ការដក​តួនាទី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ចុងកាល់ ឈ្មោះ វ៉ួ​ន ប៊ុនធឿន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​ពេញទំហឹង​

​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ចុងកាល់ ខេត្តឧត្ដរមានជ័យ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​យ៉ាងខ្លាំង​ក្រោយពេល​ទទួលបាន​ព័ត៌មាន លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​ស៊ី​ញ៉េ​ដកហូត​តំណែង​លោក វ៉ួ​ន ប៊ុនធឿន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ចុងកាល់ ឲ្យ​មកឈរ​ជើង​នៅ​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ​។ ការដែល​ប្រជាពលរដ្ឋ​សម្ដែង​សេចក្ដី​រីករាយ គឺ​ដោយសារតែ​កន្លងមក​លោក វ៉ួ​ន ប៊ុនធឿន ប្រព្រឹត្ត​អំពើអាក្រក់​ហួសហេតុ​ព្រោះ​សូម្បីតែ​ប្រជាពលរដ្ឋ​ដឹក​ដើម​ដំឡូង​ក៏ត្រូវ​មន្ត្រី​រូបនេះ​ជំរិត​យកលុយ​យ៉ាង​គឃ្លើន​ដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្តឧត្ដរមានជ័យ ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ​ដាក់ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​លើ​មន្ត្រី​ពុករលួយ​ដូចជា​លោក វ៉ួ​ន ប៊ុនធឿន ដើម្បី​ជាការ​ព្រមាន​ដល់​មន្ត្រី​ពុករលួយ​ដទៃទៀត​។

ថ្មីៗ​កន្លងទៅនេះ​បណ្ដាញ​ព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​រឿង​ប្រជាពលរដ្ឋ​ទិញ​ដើម​ដំឡូង​១​គោយន្ត ហើយ​ត្រូវ​លោក វ៉ួ​ន ប៊ុនធឿន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ចុងកាល់ ជំរិត​ទារប្រាក់​១៥​លាន​រៀល​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ ផ្ដើមចេញពី​រឿងអាស្រូវ​នោះ​ហើយ​ទើប​អំពើអាក្រក់​របស់លោក វ៉ួ​ន ប៊ុនធឿន ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ហើយ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សម្រេច​ស៊ី​ញ៉េ​ដកហូត​លោក វ៉ួ​ន ប៊ុនធឿន ចេញពី​តំណែង​ភ្លាមៗ​កុំ​ឲ្យ​ខូច​ឈ្មោះ​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដទៃទៀត​។ ចំណែក​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ក៏បាន​អះអាង​ដែរ​ថា លោក​បាន​ស៊ី​ញ៉េ​ឯកភាព​ដក​លោក វ៉ួ​ន ប៊ុនធឿន ចេញពី​តំណែង​រួចរាល់​ហើយ​ដែរ​។

មន្ត្រីរាជការ​នៅក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៦ មាន​អ្នកភូមិ​មួយ​គ្រួសារ​រស់នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ បាន​ទិញ​ដើម​ដំឡូង​ពី​លោក វ៉ួ​ន ប៊ុនធឿន ១​គោយន្ត​តម្លៃ​១០​ម៉ឺន​រៀល តែ​មិនទាន់​ប្រគល់​ប្រាក់​នៅឡើយ​។ រយៈពេល​៣​ថ្ងៃ​ក្រោយមក​ស្រាប់តែ​លោក វ៉ួ​ន ប៊ុនធឿន មកដល់​ផ្ទះ​អ្នកភូមិ​រូបនោះ ហើយ​ចោទថា​បាន​លួច​ដើម​ដំឡូង​គាត់​ចំនួន​៣០០​បាច់ និង​ទារលុយ​ដល់​ទៅ​១៥​លាន​រៀល​។ ប្រការ​នេះហើយ​ដែល​រឿងអាស្រូវ​ទាំងឡាយ​របស់លោក វ៉ួ​ន ប៊ុនធឿន ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ ព្រោះ​កន្លងមក​លោក វ៉ួ​ន ប៊ុនធឿន អាង​ខ្លួន​ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​អស់​ជាង​១០​ហិកតា​យកទៅ​ធ្វើជា​កម្មសិទ្ធិ​។ ជាងនេះទៅទៀត​លោក វ៉ួ​ន ប៊ុនធឿន ធ្លាប់ប្រើ​អំណាច​ប៉ះពាល់​ដី​អ្នកភូមិ​ជាង​១០​ហិកតា ហើយ​អ្នកភូមិ​ដែលជា​ម្ចាស់​ដី​ជា​ពលរដ្ឋ​ក្រីក្រ​មិនអាច​តវ៉ា​ឈ្នះ ក៏​សុខចិត្ត​ទទួលយក​ប្រាក់​តិចតួច ហើយ​ឲ្យ​ដី​ទៅ​លោក វ៉ួ​ន ប៊ុនធឿន ទាំង​ឈឺចាប់​។ ឥឡូវនេះ​នៅពេល​លោក វ៉ួ​ន ប៊ុនធឿន ត្រូវ​ដកហូត​តំណែង​ពី​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ចុងកាល់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រេកអរ​យ៉ាងខ្លាំង ព្រោះ​លែងមាន​មន្ត្រី​អាក្រក់​ធ្វើបាប​ពួកគាត់​ទៀតហើយ​៕

%e1%9f%a1%e1%9f%a5

លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ

sim-foree-380x500