មហាក្សត្រ​ថៃ​​សោយ​ទិវង្គត ​រាជ​ទាយាទ​ស្នើ​ពេល​មួយ​​រយៈ ​មុន​ឡើង​សោយ​រាជ្យបន្ត

ព្រះមហាក្សត្រ​ថៃ ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត បាន​ចូល​ទិវង្គត​ហើយ កាលពី​ថ្ងៃ​ទី​១៣ តុលា ក្នុង​ព្រះ​ជន្មាយុ​៨៨​ព្រះ​វស្សា ក្រោយ​គ្រងរាជ្យសម្បត្តិ​រយៈពេល​ដល់​ទៅ​៧០​ឆ្នាំ​ជា​ព្រះមហាក្សត្រ​គ្រង​រាជ​យូរ​ជាងគេ​បំផុត​លើ​ពិភពលោក ។ ការ​អស់ព្រះជន្ម​របស់​ព្រះ​អង្គ​ធ្វើ​ឱ្យ​ប្រទេស​ថៃ ធ្លាក់​ក្នុង​កាលៈទេសៈ​មិន​ច្បាស់លាស់​បំផុត​មួយ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ព្រះ​បរមរាជវាំង​ប្រកាស​ថា ព្រះមហាក្សត្រ​បាន​សោយ​ព្រះ​ទិវង្គត​ដោយ​ស្ងប់​នៅ​មន្ទីរពេទ្យ SIRIRAJ ក្រុង​បាងកក ។ ភ្លាម​ៗ​គ្រប់​ទូរទស្សន៍​ថៃ​បាន​ផ្តាច់​បណ្តា​កម្មវិធី​ផ្សាយ​របស់​ពួក​គេ​ដោយ​បញ្ចាំង​អេ​ក្រង់​ពណ៌​ប្រផេះ ។ នៅ​ឯ​បរិវេណ​មន្ទីរពេទ្យ​ជា​កន្លែង​ព្រះ​អង្គ​ព្យាបាល​ព្រះ​រោគ ពលរដ្ឋ​ថៃ​យ៉ាងច្រើន​កុះករ​លើកគ្នា​ទៅ​កាន់​ទីនោះ​ដោយ​យំ​ស្រ​ស្រាក់ ។

ព្រះ​ចៅ ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត ត្រូវ​បាន​ចាត់ទុកជា​ស៊ីម៉ង់ត៍​ផ្សារ​ភ្ជាប់​ប្រជាជាតិ ដែល​មានការ​បែកបាក់​គ្នា​ខ្លាំង​ខាង​នយោបាយ រួច​ទទួល​លក្ខន្តិកៈ​ជា​អាទិទេព​ពាក់កណ្តាល ។ ព្រះ​អង្គ​ឡើង​សោយរាជ្យ​សម្បត្តិ​កាលពី​ឆ្នាំ​១៩៤៦ បន្ទាប់​ពី​ព្រះ​រាម​សោយ​ទិវង្គត​ពុំ​ដឹង​មូលហេតុ រួច​ពលរដ្ឋ​ថៃ​ភាគច្រើន​ពុំ​ស្គាល់​ព្រះមហាក្សត្រ​ដទៃ​ឯទៀត​ណា​ឡើយ ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ព្រះ​បិតា​ចូល​ទិវង្គត​ព្រះ​អង្គ​ម្ចាស់​រាជ្យ​ទាយាទ​មហា​វាជី​រ៉ា​ឡុ​ង​កន ព្រះ​ជន្ម​៦៤​ព្រះ​វស្សា​មាន​បន្ទូល​ថា ទ្រង់​ត្រូវការ​ពេលវេលា​មួយ​រយៈ​មុន​ពេល​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​បិតា ដែល​បែប​នោះ​ញ៉ាំង​ឱ្យ​មាន​ភាព​មិន​ច្បាស់លាស់​ក្នុង​ប្រទេស​មួយ​ស្ថិត​ក្រោម​ស្ថានភាព​បែកបាក់​គ្នា​ស្រាប់ ។

ប្រមុខ​របប​យោធា​ថៃ ឧត្តមសេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា ថ្លែង​នៅ​មុខ​សារព័ត៌មាន​ថា ខ្ញុំ​បាន​ជួប​ធ្វើ​សវនាការ​ជាមួយ​ព្រះ​អង្គ​ម្ចាស់​រាជទាយាទ ។ ទ្រង់​ស្នើ​ពេលវេលា​មួយ​រយៈ​សម្រាប់​រៀបចំ​មុន​ពេល​ប្រកាស​ឡើង​គ្រងរាជ្យ ។ការ​ចូល​ទិវង្គត​របស់​ព្រះមហាក្សត្រ​ថៃ​ញ៉ាំង​ឱ្យ​ប្រជាជន​ថៃ​ជា​ច្រើន​លាន​នាក់​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ហើយ​ប្រមូលផ្តុំ​គ្នា​យំ​ស្រ​ស្រាក់ ។ ស្លៀកពាក់​ពណ៌​ផ្កា​កុលាប ឬ​ពណ៌​លឿង ពលរដ្ឋ​ថៃ​ភាគច្រើន​នាំ​គ្នា​លុតជង្គង់​លើកដៃ​ប្រណម្យ ។

ព្រះ​ចៅ ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត ដែល​គង់​ឯ​មន្ទីរពេទ្យ​ស្ទើរ​ជា​ប្រចាំ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ជំងឺ​ធ្ងន់ ជា​ពិសេស​ការ​រលាក​សួត និង​ទឹក​ក្នុង​ខួរក្បាល​រួច​ព្រះ​អង្គ​ពុំ​ឃើញ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ជា​សាធារណៈ​ចាប់តាំងពី​ជិត​១​ឆ្នាំ​មក​ហើយ ។ប្រមុខ​របប​យោធា​ថៃ​បាន​ប្រកាស​ពី​ការ​កាន់ទុក្ខ​រយៈពេល​ដល់​ទៅ​១​ឆ្នាំ ហើយ​ឱ្យ​កាត់​ផ្តាច់​រាល់​សកម្មភាព​សប្បាយ​ផ្សេង​ៗ​រយៈពេល​៣០​ថ្ងៃ ។ ចំពោះ​បណ្តា​ទូរទស្សន៍​ពេល​នេះ​ត្រូវ​ចេញផ្សាយ​តែ​បណ្តា​កម្មវិធី​ទាក់ទិន​នឹង​ព្រះមហាក្សត្រ​សម្រាប់​រយៈពេល​៣០​ថ្ងៃ​ដែរ ។

ពុំ​សូវ​ស្គាល់​ច្បាស់​ដោយ​ពុំ​សូវ​មានការ​គោរព​របស់​ពលរដ្ឋ​ថៃ​ដូច​ព្រះ​បិតា ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​រហូត​មក​ទល់​ពេល​នេះ​គង់នៅ​ភាគច្រើន​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ ទ្រង់​ទទួល​ការ​បណ្តុះបណ្តាល​ខាង​យោធា ពិសេស​នៅ​បណ្ឌិតសភាយោធា DUNTROON អូស្ត្រាលី​។ ទ្រង់​ទទួល​ឋានន្តរស័ក្តិ​កិត្តិយស​ជា​ឧត្តមសេនីយ៍​ក្នុង​ផ្ទៃ​កងទ័ព​ថៃ ។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​រឿយ​ៗ​ទ្រង់​ជំនួស​ព្រះរាជ​បិតា​ក្នុង​ពិធី​ផ្លូវការ​ផ្សេង​ៗ ក៏​ប៉ុន្តែ​កម្រ​ធ្វើ​សេចក្តីថ្លែងការណ៍​ណាស់ ។

ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​ត្រូវ​បាន​ព្រះ​បិតា​តែង​តាំងពី​ឆ្នាំ​១៩៧២​មក​ម្ល៉េះ ។ ព្រះ​អង្គ​ទ្រង់​ជា​ឥស្សរជន​ដែល​មាន​ភាព​ចម្រូងចម្រាស់​ជា​ពិសេស ។ពេល​ព្រះរាជ​សុខភាព​ព្រះមហាក្សត្រ​ធ្លាក់​ដុនដាប​ខ្លាំង​ភាគហ៊ុន​នៅ​ក្រុង​បាងកក​បាន​ធ្លាក់​ចុះ ។

ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​ពី​ការ​ចូល​ទិវង្គត​របស់​ព្រះ​ចៅ​រ៉ា​មា​ទី​៩ ជា​ព្រះ​នាម​កិត្តិយស​ថ្វាយ​ព្រះមហាក្សត្រ​ក្រោយ​ចូល​ទិវង្គត នាយករ​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ប្រកាស​តាម​ទូរទស្សន៍​ថា ព្រះ​ចៅ​ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត បាន​តែងតាំង​អ្នក​ត្រូវ​ស្នងរាជ្យ​ពី​ព្រះ​អង្គ​កាលពី​ឆ្នាំ​១៩៧២ និង​ថា​រដ្ឋាភិបាល​ស្នើ​ភ្លាម​ដល់​សភា​ឱ្យ​ជ្រើសតាំង​ព្រះ​អង្គ​ស្នងរាជ្យ ។ សភាជាតិ​បាន​កោះ​ប្រជុំ​វិសាមញ្ញ​ទាំង​យប់​ហើយ​បណ្តា​សមាជិក​សភា​ឈរ​ស្មឹង​ស្មាធិ​រយៈពេល​យ៉ាង​យូរ​ដល់​៩​នាទី ៕