទេស​កម្ពុជា កាលពី ៧ ឆ្នាំ​មុន ហើយ​ដំណើរ​ទស្សនកិច្ច នា​ពេល​នេះ បាន​មើលឃើញ​ថា ប្រទេស​កម្ពុជា មានកា​រីក​ចំរើន​ច្រើន ទាំង​វិស័យសេដ្ឋកិច្ច ស្ថេ​រ​ភាព​សង្គម ជីវភាព​របស់​ប្រជាពលរដ្ឋ មានការ​រីក​ចំរើន ។ ពាក់ព័ន្ធ​នឹង​កិត្តិ​ស័ព្ទ​របស់ ប្រទេស​កម្ពុជា ត្រូវ​បាន​ល្បីល្បាញ លើ​ឆាក​អន្តរជាតិ​។ ក្នុង​ន័យ​នេះ លោក​ប្រធានាធិបតី បាន​សូម​ស្វា​គម​ន៏ និង​សូម​គាំទ្រ​ប្រទេស​កម្ពុជា ផង​ដែរ​។   គោលដៅ​របស់​លោក នា​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​និង​ព​ព្រីក ទំនាក់ទំនង ជា​ប្រពៃណី រវាង​ប្រទេស​ចិន និង​កម្ពុជា ជា​ពិសេស​ដើម្បី​ពង្រឹង និង​ពង្រីក កិច្ច​សហប្រតិបត្តិការ ភាព​ជា​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ និង​ក្នុង​នាម​ជា​មិត្ត​ភ័ក្ត្រ យល់ចិត្ត​យល់​ថ្លើម​គ្នា​។ 

ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៏​ថា ការ​រីក​ចំរើន របស់​ប្រទេស​កម្ពុជា មិន​អាច​កាត់​ផ្តាច់​ពី ការ​ចូលរួម​ចំណែក ពី​មិត្ត​ចិន​បាន​ទេ​។ សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ ដល់​មិត្ត​ចិន និង​រដ្ឋាភិបាល​ចិន ដែល​បាន​គាំទ្រ​កម្ពុជា លើ​គ្រប់​វិស័យ ដូច​ជា​វិស័យ​ហិរញ្ញវត្ថុ ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ ដទៃ​ទៀត​។ ការ​គាំទ្រ​របស់​ចិន មក​កាន់​កម្ពុជា បាន​ប្រែក្លាយ​កម្ពុជា ពី​ប្រទេស​ក្រីក្រ ដែល​មាន​ចំណូល​កំរិត​ទាប មក​ចំណូល​មធ្យម​កំរិត​ទាប​។ ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ បាន​ស្នើ​សុំ​អោយ​មាន ការ​ជំរុញ​បន្ថែម​ទៀត លើ​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​នយោបាយ ការពារ​ជាតិ ហិរញ្ញវត្ថុ សេដ្ឋកិច្ច វិនិយោគ អភិវឌ្ឍន៍​ធនធានមនុស្ស វិស័យ​កសិកម្ម ។ ក្នុង​ន័យ​នេះ​សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ ដល់​ភាគី​ចិន ដែល​បាន​បង្កើន​កូតា នាំ​អង្ករ​ចូល​ប្រទេស​ចិន​ពី ១០ ម៉ឺន​តោន ទៅ ២០ ម៉ឺន​តោន សម្តេច​ក៏​សុំ​ស្នើ​អោយ​មាន កិច្ច​សហប្រតិបត្តិការ លើ​ការ​ប្រមូល​ទិញ ការ​កែ​ច្នៃ​នាំ​អង្ករ​ចេញ ទៅ​ប្រទេស​ចិន​ផង​ដែរ​។ 

ទាក់ទង​វិស័យ​ទេសចរណ៍​វិញ សម្តេច​តេ​ជោ ជំរុញ​អោយ​ភ្ញៀវ​ទេសចរណ៍​ចិន មក​កម្ពុជា អោយ​មាន​កំណើន​ពី ៧០ ម៉ឺន​នាក់ ទៅ ២ លាន​នាក់ នៅ​ឆ្នាំ​២០២០​។ ក្រៅពី​នោះ សុំ​អោយ​មាន​កិច្ច​សហប្រតិបត្តិការ បន្ថែម​ទៀត លើ​វិស័យ​វប្បធម៌​។

ក្នុង​ជំ​នូ​ប​នេះ លោក​ប្រធានាធិបតី​ចិន XI Jinping  បាន​ឆ្លើយ​តប និង​ជំរាប​សម្តេច​តេ​ជោ​ថា ធ្វើ​យ៉ាងណា​អោយ​មាន ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ទ្វេភាគី​បន្ថែម​ទៀត តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច មន្ត្រី​គ្រប់​ជាន់ថ្នាក់ រវាង​ប្រទេស​ទាំង​ពីរ​។ លោក​ប្រធានាធិបតី​ចិន XI Jinping បាន​មាន​ប្រសា​ស៍​ថា កម្ពុជា ជា​មិត្ត​ដ៏​រឹង​មាំ​នឹង​គ្នា ចិន​នឹង​ជួយ​កម្ពុជា បន្ថែម​ទៀត តាម​រយៈផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា និង​ជម្រុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​ចិន មានការ​កើនឡើង ៥.០០០ លាន​ដុល្លារ នៅ​ឆ្នាំ ២០១៧ ។ 

លោក​ប្រធានាធិបតី​ចិន XI Jinping បាន​បន្ត​ថា ចិន​នឹង​ជួយ​កម្ពុជា កសាង​ផ្លូវជាតិ​លេខ ៥១ និង ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ ជំហាន​ទី​២ និង លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ចិន ដែល​មាន​សមត្ថភាព មក​វិនិយោគ​ផ្លូវ​រថភ្លើង ល្បឿន​លឿន​នៅ​កម្ពុជា​, ការ​កសាង​វាល​យន្តហោះ នៅ​ខេត្តសៀមរាប​,​និង វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​ទៀត ដែល​ជា​សក្តានុពល​របស់​កម្ពុជា ។ ចិន​គាំទ្រ​ចំពោះ​គម្រោង ដែល​កម្ពុជា​បាន​លើក​ឡើង សម្រាប់​ឆ្នាំ ២០១៥ ដល់ ២០១៩ ។ 

ជាមួយ​គ្នា​នេះ លោក​ប្រធានាធិបតី បាន​សម្រេច​លុប​ចោល បំណុល​ដែល​កម្ពុជា ជំពាក់​ចិន នៅ​ឆ្នាំ ២០១៥ ចំនួន ៦០០ លាន​យ័ន និង​បន្ថែម​ជំនួយ ឥត​សំណង​សម្រាប់ វិស័យ​យោធា ចំនួន ១០០ លាន​យ័ន  បង្កើន​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា ចំនួន ៥០០ កន្លែង និង ១០០ កន្លែង សម្រាប់​យុវជន ក្នុង​មួយ​ឆ្នាំ​។ បង្កើន​ការ​ហោះហើរ​ត្រង់ ពី​ទីក្រុង​នានា​របស់​ចិន មក​កាន់​កម្ពុជា ដើម្បី​បង្កើន​ចំនួន​ទេសចរណ៍​ចិន មក​កម្ពុជា​ពី ៧០ ម៉ឺន​នាក់ ទៅ ២ លាន​នាក់ នៅ​ឆ្នាំ​២០២០​។ រដ្ឋាភិបាល​ចិន នឹង​ជួយ​ជួសជុល​ប្រាសាទព្រះវិហារ របស់​កម្ពុជា ។ 

ជា​លើក​ចុង​ក្រោយ លោក​ប្រធានាធិបតី​ចិន ក៏​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​អង្ករ​កម្ពុជា ហើយ​អង្ករ​កម្ពុជា ពិតជា​មាន​រសជាតិ​ឆ្ងាញ់​ណាស់​។ លោក​លើកទឹកចិត្ត​ឲ្យ ក្រុមហ៊ុន​ចិន​វិនិយោគ កែ​ច្នៃ​អង្ករ នៅ​កម្ពុជា​បាន​ល្អ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ។ 

បន្ទាប់​ពី​កិច្ច​ជំនួប​នេះ  សម្តេច​តេ​ជោ និង​លោក​ប្រធានាធិបតី​ចិន XI Jinping បាន​ធ្វើ​ជា​សហ​ធិ​បតី ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសា​ចំនួន​៣១ ផង​ដែរ ៕