សម្ដេច​តា និង​ព្រះមហាក្សត្រ​ថៃ ធ្លាប់​មាន​អនុស្សាវរីយ៍​ជប់លៀង​ជាមួយ​គ្នា​ដល់​ទៀប​ភ្លឺ

ក្នុង​សៀវភៅ​មួយ​ក្បាល​ក្រោម​ចំណង​ជើង​ថា “អនុស្សាវរីយ៍​ផ្អែមល្ហែម និង​ជូរ​ចត់” ដែល​ជា​ស្នាដៃ​ព្រះរាជ​និពន្ធ​របស់​ព្រះ​បរមរតនដកោដ្ឋ ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បាន​រៀប​រាប់​ពី​ដំណើរ​យាង​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​​ក្រុង​បាង​កក​ក្នុង​ឆ្នាំ​១៩៥៤ ហើយ​ជប់លៀង​ជាមួយ​ព្រះមហាក្សត្រ​ថៃ ភូមិ​បុល អាប់​ឌុល​យ៉ាដេត រហូត​ដល់​ម៉ោង ៥​ទៀត​ភ្លឺ​ក្នុង​បរិយាកាស​រីករាយ​ជា​ទី​បំផុត។ ​​​

 

សម្ដេច​តា និង​ព្រះមហាក្សត្រ​ថៃ ធ្លាប់​មាន​អនុស្សាវរីយ៍​ជប់លៀង​ជាមួយ​គ្នា​ដល់​ទៀប​ភ្លឺ

 

ព្រះ​បរមរតនដកោដ្ឋ ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បាន​យាង​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​​ក្រុង​បាង​កក​ក្នុង​ឆ្នាំ​១៩៥៤។ នៅ​ពេល​នោះ ព្រះ​មហាក្សត្រ​ថៃ ភូមិ​បុល អាប់​ឌុល​យ៉ាដេត  បាន​យាង​ព្រះ​អង្គ​ ទៅ​ចូលរួម​ការ​ប្រគំ​ភ្លេង Jazz ក្នុង​រាជ​វាំង។ ព្រះ​បរមរតនកោដ្ឋ ដែល​មាន​ទឹក​ព្រះទ័យ​ស្រលាញ់​សិល្បៈ​ស្រាប់​ផង​នោះ ក៏​បាន​ផ្លុំ​សាក់សូហ្វូន និង​ច្រៀង​ចម្រៀង​ដើម្បី​ឲ្យ​ព្រះ​មហាក្សត្រ​ថៃ​ស្ដាប់។ ​​​​

 

ក្នុង​ទំព័រ១២៥ នៃ​សៀវភៅ “អនុស្សាវរីយ៍​ផ្អែមល្ហែម និង​ជូរ​ចត់” ព្រះ​បរមរតនកោដ្ឋ​បាន​សរសេរ​ថា៖ “ក្នុង​ការ​ប្រគុំ​ភ្លេង​ហ្សាស់ (Jazz) ដែល​នៅ​ទីនោះ ខ្ញុំ​ផ្លុំ​សាក់សូហ្វូន​អាល់តូ ហើយ​ព្រះរាជ​ផ្លុំ​ក្លារីណែត ព្រម​ទាំង​សាក់សូហ្វូន​តេនឺរ​ផង​ដែរ។ ខ្ញុំ​ច្រៀង​ដើម្បី​ព្រះ​មហាក្សត្រិយ៍ និង​ព្រះមហាក្សត្រិយានី​សិរី​គិត ដែល​ខ្ញុំ​ចាត់​ទុក​ថា​ជា​​រាជនី​ដ៏​រួសរាយ​និង​ស្រស់​ប្រឹម​ប្រិយ៍​បំផុត​​ក្នុង​លោក។ ព្រះ​អង្គ​ទាំង​ពីរ បាន​ទាក់​ទាញ​ខ្ញុំ​ដល់​ម៉ោង៥ ទៀប​ភ្លឺ…”។

 

សម្ដេច​តា និង​ព្រះមហាក្សត្រ​ថៃ ធ្លាប់​មាន​អនុស្សាវរីយ៍​ជប់លៀង​ជាមួយ​គ្នា​ដល់​ទៀប​ភ្លឺ
 

​នៅ​ក្នុង​សៀវភៅ​ដដែល​នោះ ព្រះ​បរមរតន​កោដ្ឋ ក៏​បាន​សរសេរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា និង​ថៃ សាកលវិទ្យាល័យ​នៃ​ក្រុង​រ៉ង់ហ្គូន និង​ក្រុង​បាងកក​បាន​ប្រគល់​ឋានៈ​ជា “បណ្ឌិត​កិត្តិយស” ដើម្បី​សំដែង​គារវភក្ដី​ចំពោះ ព្រះ​រាជបូជនីយ​កិច្ច​របស់​ព្រះ​អង្គ​ក្នុង​ការ​ទាមទារ​ឯករាជ្យ។

 

ព្រះ​បរមរតនដកោដ្ឋ ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បាន​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះ​វស្សា។ ចំណែក​ព្រះ​មហាក្សត្រ​ថៃ ភូមិ​បុល អាប់​ឌុល​យ៉ាដេត បាន​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី១៣ ខែ​តុលា ឆ្នាំ​២០១៦ ក្នុង​ព្រះ​ជន្មាយុ ៨៨ព្រះ​​វស្សា៕

 

អត្ថបទ៖ គង់ វិសាល