យឹម សុវណ្ណ បញ្ជាក់ថា​ប្រទេស​ចិន​ក៏​ជា​ភាគី​សំខាន់​នៅក្នុង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ដែរ​

ក្នុងពេលដែល​មជ្ឈដ្ឋាន​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​ផ្តោត​សំខាន់​ទៅលើ​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែល​ប្រទេស​កម្ពុជា​បានទទួល​ពី​ប្រទេស​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង នៅ​កម្ពុជា​នោះ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​និង​ជា​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​សប្តាហ៍​នេះ​ក៏បាន​បញ្ជាក់ដែរថា​គណ​បក្ស​សង្គ្រោះ​ជាតិ​គ្មាន​ហេតុផល​ជំទាស់​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​ក៏ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​នោះទេ តែ​លោក​ចង់ឃើញ​ប្រទេស​ចិន​គប្បី​ជំរុញ​ឲ្យ​កម្ពុជា​ដើរ​លើផ្លូវ​ត្រូវ​ផងដែរ នោះ​គឺ​ការគោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ជាដើម​។​

លោក យឹម សុវណ្ណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​អ្នកសារព័ត៌មាន​បានស្នើ​ឲ្យ លោក ស៊ី ជិន​ពីង ជួយផ្តល់​យោបល់​ដល់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ដើម្បី​ឲ្យ​គោរព​សិទ្ធិមនុស្ស​និង​ដើរ​តាម​គន្លង​នីតិរដ្ឋ​។ លោក យឹម សុវណ្ណ បាន​បន្តថា ប្រទេស​ចិន គឺជា​ភាគី​មួយ​ក្នុងចំណោម​ប្រទេស​ផ្សេងទៀត ដែលជា​សាក្សី​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។ ដូច្នេះ ប្រទេស​ចិន អាច​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​និង​អនុវត្តន៍​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឲ្យ​បាន​ត្រឹមត្រូវ​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា ប្រទេស​ចិន​មាន​ឥទ្ធិពល​ច្រើន​លើ​ប្រទេស​កម្ពុជា បើ​ចិន​មាន​ឆន្ទៈ​ចង់​ជួយ​គឺអាច​ជួយ​បាន​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ បាន​អះអាងថា វត្តមាន​របស់​ប្រធានាធិបតី​ចិន​នៅ​កម្ពុជា លោក ស៊ី ជិន​ពីង គឺ​បង្ហាញ​ពី​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​និង​ចិន ហើយក៏​អាច​ពង្រឹង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ថែមទៀត​។ គួរ​បញ្ជាក់ថា​ក្នុងជំនួប​ពិភាក្សា​ដ៏​កម្រ​មួយ​រវាង លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ជា​គណបក្សជំទាស់​ធំជាងគេ​នៅ​កម្ពុជា ជាមួយ​អតីត​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា គឺ​អ្នកស្រី ប៊ួ ជាង​ហ្គូ កាលពី​ខែ មីនា ឆ្នាំ​២០១៥ លោក កឹម សុខា បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​និង​ប្រជាពលរដ្ឋ​កម្ពុជា​គាំទ្រ​ទំនាក់ទំនង​និង​ការវិនិយោគ​ចិន​នៅ​កម្ពុជា​តែ​ការវិនិយោគ​ត្រូវមាន​គុណភាព​និង​មាន​តម្លាភាព​ចៀសវាង​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​មន្ត្រី​ខិលខូច​កម្ពុជា​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​និង​ប្រទេស​កម្ពុជា​ដោយ​សមធម៌​៕

14570279_1752386881679424_4192340470640385510_n