ញាក់សាច់ ! បុក​រះ​៣​នាក់​ផ្លោង​ទៅ​ផ្ទប់​ហើយ​ទម្លុះ​ចូល​ក្នុងផ្ទះ​ទៀត

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង ដោយ​រថយន្ត​១​គ្រឿង​បាន​បោះពួយ​យ៉ាង​លឿន​រេ​ចុះ​រេ​ឡើង​រេ​ទៅ​បុក​រះ​មនុស្ស​៣​នាក់​ផ្លោង​ទៅ​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​រួច​បុក​ទម្លុះ​ចូល​ទៅ​ក្នុងផ្ទះ​ទៀត​ផង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខាងកើត​ស្ពានថ្ម​ចំងាយ​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ។

លោក​វរសេនីយ៍ត្រី យឹ​ម ស៊ា​ង​ហៃ អធិការរង​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-8415 បើកបរ​ដោយ​ឈ្មោះ យាន ធា​រិ​ទ្ធ​ហៅ​ជឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឆ្លងកាត់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។ ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ស៊ុម សំ​អាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ប៉ះ​កង់​ឡាន​ម៉ូតូ​(​ស្លាប់​នៅ​មន្ទីរពេទ្យ​), ២-​ឈ្មោះ លី រចនា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​បងថ្លៃ ស៊ុម សំ​អាន មុខរបរ​លក់​សាំង និង​ភេសជ្ជៈ​បន្តិចបន្តួច​ពេល​យប់​(​ស្លាប់​នៅ​មន្ទីរពេទ្យ​) និង ៣-​ក្មេង​ស្រី​ទើបតែ​អាយុ​៩​ខែ ជា​កូន​របស់ ស៊ុម សំ​អាន (​ស្លាប់​នៅ​មន្ទីរពេទ្យ​) ។ ទាំង​៣​នាក់​រស់នៅ​ភូមិ​ប្រឡាយ​ធំ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ត្រូវជា​កូន កូនប្រសារ និង​ជា​ចៅ​របស់​លោក ស៊ូ ប៊ុ​ន​លី មេ​ភូមិ​ស្ពានថ្ម​និង​ប្រពន្ធ​ឈ្មោះ ប៉ែន ស៊ី​ផាត សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ព្រៃ​ញី ។

លោក​អធិការរង​បន្ត​ទៀត​ថា ជា​រៀង​រាល់​យប់​ជន​រង​គ្រោះ​តែងតែ​មក​ប៉ះ​កង់​ឡាន​ម៉ូតូ លក់​សាំង និង​ភេសជ្ជៈ​បន្តិចបន្តួច​នៅ​កន្លែង​កើតហេតុ​ខាង​មុខ​ផ្ទះ​ដែល​ចាក់សោរ​ចោល ។ នៅ​យប់​នោះ​គេ​ឃើញ​រថយន្ត​បា​ឡែ​ន​ខាងលើ​បោះពួយ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ម្ដង​រេ​ចង្កូត​ទៅ​ឆ្វេង ម្ដង​រេ​ទៅ​ស្ដាំ ទំនងជា​ស្រវឹងស្រា​ជោកជាំ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រ៉េ​ចង្កូត​បុក​រះ​ជន​រង​គ្រោះ​ទាំង​៣​ប៉ើង​ដូច​រឿង​ភាគ​ចិន​ទៅ​ផ្ទប់ និង​ទម្លុះ​ផ្ទះ​ដែល​គេ​ចាក់សោរ​ចោល​ជាប់​នៅ​ត្រឹមនោះ​តែ​ម្ដង ។ ភ្លាម​ៗ​នោះ​គេ​ឃើញ​មនុស្ស​៣​នាក់​ប្រុស​២​នាក់ ស្រី​ម្នាក់​វា​ចេញពី​ក្នុង​រថយន្ត​ទាំង​មាន​ស្នាម​របួស ហើយ​ខណៈ​ពេល​កំពុង​វឹកវរ​នោះ​២​នាក់​បាន​គេចខ្លួន​បាត់ សល់​តែ​អ្នកបើកបរ​ម្នាក់ឯង​ប៉ុណ្ណោះ​ដែល​ស្រវឹង​ខ្លាំង​ទៅ​ណា​មិន​រួច ។

បន្ទាប់​ពី​ដឹង​ព័ត៌មាន​នេះ​ភ្លាម លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ចុះ​ទៅ​អន្តរាគមន៍​ផ្ទាល់​ដោយ​បាន​ចាត់ចែង​រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ជា​បន្ទាន់ ប៉ុន្តែ​ទើបតែ​ដល់​មន្ទីរពេទ្យ​ក៏​ស្លាប់​ទាំង​៣​នាក់​ទៅ ។

សមត្ថកិច្ច​បាន​វាស់​ជាតិ​អាល់កុល​អ្នកបើកបរ​មាន​ជាតិ​អាល់កុល​៦៥​ចុច​ក្នុង​មួយ​លី​ត្រ​ខ្យល់ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង ។ អ្នកបើកបរ​ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើកបរ​ផ្ទុក​ជាតិ​ស្រវឹង ស្លាប់​មនុស្ស និង​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។ នេះ​សំណាង​ហើយ​ដែល​ក្នុងផ្ទះ​គ្មាន​មនុស្ស​ស្នាក់​នៅ បើ​មាន​វិញ​មិនដឹង​ជា​ស្លាប់​ថែម​ប៉ុន្មាន​នាក់​ទៀត​ទេ ៕