ប្រទេស​ចិន​បញ្ជា​ទិញ​អង្ករ​ពី​ថៃ​ជា​លើក​ដំបូង​ក្រោម​កិច្ចព្រមព្រៀង G2G

ប្រទេស​ថៃ ៖ ប្រទេស​ចិន​បាន​យល់ព្រម​ទិញ​អង្ករ​របស់​ថៃ ចំនួន​១០​ម៉ឺន​តោន​ជា​លើក​ដំបូង​នៅ​ក្រោម​កិច្ចសន្យា​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល (G2G) សម្រាប់​អង្ករ​ចំនួន​១​លាន​តោន ដែល​កិច្ចសន្យា​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ខែធ្នូ ឆ្នាំ​មុន ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​សម្រាប់​ការ​បញ្ជា​ទិញ​លើក​ដំបូង​ក្រោម​កិច្ចសន្យា G2G ជាមួយ​ប្រទេស​ចិន នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ខែ​នេះ និង​ខែ​ក្រោយ ។ ចំណែក​តម្លៃ​ដែល​បាន​ព្រមព្រៀង​គ្នា គឺ​ល្អ​គ្រាន់បើ ដោយសារ​ពួក​គេ​បាន​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​ទីផ្សារ និង​ទទួល​បាន​តម្លៃ​ខ្ពស់​ជាង​បណ្តា​ប្រទេស​គូប្រជែង​នាំ​ចេញ​អង្ករ ដូច​ជា ៣៣២​ដុល្លារ​ក្នុង​១​តោន​សម្រាប់​អង្ករ​វៀតណាម និង​៣៣៥​ដុល្លារ​ក្នុង​១​តោន​សម្រាប់​អង្ករ​ប៉ា​គី​ស្ថាន ។

លោកស្រី​និយាយ​ថា ៖ « ការ​ទិញ​របស់​ប្រទេស​ចិន គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​អង្ករ​ថ្មី​ក្នុង​អំឡុង​រដូវ​ប្រមូល​ផល ។ វា​នឹង​ជួយ​បង្កើន​ការ​លក់​អង្ករ​របស់​ថៃ និង​ធានា​ថា តម្លៃ​អង្ករ​មិន​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​អំឡុង​រដូវ​ប្រមូល​ផល » ។

ដើម្បី​បន្ត​ការ​បញ្ចេញ​អង្ករ​ពី​ក្នុង​ស្តុក ក្រសួង​នឹង​ធ្វើ​បេសកកម្ម Roadshow ដើម្បី​ជំរុញ​ការ​លក់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ។ លោកស្រី Apiradi បន្ថែម​ថា ប្រទេស​ថៃ​នឹង​ចូលរួម​ដេញថ្លៃ​ផ្គត់ផ្គង់​អង្ករ​ដល់​ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​ត្រូវ​គេ​រំពឹង​ថា នឹង​មានការ​ដេញថ្លៃ​អង្ករ​កាន់តែ​ច្រើន​នា​ពេល​អនាគត ។

ទន្ទឹម​នឹង​នេះ ប្រទេស​ថៃ​បាន​កែ​លម្អ​ស្តង់ដា​នាំ​ចេញ​អង្ករ​ផ្កាម្លិះ​របស់​ខ្លួន ដោយ​បង្កើន​ប្រភេទ​អង្ករ និង​ផ្តល់​ឈ្មោះ​ផ្សេង​ៗ​គ្នា​កាន់តែ​ច្រើន ក្នុង​គោលបំណង​លើកកម្ពស់​កំណើន​នាំ​ចេញ​អង្ករ Hom Mali របស់​ថៃ ព្រមទាំង​ធានា​ឱ្យ​បាន​នូវ​ភាព​ខុស​គ្នា​រវាង​អង្ករ​ក្រអូប​ថៃ និង​អង្ករ​ផ្សេង​ៗ​ទៀត ។

លោកស្រី Duangporn Rodphaya អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​នៃ​ក្រសួងពាណិជ្ជកម្ម ថ្លែង​ថា ប្រទេស​ថៃ​ត្រូវ​កែប្រែ​ស្ដង់ដា​នៃ​ការ​នាំ​ចេញ​អង្ករ​ផ្កាម្លិះ​របស់​ខ្លួន ដើម្បី​បង្កើន​ឱកាស​នាំ​ចេញ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន​ខុស​ៗ​គ្នា​លើ​ទីផ្សារ ។ លោកស្រី​បញ្ជាក់​ថា ៖ « ស្តង់ដា​ថ្មី​នេះ​នឹង​បម្រើ​ដល់​អតិថិជន​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ទីផ្សារ​ផ្សេង​ៗ​គ្នា ដោយសារ​ឥរិយា​បទ​របស់​អតិថិជន​បាន​ផ្លាស់​ប្តូរ ។ ទីផ្សារ​មួយ​ចំនួន​ពេញចិត្ត​អង្ករ​ផ្កាម្លិះ​មានគុណ​ភាព​ខ្ពស់​ក្នុង​តម្លៃ​លក់រាយ​ណាមួយ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​ពេញចិត្ត​អង្ករ​ផ្កាម្លិះ​ក្នុង​តម្លៃ​ទាប » ។

ស្ដង់ដា​ថ្មី​នេះ នឹង​ចូល​ជា​ធរមាន​នៅ​ខែធ្នូ ដោយ​ក្រសួង​បាន​ណែនាំ​អង្ករ​ផ្កាម្លិះ​ថៃ​ចំនួន​៣​ប្រភេទ ។

-​ទីផ្សារ​លំដាប់​ខ្ពស់ នឹង​មាន​អង្ករ​ផ្កាម្លិះ​៩២% ជាមួយ​ប្រភេទ​អង្ករ​ល្អ​ជាងគេ គឺ​អង្ករ Hom Mali ថៃ ។
-​ទីផ្សារ​កណ្តាល នឹង​មាន​អង្ករ​ផ្កាម្លិះ​ចំនួន​៨០% គឺ​អង្ករ​ផ្កាម្លិះ​ថៃ ឬ​អង្ករ​ក្រអូប​ថៃ ។

លោកស្រី Duangporn ឱ្យ​ដឹង​ថា អង្ករ​ប្រភេទ​កណ្តាល​នេះ​ផ្តោត​លើ​ការ​ប្រកួតប្រជែង​ជាមួយ​អង្ករ​ក្រអូប​ពី​ប្រទេស​ផ្សេង​ទៀត ដែល​វា​មានមុខ​ងារ​ជា «​ម៉ាក​ប្រជែង​» សម្រាប់​អង្ករ​ផ្កាម្លិះ​ថៃ ដោយសារ​តម្លៃ​របស់​វា​នឹង​ទាប​ជាង​អង្ករ Hom Mali ។

-​ទីផ្សារ​ថ្នាក់ទាប ក្រសួងពាណិជ្ជកម្ម​នឹង​បើកឱកាស​សម្រាប់​អង្ករ​ក្រអូប​ផ្សេង​ទៀត​របស់​ថៃ ដើម្បី​បម្រើ​ការ​ទាមទារ​ផ្សេង​គ្នា​នៃ​ទីផ្សារ ៕