ប្រាក់​យន់​ចិន​មាន​ស្ថិរភាព​ធៀប​នឹង​រូបិយប័ណ្ណ​ផ្សេង​ទៀត

ប្រទេស​ចិន ៖ អត្រា​ប្តូរ​ប្រាក់​យន់ បាន​បន្ត​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​អង្គារ ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​នេះ​បង្ហាញ​ពី​អត្រា​ប្តូរ​ប្រាក់​យន់​មាន​ស្ថិរភាព ធៀប​នឹង​រូបិយប័ណ្ណ​ផ្សេង​ទៀត​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ជួញដូរ​ប្តូរ​ប្រាក់​បរទេស​ចិន ។

មន្ត្រី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ប្តូរ​ប្រាក់​បរទេស​ជាន់ខ្ពស់​មួយ​មក​ពី​ធនាគារពាណិជ្ជ​ក្នុងស្រុក​បាន​និយាយ​ថា អត្រា​ប្តូរ​ប្រាក់​យន់​នេះ​នឹង​ប្រែប្រួល​ឡើង​ចុះ​ចន្លោះ​ពី​៦,៨០​ពិន្ទុ និង​៦,៧០​ពិន្ទុ នា​ពេល​អនាគត ហើយ​ការ​ដាក់​បញ្ចូល​ថ្មី​នៅ​ក្នុង​ស្ថាប័ន​IMF នឹង​ជួយ​ឱ្យ​រូបិយប័ណ្ណ​នេះ​មាន​ស្ថិរភាព ធៀប​នឹង​រូបិយប័ណ្ណ​ផ្សេង​ទៀត ។

លោក Lu Zhengwei ប្រធាន​សេដ្ឋវិទូ​នៃ​ធនាគារ​ឧស្សាហកម្ម​បានឱ្យ​ដឹង​ថា ការ​ប្រែប្រួល​ដ៏​ខ្លាំង​នៃ​រូបិយប័ណ្ណ​ផ្សេង​ទៀត ដូច​ជា​លុយ​ផោន ធៀប​នឹង​ប្រាក់​ដុល្លារ​ចាប់តាំងពី​ដើមខែ​តុលា​នេះ បាន​នាំ​ឱ្យ​ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​មាន​ភាព​កាន់តែ​ខ្លាំង ខណៈ​ដែល​អត្រា​ប្តូរ​ប្រាក់​យន់​នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​មាន​ភាព​ថេរ ។

បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​យន់​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ចន្ទ ធនាគារកណ្តាល​មិន​បាន​រៀបចំ​យន្តការ​ដូច​កាលពីមុន​ទេ ដែល​វា​ជា​សញ្ញា​ថ្មី​មួយ​នៃ​គោលនយោបាយ​តម្រង់​ទិស​ដៅ​ទីផ្សារ​កាន់តែ​ច្រើន ជាមួយនឹង​ភាព​ស៊ូទ្រាំ​កាន់តែ​ខ្លាំង​នៃ​ការ​ប្រែប្រួល​ប្រាក់​យន់ ។ នេះ​បើ​យោង​តាម​លោក​Xie Yaxuan អ្នកវិភាគ​មក​ពី China Merchant Securities ។

លោក Sun Lijian អ្នក​ស្រាវជ្រាវ​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ Fudan បាន​និយាយ​ថា ប្រាក់​យន់​ស្ថិត​នៅ​ក្រោម​ការ​បង្កើន​សម្ពាធ​ពី​ការ​ធ្លាក់​ចុះ​ចាប់តាំងពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​ទិន្នន័យ​ផលិតកម្ម​PMI​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​នៃ​ស​ន្ទ​ស្សន៍​ទំនុកចិត្ត​អតិថិជន និង​ទិន្នន័យ​ការងារ​។​ចំណែកឯ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ខាង​មុខ​របស់​សហរដ្ឋអាមេរិក លោក​រំពឹង​ថា​នឹង​មានការ​កើនឡើង​អត្រា​ការ​ប្រាក់​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ពាក់កណ្តាល​ខែធ្នូ ។ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា អត្រា​ប្តូរ​ប្រាក់​យន់​ក៏​ដើរ​តាម​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការ​ផ្គត់ផ្គង់​និង​តម្រូវការ​នៃ​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​ផង​ដែរ ។ បើ​ការ​ផ្គត់ផ្គង់​និង​តម្រូវការ​មាន​ស្ថិរភាព អត្រា​ប្តូរ​ប្រាក់​យន់​ក៏​នឹង​ទទួល​បានការ​គាំទ្រ​ដែរ ។

លោក Xie បាន​ថ្លែង​ថា ៖ «​ទិន្នន័យ​សេដ្ឋកិច្ច​ថ្មី​បាន​បង្ហាញ​ថា អត្រា​ប្តូរ​ប្រាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ស្ថិរភាព ដូច្នេះ​ការ​ធ្លាក់​ចុះ​នា​ពេល​ថ្មី​ៗ​នេះ នឹង​មាន​ឥទ្ធិពល​កំណត់​មួយ​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ និង​ឥរិយាបថ​នៃ​វិស័យសេដ្ឋកិច្ច​ចម្បង » ៕