លោក សម រង្ស៊ី បញ្ជាក់ថា​លោក​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​ក្នុងពេល​ណាមួយ​សមស្រប​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជាថ្មី​ម្តងទៀត​បាន​បញ្ជាក់ថា​លោក​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ក្នុងពេល​ណាមួយ​សមស្រប ដូច​កាលពី​៣​ដង​មុន ក្រោយពី​ការ​និរទេស​របស់លោក​៣​ដង​មុន ក្នុង​កាលៈទេសៈ​ដូចគ្នា​អញ្ចឹង​ដែរ ដែល​តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​មួយ​ដោយ​ជៀស​មិន​ផុត​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា លោក​មិន​ខ្លាច​ការវិលត្រឡប់​នោះទេ តែ​ការវិលត្រឡប់​នៅពេលនេះ​វា​អាច​នឹង​ប៉ះពាល់​ដល់​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដោយ​អហិង្សា​។​

​លោក សម រង្ស៊ី បាន​បញ្ជាក់ថា បញ្ហា​នៅ​កម្ពុជា​សព្វថ្ងៃនេះ​មិន​ត្រឹមតែ​រវាង​ខ្មែរ​និង​ខ្មែរ​នោះទេ តែ​ជា​បញ្ហា​រវាង​ខ្មែរ​និង​បរទេសជិតខាង​ដែល​ឈ្លានពាន​កម្ពុជា ហើយ​បើ​លោក​ស្លាប់ ឬ​ជាប់​គុប​ក៏​លោក​មិន​ខ្លាច​នឹង​លះបង់​ដែរ​តែ​ឲ្យ​ប្រាកដថា​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ​កម្ពុជា​អាច​គេច​ផុតពី​ការឈ្លានពាន​របស់​បរ​ទេស​ជិតខាង​ធ្លាប់​ឈ្លានពាន​យក​ទឹកដី​ប្រទេស​កម្ពុជា​អស់​ជាច្រើន​ខេត្ត​។ លោក សម រង្ស៊ី បាន​បន្ថែមថា​មាន​អ្នក​ធ្លាប់​មានបំណង​យក​ជីវិត​របស់លោក​តាមរ​យៈ​ការ​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ព្រោះ​ពួកគេ​យល់ឃើញថា​រូបលោក​ជា​ឧបសគ្គ​ចម្បង​របស់​ពួកគេ ហើយ​ការ​ដែរ​លោក​ព្យាយាម​រក្សា​សុវត្ថិភាព​និង​ជីវិត​របស់ខ្លួន គឺ​ដើម្បី​រក្សា​ចលនា​ប្រឆាំងនឹង​បរទេស​ឈ្លានពាន​និង​ការពារ​ប្រទេស​កម្ពុជា​ជំរុញ​ឲ្យ​កម្ពុជា​ដើរ​លើផ្លូវ​ត្រូវ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ការ​និរទេស​របស់លោក​នៅក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន​គឺ​សម្រាប់​ធ្វើជា​ប្រធាន​ចលនា​តស៊ូ​រំដោះ​ប្រទេសជាតិ ការតស៊ូ​ពី​ក្រៅប្រទេស​ក្នុង​រយៈពេល​មួយ​បណ្តោះអាសន្ន អាចជា​ជម្រើស​តែមួយគត់ ដើម្បី​ធានា​ជោគជ័យ​នៅ​ទីបញ្ចប់​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា បើទោះជា​អ្នកកាន់អំណាច​បច្ចុប្បន្ន​ធ្វើទុក្ខបុកម្នេញ​តាមច្រើន​រូបភាព​មកលើ​គណបក្សជំទាស់​និង​អង្គការ​សង្គម​ស៊ីវិល​ដែលជា​ខ្មែរ​ដូចគ្នា​យ៉ាងណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់​គោលជំហរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​សម្រេច​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន​ឲ្យ​បាន​នោះ​គឺ​ដំណើរ​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​៕

14462974_1211306675592730_3621003982307812180_n