យុទ្ធនាការ​ផ្លាស់​ប្ដូរ​ឥរិយាបថ ដើម្បី​កាត់​បន្ថយ​ថង់​ប្លា​ស្ទិ​ក ក្នុង​ប្រទេស​កម្ពុជា

យុទ្ធនាការ​ផ្លាស់​ប្ដូរ​ឥរិយាបថ ដើម្បី​កាត់​បន្ថយ​ថង់​ប្លា​ស្ទិ​ក ក្នុង​ប្រទេស​កម្ពុជា



ភ្នំពេញ​:  លោក អ៊ា​ង សុ​ផល្លែ​ត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក អៀង អូន​នី អភិបាលរង រាជធានី​ភ្នំពេញ និង លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា បាន​សម្ពោធ​ជា​ផ្លូ​ការ នូវ​យុទ្ធនាការ​បរិស្ថាន “​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែ​មួយ​”​។

ពិធី​សម្ពោធ​នា​ថ្ងៃ​ទី​១៤ ខែតុលា​នេះ ដែល​មាន​គោលបំណង កាត់​បន្ថយ​ការ​ប្រើប្រាស់ ថង់​ប្លា​ស្ទិ​ក ក្នុង​ប្រទេស​កម្ពុជា ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ Green Palace ហើយនឹង​មានការ​ចុះ​ពិនិត្យ មើល​ការ​អនុវត្ត​សកម្មភាព ដោយ​ផ្ទាល់​ទៅ​ផ្សារ​អូរ​ឬ​ស្សី ដែល​គឺជា​ផ្នែក​សំខាន់​មួយ នៃ​គម្រោង ដែល​ទទួល​បាន​ជំនួយ មូលនិធិ​ពី​សហភាព​អ៊ឺ​រ៉ុ​ប ឈ្មោះ​ថា គម្រោង «​កាត់​បន្ថយ​សំណល់ ថង់​ប្លា​ស្ទិ​ក ក្នុង​ទីក្រុង​សំខាន់​ៗ នៅ​ប្រទេស​កម្ពុជា​»​។ គម្រោង​នេះ ត្រូវ​បាន​អនុវត្ត ដោយ​អង្គការ ACRA សហការ​ជាមួយ​មន្ទីរ​បរិស្ថាន រាជធានី​ភ្នំពេញ និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

តាម​ការ​ស្រាវជ្រាវ របស់​គម្រោង​បង្ហាញ​ថា ផ្សារ​លក់​អាហារ នៅ​កម្ពុជា គឺជា​ប្រភព ចែកចាយ​ថង់​ប្លា​ស្ទិ​ក ធំ​ជាងគេ​ក្នុង​ប្រទេស ដែល​ក្នុង​នោះ ប្រជាជន​កម្ពុជា​ម្នាក់ ជា​មធ្យម ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក អស់​ចំនួន ២០០​ថង់ ក្នុង​មួយ​ខែ ដែល​ស្មើ​ប្រមាណ ២.៧០០ ថង់ ក្នុង​មួយ​ឆ្នាំ​។ ដោយ​ប្រើប្រាស់ ថង់​ប្លា​ស្ទិ​ក​តែ​មួយ សម្រាប់​ផ្ទុកទំនិញ​ច្រើន​មុខ នោះ​នឹង​អាច​កាត់​បន្ថយ​សំណល់ ថង់​ប្លា​ស្ទិ​កបាន​ច្រើន នៅ​ក្នុង​ក្រុង និង​ទីប្រជុំជន​។

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “​ក្នុង​នាម​ជា​ដៃគូ​អភិវឌ្ឍន៍ មួយ​ដ៏​សំខាន់​របស់ ប្រទេស​កម្ពុជា សហភាព​អឺរ៉ុប សូម​ចែករំលែក នូវ​ការ​ព្រួយបារម្ភ​ខ្លាំង លើ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដ៏​ច្រើន​លើសលុប ហើយ​សូម​គាំទ្រ យ៉ាង​ពេញទំហឹង លើ​ការងារ ដែល​បាន​អនុវត្ត ដោយ​អង្គការ ACRA មន្ទីរ​បរិស្ថាន​រាជធានី ភ្នំពេញ និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ការ​កាត់​បន្ថយ ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ក្នុង​ប្រទេស​កម្ពុជា​។​”

យុទ្ធនាការ​ដែល​មានឈ្មោះ​ថា “​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែ​មួយ​” នឹង​អនុវត្ត​នៅ​ផ្សារ​ចំនួន​៥ ក្នុង​ទីក្រុង​ភ្នំពេញ ផ្សារ​ចំនួន​២ ក្នុង​ទីក្រុង​សៀមរាប និង​ផ្សារ​ចំនួន​១ ក្នុង​ទី​ក្រុងព្រះសីហនុ​។ លើស​ពី​នេះ​ទៅ​ទៀត ឃ្លី​ប​វី​ដេ​អូ​អប់រំ ស្ដី​ពី​ការ​កាត់​បន្ថយ​ថង់​ប្លា​ស្ទិ​ក នឹង​ធ្វើការ​ចាក់​ផ្សាយ តាម​ប៉ុស្តិ៍​ទូរទស្សន៍​ទូ​ទាំង​ប្រទេស ក្នុង​ពេល​ឆាប់​ៗ ព្រម​ជាមួយនឹង​ការ​ផ្សព្វផ្សាយ តាម​រយៈ​បណ្តាញ ផ្សព្វផ្សាយ​សង្គម​ផង​ដែរ​៕