អីយ៉ា! តារា២ដួង​បង្ហាញ​អារម្មណ៍​ ដែល​មិន​អាច​បំភ្លេច​​បាន

រាជធានី​ភ្នំពេញ ៖ តារា​​សម្តែង​លោកហេង នរៈ​កក្កដា ជាតួអង្គឈ្មោះ​ «​រាជ​» និង​កញ្ញា​ជេ​ស៊ី​ការ តួអង្គឈ្មោះ ​«​មាលា​» ក្នុង​រឿង​
«​សង្គ្រាម​​បេះដូង​» បាន​បង្ហាញ​ពី​អារម្មណ៍​ ដែល​មិន​អាច​បំភ្លេច​បាន និង​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​អំឡុង​ពេល​ថត​រឿង​ នៅ​​​ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​មួយ​ កាលពី​ពេលថ្មីៗនេះ ​។

លោក ហេង នរៈ​កក្កដា បាន​ប្រាប់​ថា ឈុត​ដែល​លោក​មិន​អាច​បំភ្លេច​បាន​នោះ​ គឺ​ទី​មួយ​ត្រង់​ឈុត​ក្រឡាប់​ឡាន ព្រោះ​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ទៅ​មួយ​ថ្ងៃ​ដើម្បី​ថត​ឈុត​មួយ​នេះ ជា​ពិសេស​គឺ​ត្រូវ​ថត​ទាំង​ភ្លៀង​។ ដោយឡែក​ឈុត​ឆាក​មួយទៀត ដែល​ដក់​ជាប់​ក្នុង​ចិត្ត​លោកដែរ​ នោះ​គឺ​នៅ​ពេល​ដែល​លោក និង​កញ្ញា​ជេ​ស៊ី​កា ត្រូវ​បាន​គេ​ចាប់ចង​ក្នុងផ្ទះ ហើយ​ត្រូវ​បាន​គេ​ដុត​ភ្លើង​ក្នុង​បំណង​ចង់អោយ​ស្លាប់​នៅ​ក្នុង​ភ្លើង​នោះ​តែ​ម្តង ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​ប្រាប់​ថា គ្រប់​ឈុត​ឆាក​ទាំងអស់​នៅ​ក្នុង​រឿង «​សង្គ្រាម​បេះដូង​» គឺ​មិន​មាន​អ្វី​លំបាក​សម្រាប់​រូប​លោក​ទេ ព្រោះ​លោក​តាំងចិត្ត​ថា តួ​សម្តែង​គឺ​ត្រូវ​តែ​ថត​អោយ​បាន​គ្រប់​ទម្រង់​នៃ
តួរ​ទាំងអស់ ជា​ពិសេស​ក្នុង​ការ​ថត​រឿង​នេះ ក៏​មានការ​ជួយ​ជ្រោមជ្រែង​ច្រើន​ពី​សំណាក់​អ្នកដឹកនាំ​រឿង និង​ក្រុម​កា​ងារ​ទាំងមូល​។

ដោយឡែក ​តួអង្គ​កំប្លុកកំប្លែង​ទស្សនា​ហើយ​មិន​ជិនណាយ កញ្ញា ជេ​ស៊ី​កា បាន​ប្រាប់​ថា ឈុត​ដែល​កញ្ញា​ចង​ចាំ និង​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ឆាកជីវិត​របស់​កញ្ញា​នោះ​គឺ​ត្រង់​ឈុត​ដែល​កញ្ញា​ត្រូវ​ហែល​ទឹក​ទៅ​ស្រង់​តួ​ប្រុស​ចេញពី​ក្នុង​ទឹក ទាំង​ដែល​កញ្ញា​មិន​ចេះ​ហែល​ទឹក និង​បាន​ធ្វើ​អោយ​កញ្ញា​លង់ទឹក​ផង​ដែរ​។

ឈុត​មួយទៀត​នោះ​គឺ​ឈុត​បន្ទាប់​ពី​ស្រង់​តួ​ប្រុស​ចេញពី​ទឹក​ហើយ​កញ្ញា​ត្រូវ​ផ្លុំ​ខ្យល់​តាម​មាត់ ដើម្បី​ជួយ​សង្គ្រោះ​តួ​ប្រុស​ទាំង​ដែល​កញ្ញា​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​ក្នុង​ឆាកជីវិត​សម្រាប់​កញ្ញា ដែល​ត្រូវ​ប្រើ​មាត់​ទល់​មាត់​បែប​នេះ​។ រឿង​សង្គ្រាម​បេះដូង ជា​ស្នាដៃ​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ (KMF) ក្រោម​ការ​ផ្តល់​ទុន​ផលិត​ពី​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ក្នុងស្រុក​។

សង្គ្រាម​បេះដូង ជា​ការ​ផលិត និង​សរសេរ​ដោយ​កូន​ខ្មែរ​មួយ​រយ​ភាគរយ ដែល​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ក្នុង​សង្គម​ខ្មែរ ដែល​បង្កប់​ទៅ​ដោយ​មហិច្ឆតា ស្នេហា គំនុំ និង​អា​ថិ៍​កំបាំង​។ ចង់​ដឹង​ថា​តើ​រឿង «​សង្គ្រាម​បេះដូង​» នឹង​មាន​អ្វី​ប្លែក ខ្សែ​រឿង​នឹង​ទៅ​ជា​យ៉ាងណា សូមកុំ​ភ្លេច​តាមដាន​ទស្សនា​រៀងរាល់ថ្ងៃព្រ​ហ​ស្ប​ត្ត៍ ដល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង០៨​​យប់ នៅភីអិនអិន​។