ព្រះសពរបស់ស្ដេចថៃ នឹងត្រូវគេបញ្ជូនទៅប្រាសាទព្រះកែវ

ការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃ ត្រូវបានរដ្ឋាភិបាលរបស់លោក Prayut Chan-ocha ប្រកាសជាផ្លូវការថា ទ្រង់បានចូលទិវង្គតកាលពីវេលាម៉ោង៣និង៥២នាទី នៅមន្ទីរពេទ្យ Siriraj ក្នុងទីក្រុងបាងកក ហើយព្រះសពរបស់ទ្រង់ នឹងត្រូវគេយកទៅតម្កល់ទុកនៅប្រាសាទព្រះកែវ ។

ព្រះអង្គមានព្រះនាមពេញហៅថា Bhumibol Adulyadej ប្រសូតនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩២៧ នៅឯសហរដ្ឋអាមេរិក ជាអ្នកបន្តវេននៃរាជវង្សចក្រី ត្រូវបានគេស្គាល់ថា ជាស្ដេចរាមា (Rama) ទី៩ ទ្រង់បានឡើងសោយរាជ្យថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ មកទល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ជាព្រះមហាក្សត្រដែលគ្រងរាជ្យបានយូរបំផុតក្នុងលោក គឺរយៈពេល៧០ឆ្នាំ ហើយទ្រង់បានចូលទិវង្គតក្នុងព្រះជន្ម៨៨ព្រះវស្សា។

Loading...

ការសោយទិវង្គតរបស់ទ្រង់ ត្រូវបានចេញលិខិតផ្លូវការដោយព្រះបរមរាជវាំង និងប្រកាសដោយនាយករដ្ឋមន្ត្រី Prayut Chan-ocha អមជាមួយនឹងការប្រកាសពីអ្នកស្នងរាជបន្តដែរ នោះគឺព្រះបុត្រា Maha Vajiralongkorn ។

ការបាត់បង់ព្រះរាជាដ៏គួរឲ្យគោរពរបស់ប្រជាជនថៃនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីប្រកាសឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលរយៈពេល៣០ថ្ងៃ ហើយឲ្យមន្ត្រីរដ្ឋាភិបាលទាំងអស់ ស្លៀកពាក់ខ្មៅក្នុងរយៈពេល១ឆ្នាំពេញ គិតចាប់ពីថ្ងៃសុក្រនេះតទៅ ដោយឡែកព្រះសពរបស់ទ្រង់វិញ នឹងត្រូវគេបញ្ជូនទៅប្រាសាទព្រះកែវ (Temple of the Emerald Buddha) ក្នុងរាជវាំងទីក្រុងបាងកក ៕ (BBC)

ដកស្រង់ពី៖ Kqube