គ្រាប់​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម អង្គការ​ស៊ី​ម៉ាក​ចុះ​ប្រមូល​យក​ទៅ​កម្ទេច​ចោល

ខេត្តកំពង់ចាម ៖ ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នូវ​ភ្លើងសង្គ្រាម ជា​ច្រើន​ឆ្នាំ​កន្លង​មក ត្រូវ​បាន​គេ​សង្កេត​ឃើញ​អាវុធយុទ្ធភណ្ឌ​ជា​ច្រើន​ប្រភេទ​បាន​កប់​នៅ​ក្នុង​ដី និង​លើ​ដី​ជា​ច្រើន​កន្លែង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​បាន​ស្លាប់ និង​ពិការ​អស់​មួយ​ជីវិត​ក៏​មាន ។

លោក រឿ​ន ឈូក អនុប្រធាន​កងឯកភាព​ទទួល​បន្ទុក​ផ្នែក​ប្រតិបត្តិការ CMAC ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ ថា ក្រោយ​ពី​កម្លាំង​នគរបាល​នៅ​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម បាន​រាយការណ៍​មក​ថា មាន​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់ ក៏​បាន​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​កាន់​ទីនោះ ដោយ​ប្រមូល​បាន​គ្រាប់​ដូច​ជា ១-​គ្រាប់​ប្រភេទ​១០៥​មី​ល្លី​ម៉ែត្រ​១​គ្រាប់​, ២-​ក្បាល​គ្រាប់​ប្រភេទ​៨២​មី​ល្លី​ម៉ែត្រ​៦​គ្រាប់ ។ គ្រាប់​ទាំងអស់​សុទ្ធតែ​នៅ​មានគុណ​ភាព​ទាំងអស់ ។

លោក រឿ​ន ឈូក ប្រាប់​បន្ត​ថា បើ​តាម​ការ​ពិនិត្យ​នោះ គឺ​គ្រាប់​ប្រភេទ​៨២​មី​ល្លី​ម៉ែត្រ​ត្រូវ​បាន​បន្សល់​ទុក​កាលពី​សម័យ​ខ្មែរក្រហម ចំណែក​គ្រាប់​ប្រភេទ​១០៥​មី​ល្លី​ម៉ែត្រ​វិញ គឺ​ត្រូវ​បាន​បន្សល់​ទុក​តាំងពី​សម័យ លន់ ន​ល់ ។

ជាមួយ​នោះ​មន្ត្រី​អង្គការ​ស៊ី​ម៉ាក​សូម​អំពាវនាវ​ដល់​ពលរដ្ឋ បើសិន​ឃើញ​គ្រាន់​មិន​ទាន់​ផ្ទុះ​នៅ​កន្លែង​ណាមួយ​មិន​ត្រូវ​យក​មក​ដំ​លេង​ទេ គឺ​អាច​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់ ឬ​បើ​ឃើញ​វត្ថុ​ចម្លែក​ក៏​ដោយ​មេត្តា​សូម​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ដែល​ស្ថិត​នៅ​កៀក​បំផុត និង​រាយការណ៍​បន្ត​មក​ស៊ី​ម៉ាក់ ដើម្បី​ចុះ​ទៅ​យក​គ្រាប់​ទាំងនោះ​មក​កម្ទេច​ចោ ល​នៅ​កន្លែង​សុវត្ថិភាព ចៀសវាង​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ។

លោក​វរសេនីយ៍ទោ ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គ្រាប់​ទាំង​៧​គ្រាប់​ខាងលើ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​នឹង​ដីចម្ការ​របស់​ពួក​គាត់​កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ ត្រង់​ចំណុច​អូរ​តង់​លង ភូមិ​អូរ​តា​សេក ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ត្រូវ​បាន​លោកនាយ​ប៉ុស្តិ៍​រាយការណ៍​មក​រូប​លោក ។ ដោយសារ​តែ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ទើប​លោក​បាន​ទាក់ និង​ហៅ​អង្គការ​ស៊ី​ម៉ាក  ឲ្យ​មក​ទទួលយក​គ្រាប់​ទៅ​កម្ទេច​ចោល​តែ​ម្តង ៕