ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​នាំ​គ្នា​សម្រុក​មក​បុណ្យ​ខួប​១០០​ថ្ងៃ​បណ្ឌិត កែម ឡី បណ្ដើរ​ៗ​ហើយ

ប្រជា​ពលរដ្ឋ​ពី​តាម​បណ្ដា​ខេត្ត​នាំគ្នា​សម្រុក​មក​ចូលរួម​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ បណ្ឌិត កែម ឡី បណ្ដើរៗ ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា។

ពិធី​បុណ្យ​នេះ ប្រារព្ធ​ឡើង​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ក្នុង​សង្កាត់​វត្ត​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ តុលា។

កម្មវិធី​បុណ្យ​នៅ​ព្រឹក​ថ្ងៃ​ទី១៤ តុលា គណៈកម្មការ​បុណ្យ​មក​ជួបជុំ​គ្នា ដើម្បី​រៀបចំ​រោង​ជាដើម។ លុះ​រសៀល​កម្មវិធី នឹង​ជួបជុំ​អ្នក​ចូលរួម​ពី​ទី​ជិត​ឆ្ងាយ ដើម្បី​ធ្វើ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា។

ស៊ីសុវត្ថិ ធម្មិកោ ចូលរួម​បុណ្យ​ខួប​១០០​ថ្ងៃ បណ្ឌិត កែម ឡី ២០១៦ ៨៥៥
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​ពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ បណ្ឌិត កែម ឡី នៅ​មុខ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ក្នុង​សង្កាត់​វត្ត​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrath
RFA/Chuop Sereyrath

លោក​បណ្ឌិត កែម ឡី ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) កណ្ដាល​រាជធានី​ភ្នំពេញ។ បណ្ឌិត កែម ឡី ត្រូវ​បាន​សាធារណជន​ជាច្រើន​បាន​ស្គាល់​លោក​តាម​រយៈ​ការ​វិភាគ​លើ​បញ្ហា​សង្គម ស្ថានភាព​នយោបាយ សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍ​ប្រទេស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ហើយ​លោក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ការ​វិភាគ​របស់​លោក ហៅ​ថា​ជា​អ្នក​វិភាគ​ឯករាជ្យ ដែល​និយាយ​ចំៗ​ទាក់ទង​នឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងៗ​ទៀត ទោះ​បី​ជា​លោក​បាន​ដឹង​ជា​មុន​ថា លោក​ប្រឈម​នឹង​ការ​បាញ់​សម្លាប់​ដោយ​ប្រការ​ណា​មួយ​ក្ដី។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។