តើ​បេក្ខជន​ណាមួយ​ជា​ប្រធាន​គណៈមេធាវី​សម្រាប់​អាណត្តិ​ទី​១១ ?

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​សម្រាប់​អាណត្តិ​ទី​១១ ។

បេក្ខជន​ឈរឈ្មោះ​ជា​ប្រធាន​គ​ណះ​មេធាវី​ថ្មី​សម្រាប់​អាណត្តិ​ទី​១ ដែល​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើស​តាំងនៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ស្ថិត​នៅ​ទល់មុខ​ព្រះ​បរមរាជវាំង ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ២០១៦ គឺ​មាន​០៤​រូប​រួម​មាន​៖០១-​លោក​សួន វិសាល , ០២- លោក​នូ ច​ន្ថា ,០៣-​លោក​ហែម សុ​ជាតិ និង​ទី​០៤-​លោក ឈី សម្បត្តិ ។

មួយ​រយៈពេល មុន​ការ​បោះ​ឆ្នោត​នៅ​ព្រឹកស្អែក​នេះ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​បេក្ខភាព​ទាំង​០៤​រូប​ខាងលើ គេ​សង្កេត​ឃើញ លោក​មេធាវី​ទាំង​0៤​រូប បាន​បង្ហាញ​ពី​ជំនាញ​ចំណេះ​និង​សមត្ថភាព​ការពារ​ក្តី​របស់​ខ្លួន​បង្អួត​ស្នាដៃ​រៀង​ៗ​ខ្លួន ដើម្បី​ស្វែងរក​សំឡេង​គាំទ្រ​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នោះ​ទេ ។

ទោះជា​យ៉ាងណា មហាជន​បាន​លើក​សំណូមពរ​ដល់​បេក្ខជន​ណា​ដែល​បាន​ជាប់​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ថ្មី សុំ​មេត្តា​ដឹកនាំ​សមាជិក​ក្រុមប្រឹក្សា​មេធាវី​ក៍​ដូច​ជា​សមាជិក​មេធាវី​ទូទៅ​ឲ្យ​ប្រកប​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ ពិសេស​ស្រប​ទៅ​តាម​លក្ខន្តិកៈ​របស់​គណៈមេធាវី ព្រោះ​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​មាន​ផ្ទុះ​បាតុភាព​កើត​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​ក្រុមប្រឹក្សា​គណៈមេធាវី​អំពី​បញ្ហា​ដែល​បេក្ខជន​ដាក់​ពាក្យសុំ​ប្រកប​វិជ្ជាជីវៈ​មេធាវី​តាម​មាត្រា​៣២ តែ​ត្រូវ​ក្រុមប្រឹក្សា​គណៈមេធាវី​បាន​ផ្អឹប​សំណុំ​ឯកសារ​បេក្ខជន​ទុក​ចោល​រាប់​ខែ​-​ឆ្នាំ មិន​លើកយក​មក​ចាត់ការ​ជូន​បេក្ខជន​ទៅ​តាម​ច្បាប់រដ្ឋបាល​និង​តម្រូវការ​ចាំបាច់​ស្រប​តាម​កំណើន​សំណុំរឿង​វិវាទ​នៅ​តុលាការ​ដែល​ត្រូវការ​មេធាវី​ដើម្បី​ការពារ​ក្តីនា​ពេល​បច្ចុប្បន្ន​។

យ៉ាងណា​ក៍ដោយ ពាក់​ព័​ន្ឋ​នឹង​ការ​បែកធ្លាយ​អំពើ​ពុក​រលួយ​ខាងលើ​នេះ ប្រធាន​គណៈមេធាវី​ដែល​នឹង​ផុត​អាណត្តិ​នៅ​ពេល​ខាង​មុខ លោក ប៊ុ​ន ហុ​ន បាន​ច្រានចោល​ព័ត៌មាន​នោះ​ទាំងស្រុង ថា​ពុំ​ធ្លាប់​មាន​ឡើយ ។

លោក​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១០ ប៊ុ​ន ហុ​ន បាន​ថ្លែង​អះអាង​ថា ពុំ​មាន​មេធាវី​ណា​ម្នាក់​ដែល​ចូល​មក​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​តាម​មាត្រា​៣២ ហើយ​ត្រូវ​សូកប៉ាន់​ក្រុមប្រឹក្សា​មេធាវី ដើម្បី​ឲ្យ​បាន​ក្លាយ​ខ្លួន​ជា​មេធាវី​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ឡើយ ហើយ​ថា​ព័ត៌មាន​នោះ​ជា​ព័ត៌មាន​មិន​ពិត​។

ចំពោះ​បញ្ហា​នេះ​ក្រុម​អ្នក​ច្បាប់​ច្រើន​នាក់​ណាស់ ក៍​ដូច​ជា​អ្នកវិភាគ​ផ្នែក​ច្បាប់​មួយ​ចំនួន​បាន​លើក​ឡើង​ថា បើ​បេក្ខជន​ដែល​បាន​ដាក់​ពាក្យសុំ​ប្រកប​វិជ្ជា​ជី​វះ​ជា​មេធាវី​តាម​មាត្រា​៣២​នោះ បើ​មានចំណេះ​ផ្នែក​ច្បាប់​និង​ជំនាញ​ក្នុង​ការ​ការពារ​ក្តី​ពិតប្រាកដ និង​មាន​ឯកសារ​គ្រប់គ្រាន់​តាម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី គឺ​ត្រូវ​តែ​ឲ្យ​ជាប់​ជា​មេធាវី​ដើម្បី​បំបាត់​ពាក្យ​ចចាមអារ៉ាម​ពុក​រលួយ​នោះ​តទៅ​ទៀត​និង​ដើម្បី​បង្កើត​ឱកាស​ឲ្យ​មាន​សមាជិក​មេធាវី​ច្រើន​នាក់ សម្រាប់​បំរើសេវា​កម្ម​ផ្លូវច្បាប់​ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរ​ឡើង​តាម​តម្រូវការ​ចាំបាច់ ។

គេ​សង្ឃឹមថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​ថ្មី​ព្រឹកស្អែក​នេះ នឹង​ជាប់​បេក្ខជន​ដែល​មាន​លក្ខណៈ​ភាព​ជា​អ្នកដឹកនាំ​មានចំណេះ​ជំនាញ​ខ្ពស់​ផ្នែក​ច្បាប់ ដើម្បី​ដឹកនាំ​សមាជិក​មេធាវី​ឲ្យ​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​គួរ​ជាទី​ទុកចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​ពឹងពាក់​អាស្រ័យ​៕