បង្ក្រាប​លូ​ស្បែ​មុង​នៅ​អតីត​ឡូត៍​នេសាទ​លេខ​៨ រឹបអូស​បាន​លូ​ស្បៃ​មុង​រាប់​ពាន់​ម៉ែត្រ

ខេត្តកំពង់ចាម ៖ ក្រោយ​ពី​មានការ​លេចឮ​បាតុភាព​ថា មាន​សកម្មភាព​ដាក់​លូ​ស្បៃ​មុង​ព្រោងព្រាត​យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​បឹងរ​យា និង​បឹង​បុរស ដែល​ជា​អតីត​ឡូត៍​នេសាទ​លេខ​៨ ស្ថិត​នៅ​ឃុំ​ល្វេ ស្រុក​កោះសូទិន ដើម្បី​ចាប់​យក​ត្រី នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ដោយ​មិន​មាន​មន្ត្រី​ជលផល​ចូលរួម​នោះ​ទេ គឺ​បាន​រឹបអូស​ស្បៃ​មុង​ជា​ច្រើន​ពាន់​ម៉ែត្រ    ព្រមទាំង​បាន​ចាក់​លែង​កូន​ត្រី​ចូល​ទៅ​ក្នុង​ទឹក​បឹង​ផង​ដែរ ។

លោក​វរសេនីយ៍ទោ ប្រេង ហ៊ី​ម អធិការ​នគរបាល​ស្រុក​កោះសូទិន ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​រូប​លោក​បាន​ទទួលបញ្ជា​ពី​ប្រធាន​គណៈកម្មការ​ឯកភាព​ស្រុក​រួច​មក លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​នគរបាល​ជា​ច្រើន​នាក់​ដោយ​ត្រូវ​បាន​បាន​ចំណាយ​ពេលវេលា​ជាង​២​ម៉ោង​ជិះ​តាម​ទូក​ម៉ាស៊ីន​២​គ្រឿង​ទើប​ដល់​គោលដៅ ចូល​ទៅ​ក្នុង​អតីត​ឡូត៍​នេសាទ​លេខ​៨ ដែល​មើលទៅ​មាន​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ​នា​រដូវវស្សា​នេះ ។

លោក​វរសេនីយ៍ទោ ប្រេង ហ៊ី​ម ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​រូប​លោក​បាន​ជិះទូក​មើល​នៅ​ក្នុង​បឹងរ​យា ដែល​ថ្មី​ៗ​នេះ​ល្បី​ថា​មាន​បទល្មើស​នេសាទ​ជា​ច្រើន​ស្អេកស្កះ ជិះទូក​មិន​ចង់​កើត​នោះ​គឺ​មិន​ពិត​នោះ​ទេ ។ ដោយ​បាន​ជិះ​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក៏​ប្រទះ​ឃើញ​ការ​ដាក់​លូ​ស្បៃ​មុង​បាន​លើកដាក់​លើ​ទូក រួម​ទាំង​បង្គោល​ត្រូវ​បាន​ដក និង​កាប់​បំផ្លាញ​ចោល​ក្នុង​នោះ​រួ​មាន​ដូច​ជា ១-​លូ​ស្បៃ​មុង​ចំនួន​១៤​មាត់ ២-​របាំង​ប្រវែង​១៧៥០​ម៉ែត្រ    ៣-​បង្គោល​ឫស្សី​១២០០​ដើម ៤- រាវ​ចំនួន​២​មាត់ និង​របាំង​ប្រវែង​១២០​ម៉ែត្រ ។ ឧបករណ៍​ទាំងនោះ​ត្រូវ​បាន​នាំ​មក  រក្សា​ទុក​នៅ​សាលាស្រុក​កោះសូទិន ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី​ច្បាប់ ។

លោក​អធិការ​នគរបាល​ស្រុក​កោះសូទិន បញ្ជាក់​ថា ក្នុង​នោះ​ស្បៃ​មុង​៤​មាត់​ត្រូវ​បាន​កម្ទេច​ចោល​នៅ​នឹង​កន្លែង​ចុះ​បង្ក្រាប​តែ​ម្តង ក្នុង​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចុះ​ទៅ​កាន់​បឹងរ​យា​មិន​បានឃើញ​មុខ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ណា​ម្នាក់​នោះ​ទេ  ព្រោះថា កម្លាំង​ចុះ​ទៅ​បង្ក្រាប​នៅ​វេលា​ម៉ោង​៥​ព្រឹក ហើយនឹង​បន្តសកម្មភាព​រហូត​ដល់​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ទើប​រួចរាល់ លោក​ថា នឹង​បន្ត​ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​ឲ្យ​បាន​ដូច​ភ្លៀងរលឹម​ធ្វើ​យ៉ាងណា​ឲ្យ​បទល្មើស មានការ​ថមថយ​កាន់តែ​តិច​ទៅ​ៗ ៕