ចោរ​មួយក្រុម​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ បណ្តាលឲ្យរងគ្រោះ​របួសធ្ងន់​

(ភ្នំពេញ)៖ បុរសម្នាក់រងរបួសក្បាលធ្ងន់ធ្ងរ និងម្នាក់ទៀត រងរបួសដៃបន្តិចបន្តួច បន្ទាប់ពីត្រូវបានក្រុមចោរមួយក្រុមដេញ កាប់ប្លន់យកម៉ូតូ Zoomer X មួយគ្រឿងទៅបាត់។
ហេតុការណ៍កាប់ប្លន់មួយនេះបានកើតឡើងនាម៉ោង ២និង២០នាទីរំលងអាធ្រាត្រទី១៤ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំណុច ម្ដុំផ្សារទំនប់ផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលជាម្ចាស់ម៉ូតូរងរបួសដៃមានឈ្មោះ ស៊ីម សុខរុន ភេទប្រុស អាយុ២២ មុខរបរផ្សារដែក ស្នាក់នៅនិងស្រុក កំណើតភូមិវត្តស្នោ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ម្នាក់ទៀតមានឈ្មោះ ញឹម រ៉ាក់ ភេទប្រុស អាយុ ២៥ មុខជាង ផ្សារដែក ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា។
ជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុគឺរូបគេទាំងពីរនាក់ នឹងមិត្តភក្ដិរបស់គេផ្សេងៗទៀតបានមកពីផឹកស៊ីនិងដើរ លេងនៅម្ដុំណាហ្គា។ បន្ទាប់ពីផឹកស៊ីរួចពួកគេបានជូនមិត្តភក្ដិម្នាក់ឈ្មោះ កម រាជ អាយុ២៣ឆ្នាំ មុខរបរជា កញ្ចក់ មកផ្ទះជួលប្រពន្ធ នៅចំនុចកើតហេតុហើយខាងលើដោយជិះម៉ូតូចំនួនបួនគ្រឿង រួមទាំងម៉ូតូជនរងគ្រោះផងដែរ លុះចូល ទៅក្នុងប្លុកផ្ទះជួលមិត្តភក្ដិខាងលើ ដោយសារតែប្លុកនោះជាចំនុចស្ងាត់ជ្រងំហើយម៉ូតូជនរងគ្រោះ នៅក្រោយគេភ្លាមៗនោះ ក៏មានក្មេងស្ទាវចំនួនបីនាក់ ដើរចេញមកពីក្នុងប្លុកផ្ទះជួលនោះ ហើយបានដកដាវសាំម៉ូរៃ កាប់ជនរងគ្រោះទាំងពីរនាក់ ដែលបណ្ដាលអោយជនរងគ្រោះម្នាក់ត្រូវក្រុមចោរកាប់ក្បាល២ដាវវណ្តាលឲ្យរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសដៃខាងឆ្វេង បន្តិចបន្តួច។
បន្ទាប់ពីជនរងគ្រោះរងរបួសហើយក្រុមចោរបានយកម៉ូតូជនរងគ្រោះ ជិះរត់គេចខ្លួនដោយសុវត្ថិភាព ចំណែកម៉ូតូដែល ត្រូវគេកាប់ប្លន់យកទៅនោះគឺម៉ាក Zoomer X សេរីឆ្នាំ ២០១៦ ពណ៌ខៀវលាយ ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ 1FY-0649 ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានមិត្តភក្ដិឌុបតាមម៉ូតូបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីព្យាបាល៕

ចោរ​មួយក្រុម​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ បណ្តាលឲ្យរងគ្រោះ​របួសធ្ងន់​ ចោរ​មួយក្រុម​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ បណ្តាលឲ្យរងគ្រោះ​របួសធ្ងន់​