មិន​ប្រណី ​បុរស​ពិការ​ជើង​ម្ខាង មិន​អាច​រត់​ចេញ​ក្នុងផ្ទះ​ឆេះ​បាន

ខេត្ត​ត្បូងឃ្មុំ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ឈើ​មាន​កម្ពស់​ប្រហែល​១​ម៉ែត្រ  ទំហំ​៣​គុណ​៤​ម៉ែត្រ ប្រក់​ស័ង្កសី ស្ថិត​ក្នុងភូមិ​ម្រាម​ទា​ឃ  ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ត្រូវ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ បណ្តាល​ឱ្យ​បុរស​ពិការ​ជើង​ម្ខាង​ម្នាក់ នៅ​ក្នុង​ភ្លើង​រលាក​រលេះរលួយ​ពេញ​ខ្លួន ដែល​ហេតុការណ៍​នោះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែលជា​៤​ទៀប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ២០១៦ ដែល​មិនដឹង​ពី​មូលហេតុ​នោះ​ទេ ហើយ​ត្រូវ​សាច់ញាតិ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម  តែ​ដោយ​ស្ថានភាព​របួស ធ្ងន់​ពេក ត្រូវ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​វិញ ។

បើ​តាម​ស្ត្រី​ចំណាស់​ជា​ម្តាយបង្កើត​ឈ្មោះ​ធូ អ៊ី​ម អាយុ​៦៥​ឆ្នាំ បាន​ប្រាប់​ថា ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​សម្រាន្ត​លើ​ផ្ទះ​មួយ រាង​ឆ្ងាយ​ពី​ផ្ទះ​កូន (​ផ្ទះ​កើតហេតុ​) ស្រាប់តែ​នៅ​វេលា​ម៉ោង​ខាងលើ ឃើញ​មាន​អណ្តាតភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ​កូនប្រុស​ឈ្មោះ​គី​ន គឹ​ម​រិ​ទ្ធ អាយុ​៣៩​ឆ្នាំ ដែល​កំពុង​តែ​ដេក​ម្នាក់ឯង​នោះ ឡើង​ប្រ​ហម​ច្រាល​ទៅ​ហើយ ។

ម្តាយ​បន្ត​ថា ភ្លាម​ៗ​នោះ គាត់​បាន​ប្រញាប់​ក្រោក​ពីលើ​ផ្ទះ​បើកទ្វារ​ចុះ​រត់​មក​ផ្ទះ​ឆេះ​ជាមួយនឹង​កូន​ៗ​ផ្សេង​ទៀត ព្រមទាំង​ស្រែកហៅ​គេឯង​ឱ្យ​ជួយ​ដងទឹក​ជះ​ពន្លត់ ។ លុះ​ពេល​ដែល​ភ្លើង​បាន​រលត់​ទៅ ឃើញ​កូនប្រុស​ដែល​ពិការ​ជើង បាន​រលាក​ឡើង​ពេញ​ខ្លួន​។
ដំបូង មិន​សង្ឃឹមថានឹង​រស់​នោះ​ទេ ព្រោះ​នៅ​ត្រង់​.​ក​ឃើញ​មាន​ស្នាម​របួស​ហូរ​ឈាម  ដោយសារ​តែ​ធ្លាក់​ឈើ​ត្រូវ និង​ប្រញាប់​ហៅ​រថយន្ត​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ភ្លាម​ៗ ។

ក្នុង​ពេល​ដែល​ដឹក​មក​ដល់​ពេទ្យ​ខេត្តកំពង់ចាម  ដោយ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា របួស​ដែល​រលាកភ្លើង​មាន​សភាព​ធ្ងន់ មិន​អាច​ព្យាបាល​បាន គឺ​តម្រូវ​ឱ្យ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​រាជធានី​ភ្នំពេញ  ។

ស្ត្រី​ជា​ម្តាយ​បាន​រំលឹក​ថា  មាន​ពេល​មួយ​ក្នុង​ពេល​ដែល​កូន​ឈ្មោះ​រិ​ទ្ធ អាយុ​ពុំ​ទាន់​ដល់​១០​ឆ្នាំ​ផង បាន​ទៅ​រៀន​នៅ​សាលា ពេល​ដែល​ឃើញ​គ្រឿងចក្រ​អា​អ៊ិ​ច នាំ​គ្នា​ឡើង​លេង ចៃដន្យ​គ្រឿងចក្រ​នោះ​ដំណើរការ អ្នកកា​ន់ប​ង្កូ​ត​មិន​បាន​មើល​ឆ្វេង​ស្តាំ​ថា មាន​ក្មេង​ឫ​អត់​ក៏​ជើង​ទម្រ​គ្រឿង​អា​អ៊ិ​ច បាន​សង្កត់​លើ​ជើង​ឆ្វេង​បាក់ជើង​ឡើង​ខ្ទេច​ឆ្អឹង ត្រូវ​បាន​ពេទ្យ​កាត់​លើ​កែងជើង​ចេញ ។