IEA ៖ ទីផ្សារ​ប្រេង​អាច​មាន​លំនឹង​ឡើង​វិញ ប្រសិនបើ OPEC ធ្វើ​តាម​គោលដៅ

ក្រុង​ឡុ​ង​ដ៍ ៖ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការ​ផ្គត់ផ្គង់​ប្រេង​លើ​សកលលោក​អាច​មាន​លំនឹង​ជាមួយនឹង​តម្រូវការ​លឿន ប្រសិនបើ OPEC និង​ប្រទេស​រុ​ស្ស៊ី យល់​ស្រប​កាត់​បន្ថយ​ផលិតកម្ម ប៉ុន្តែ​វា​នៅ​តែ​មិន​ទាន់​ច្បាស់​ទេ​ថា អាច​នឹង​កើតឡើង​បាន​លឿន​ប៉ុណ្ណា ។

OPEC ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​យល់​ស្រប​កាលពី​ខែ​មុន​ថា នឹង​កាត់​បន្ថយ​ផលិតកម្ម​មក​ត្រឹម​៣២.៥​លាន​ធុង ពី​៣៣​លាន​ធុង​ក្នុង​១​ថ្ងៃ ហើយ​ប្រទេស​រុ​ស្ស៊ី ក៏​បាន​បង្ហាញ​ពី​សញ្ញា​ចូលរួម​ធ្វើ​ឲ្យ​មាន​លំនឹង​ឡើង​វិញ​នៃ​ការ​ផ្គត់ផ្គង់ និង​កាត់​បន្ថយ​បរិមាណ​ប្រេង​ឆៅ​ដែល​មាន​លើសលប់​ផង​ដែរ ។

ការ​ផ្គត់ផ្គង់​លើសលប់​នេះ ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ពី​១១៥​ដុល្លារ​ក្នុង​១​ធុង​ក្នុង​ខែមិថុនា ឆ្នាំ​២០១៤ មក​ត្រឹមតែ​២៧​ដុល្លារ​ក្នុង​១​ធុង​ក្នុង​ខែមករា ឆ្នាំ​នេះ ។ តាំងពី​ពេល​នោះ​មក តម្លៃ​ប្រេង​ឆៅ​បាន​ងើបឡើង​វិញ​ប្រមាណ​៥០​ដុល្លារ​ក្នុង​១​ធុង ព្រោះ​គេ​រំពឹង​ថា នឹង​មានការ​កាត់​បន្ថយ​ផលិតកម្ម ។

IEA បាន​និយាយ​ក្នុង​សេចក្តីរាយការណ៍​សម្រាប់​ខែសីហា​ថា ពួក​គេ​ជឿជាក់​ថា តម្រូវការ​ប្រេង​របស់​ពិភពលោក នឹង​កើនឡើង​១.២​លាន​ធុង​ក្នុង​១​ថ្ងៃ​នៅ​ឆ្នាំ​ក្រោយ ។ ប៉ុន្តែ​បាន​កាត់​បន្ថយ​បរិមាណ​ដែល​ព្យាករណ៍​លើ​ការ​លូតលាស់​ក្នុង​ឆ្នាំ​២០១៦ ពី​១.៣​លាន​ធុង​ក្នុង​១​ថ្ងៃ មក​ត្រឹម​១.២​លាន​ធុង​ក្នុង​១​ថ្ងៃ ។

IEA បន្ត​ថា ៖ « ទោះបីជា​មាន​សញ្ញា​បង្ហាញ​ថា ប្រេង​ស្តុក​ទុក​ដែល​មាន​លើសលប់​នោះ​កំពុង​តែ​ថយ​ចុះ​ក្តី ក៏​ការ​ព្យាករ​លើ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​បង្ហាញ​ថា ប្រសិនបើ​ទីផ្សារ​ត្រូវ​បាន​ទុក​ចោល​ដំណើរការ​ដោយ​ឯកឯង​នោះ ការ​ផ្គត់ផ្គង់​លើសលប់​នៅ​តែ​មាន​ក្នុង​ឆមាស​ទី​១​ឆ្នាំ​ក្រោយ ។ ប្រសិនបើ OPEC អនុវត្ត​តាម​គោលដៅ​ថ្មី​នោះ លំនឹង​ទីផ្សារ​នឹង​កើត​មាន​ឡើង​កាន់តែ​ឆាប់ » ។

ភ្នាក់ងារ​ខាងលើ​បន្ថែម​ថា ៖ « ក្នុង​ដំណាក់កាល​នេះ វា​ពិតជា​ពិបាក​ព្យាករណ៍​ថា តើ​ការ​កាត់​បន្ថយ​ផលិតកម្ម​របស់ OPEC នឹង​មាន​ឥទ្ធិពល​យ៉ាងដូច​ម្តេចទៅ​លើ​ទីផ្សារ ។ ការ​បង្កើន​ផលិតកម្ម​ឡើង​វិញ​ក្នុង​ប្រទេស​លី​ប៊ី និង​នី​ហ្សេ​រី​យ៉ា ក៏​ដូច​ជា​ការ​កើនឡើង​ពី​ប្រទេស​អុ​ី​រ៉​ង់ មាន​ន័យ​ថា ការ​កាត់​បន្ថយ​កាន់តែ​ធំ គួរតែ​ត្រូវ​ធ្លាក់​ក្នុង​បន្ទុក​របស់​ប្រទេស​ដទៃ​ដូច​ជា អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​សម្រេច​គោលដៅ​ផលិតកម្ម » ។

ប្រទេស​អីុ​រ៉​ង់​កំពុង​ចង់​គ្រប់គ្រង​ទីផ្សារ​ជា​ថ្មី​វិញ បន្ទាប់​ពី​មានការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ប្រទេស​លោក​ខាងលិច​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក ។ ចំណែក​ប្រទេស​លី​ប៊ី មាន​ភាព​ចលាចល​ដែល​នាំ​ឲ្យ​មានការ​កាត់​បន្ថយ​ផលិតកម្ម និង​ការ​វាយប្រហារ​ជា​ច្រើន​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង ដោយ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​ផង​ដែរ ។

ប្រទេស​ទាំង​បី​ខាងលើ​ត្រូវ​បាន​គេ​គិត​ថា អាច​នឹង​មិន​ចាំបាច់​រាប់​ចូល​ក្នុង​ការ​កាត់​បន្ថយ​ផលិតកម្ម​នោះ​ទេ មាន​ន័យ​ថា ការ​កាត់​បន្ថយ​អាច​នឹង​ធ្លាក់​ក្នុង​បន្ទុក​របស់​សមាជិក​ផលិត​ប្រេង​ច្រើន​ដូច​ជា អា​រ៉ា​ប៊ី​សា​អូឌីត និង​អីុ​រ៉ា​ក់ ។

IEA ព្យាករណ៍​ថា នឹង​មានការ​ធ្លាក់​ចុះ​នូវ​ផលិតកម្ម​ប្រមាណ​៩០​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ​សម្រាប់​ប្រទេស​មិនមែន​សមាជិក OPEC ក្នុង​ឆ្នាំ​២០១៦ មក​ស្មើនឹង​៥៦.៦​លាន​ធុង​ក្នុង​១​ថ្ងៃ ហើយ​ព្យាករណ៍​ថា នឹង​កើនឡើង​វិញ​ប្រមាណ​៤០​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ នា​ឆ្នាំ​២០១៧ ។

ប្រេង​ក្នុង​ស្តុក​លើ​ពិភពលោក បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​បង្អស់​តាំងពី​ខែមីនា មក​ត្រឹម​៣.០៩២​ប៊ី​លាន​ធុង ។

ភ្នាក់ងារ​ខាងលើ​ឱ្យ​ដឹង​ថា តម្រូវការ​ពិភពលោក​បាន​បន្ត​អន់​ថយ បន្ទាប់​ពី​កើន​ដល់​២.៥​លាន​ធុង​ក្នុង​១​ថ្ងៃ​សម្រាប់​ត្រីមាស​ទី​៣​ឆ្នាំ​មុន និង​ធ្លាក់​មក​ដល់​៨០​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​នេះ ដោយសារ​បាន​ធ្លាក់​ចុះ​នៃ​ការ​លូតលាស់ OECD និង​ការ​អន់​ថយ​នៃ​ទីផ្សារ​ក្នុង​ប្រទេស​ចិន ៕