វិធានការ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ក្លាយទៅជា​រឿង​ឥតន័យ​

មួយ​រយៈពេល​កន្លងទៅ​នេះ បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៃ​ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក៏​កើតមាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដែរ​។ ហេតុនេះហើយ​ទើប​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ ក៏ដូចជា​សកម្មជន​ព្រៃឈើ​បាន​រិះគន់ថា សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ក្លាយទៅជា​រឿង​ឥតន័យ​។ ជាក់ស្ដែង​បច្ចុប្បន្ន​ឈ្មួញ​ធំៗ​មិន​ញញើត​នឹង​ការប្រព្រឹត្ត​បទល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះឡើយ ព្រោះ​ពួកគេ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​។

គួរ​រំលឹក​ដែរ​ថា កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៦ រដ្ឋាភិបាល​លោក ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ​មួយ​ស្ដីពី​វិធានការ​ចាំបាច់​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា ក៏ប៉ុន្តែ​ក្រោយ​ពេលចេញ​សារាចរ​នោះ បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ឡង់ និង​ក្នុង​តំបន់​ផ្សេងៗ​ទៀត​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​វាយតម្លៃថា សារាចរ​ណែនាំ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ពុំមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​ក្រុម​ឈ្មួញ​ធំៗ​កំពុង​បំពាន​លើ​សារាចរ​នោះ​យ៉ាង​ក្រអឺតក្រទម​ដូច​មុន​ដដែល​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ឃ្លាំមើល​ធនធានធម្មជាតិ​ប្រទេស​កម្ពុជា​បាន​រកឃើញថា ព្រៃឈើ​ដែល​នៅ​សេសសល់​ចុងក្រោយ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ ខេត្តកោះកុង ខេត្តមណ្ឌលគិរី តំបន់​ព្រៃ​ឡង់ ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ​ជាដើម នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។

​តាម​ការស្រាវជ្រាវ​និង​ចុះ​ស៊ើបអង្កេត​ដល់​កន្លែងកើតហេតុ​របស់​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ក្រុម​ឈ្មួញ​ដែល​បន្តសកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ភាគច្រើន​មាន​ខ្នង​ជា​មន្ត្រីជាន់ខ្ពស់ ហើយ​អ្នកខ្លះ​មាន​ងារ​ជា​ឧកញ៉ា និង​ជាម​ន្ត្រី​ប្រដាប់អាវុធ​ជាដើម​។ ចំណែក​ក្រុម​ជនល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​របស់​រដ្ឋ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ គឺជា​អ្នកមាន​លុយ អ្នកមានអំណាច មាន​ខ្នងបង្អែក​រឹងមាំ ទើប​ពួកគេ​ហ៊ាន​បំពាន​ច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា ខេត្តព្រះវិហារ ក៏ដូចជា​តំបន់​ផ្សេងទៀត​នៃ​ព្រៃ​ឡង់​កំពុង​កើតឡើង​យ៉ាង​រាលដាល​។ អ្វីដែល​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រិះគន់​នោះ គឺ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​ក្នុងការ​បង្ក្រាប​បទល្មើស​នោះទេ ផ្ទុយទៅវិញ​ពួកគេ​គឺជា​អ្នកប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ និង​ក្រុម​ជនល្មើស​យ៉ាង​សុខ​ស្រួល​តាម​ទម្លាប់​របស់ខ្លួន​៕

logging_305 1affc4bb-08e5-418d-9b5c-a55dcc16e79f def18d78-1a7c-4373-8fdb-25c5ad536f96