បទល្មើស​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​បឹង​ព្រែ​ករយា ស្រុក​កោះសូទិន គ្មាន​មន្ត្រី​ជំនាញ​ណា​បង្ក្រាប​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​មាន​បទល្មើស​ដាក់​ដាយ​ពេញ​ផ្ទៃ​បឹង​ព្រែ​ករយា ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​កោះសូទិន ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ឃុំ​ល្វេ ស្រុ​កោះសូទិន អំពាវនាវ​ឲ្យ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​មេ​រដ្ឋបាល​ជលផល​ខេត្ត​នេះ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​តទៅទៀត​។ ដោយហេតុថា ការប្រើប្រាស់​ឧបករណ៍​ប្រភេទ​ដាយ​និង​មង​ក្រឡា​ល្អិត កំពុង​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ព្រែ​ករយា ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។

ប្រភពពី​ប្រជាពលរដ្ឋ​ឃុំ​ល្វេ បាន​ឲ្យ​ដឹង​ទៀតថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នោះ អាចមាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​កោះសូទិន និង​មន្ត្រី​អាជ្ញាធរ​ស្រុក​កោះសូទិន​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ជាក់ស្ដែង​បច្ចុប្បន្ននេះ​បទល្មើស​ដាក់​ដាយ​ក្នុង​បឹង​ព្រែ​ករយា កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ហើយ​អ្នកភូមិ​រក​ផ្លូវ​អុំទូក​ស្ទើរតែ​មិនបាន ព្រោះ​ក្នុង​បឹង​ព្រែ​ករយា​ទាំងមូល​មាន​ដាយ​ពាសពេញ​ទៅហើយ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ គួរ​ចា​ត​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ហើយ​ត្រូវ​វែកមុខ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​យកទៅ​ពិន័យ​តាម​ទង្វើ​ដែល​ពួកគេ​ប្រព្រឹត្ត​ផងដែរ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ល្វេ ស្រុក​កោះសូទិន បាន​បង្ហើប​ឲ្យ​ដឹងថា អភិបាលស្រុក​កោះសូទិន គឺជា​អ្នក​បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ព្រែ​ករយា ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​ស្រុក​កោះសូទិន ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការទទួល​ផលប្រយោជន៍​ពី​ក្រុម​ជនល្មើស​ផងដែរ ទើប​ពួកគេ​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដោយ​អស់ជំនឿ​លើ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ក្នុង​មូលដ្ឋាន​ពី​រឿង​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​បឹង​ព្រែ​ករយា ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​អំពី​រឿងនេះ ដើម្បី​ឲ្យ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល បានដឹង​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ជាពិសេស​លោក អេង ជា​សាន គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កោះសូទិន ដែល​កំពុង​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ព្រែ​ករយា​កើតឡើង​យ៉ាង​រាលដាល​ខ្លះ​ផង​៕

l-thai-3

លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម

1d083db3-1e9b-4919-bf3d-6cc5ad156669-300x169