មួយប៉ប្រិចភ្នែក ឆក់​យក​ជីវិត​ក្មេង​៣​នាក់

ខេត្តសៀមរាប ៖ ក្មេង​ប្រុស​ម្នាក់​បាន​ទៅ​តាម​ក្រោយ តែ​មិនឃើញ​ក្មេង​ប្រុស​ស្រី​៣​នាក់​ដែល​នាំ​គ្នា​ទៅ​លេង​ទឹក​អាង​នៅ​ខាងលិច​ភូមិ ក៏​រត់​ទៅ​ប្រាប់​អាណាព្យាបាល និង​នាំ​គ្នា​ទៅ​រក​ភ្លាម​ៗ តែ​អកុសល​ក្មេង​ទាំង​៣​នាក់​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​លង់ទឹក​ស្លាប់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣៥​នាទី ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​អាង​ទឹក​មួយ​កន្លែង​ខាងកើត​វត្ត​ជ្រោយ​នាង​ងួ​ន និង​ពី​ខាងលិច​ភូមិ​អំពៅ​ដៀប​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ។

លោក​វរសេនីយ៍ត្រី អ៊ុ​ន ស្រស់ អធិការ​នគរបាល​ស្រុក​ស្រីស្នំ បានឱ្យ​ដឹង​ថា ក្មេង​ទាំង​៣​នាក់​បាន​នាំ​គ្នា​ទៅ​លេង​ទឹក​នៅ​ទីតាំង​ខាងលើ បន្ទាប់​មក​មាន​ក្មេង​ប្រុស​ម្នាក់​ទៀត​បាន​ដើរទៅ​ក្រោយ ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​មិនឃើញ​ក្មេង​ទាំង​៣​នាក់​នោះ ក៏​បាន​រត់​មក​ប្រាប់​អាណាព្យាបាល​ក្មេង​ទាំងនោះ ហើយ​បាន​នាំ​គ្នា​ទៅ​រក​ភ្លាម​ៗ​ដែរ តែ​អកុសល​ក្មេង​ទាំងនោះ​បាន​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

លោក​អធិការ​បញ្ជាក់​បន្ថែម​ថា ក្មេង​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ឆុ​ន ស្រី​កុ​ត ភេទ​ស្រី អាយុ​៨​ឆ្នាំ​, ២-​ឈ្មោះ ឆុ​ន សៀង​ហៃ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ជា​ប្អូ​ប​ប្រុស​បង្កើត​របស់​ឈ្មោះ ឆុ​ន ស្រី​កុ​ត និង ៣-​ឈ្មោះ ហួ លី​ហៀ​ង ភេទ​ប្រុស អាយុ​៥​ឆ្នាំ ។​សព្វថ្ងៃ​ក្មេង​ប្រុស​ស្រី​ទាំង​៣​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។

ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួចរាល់​មក សមត្ថកិច្ច​នគរបាល​ស្រុក​ស្រីស្នំ​បាន​ប្រគល់​សព​ក្មេង​ប្រុស​ស្រី​ទាំង​៣​នាក់​ជួន​ក្រុម​គ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​នាម​កងកម្លាំង​នគរបាល​ចំណុះ​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សូម​សំណូមពរ​ដល់​អាណាព្យាបាល មាតាបិតា ក្មេង​ប្រុស​ស្រី​ទាំងអស់ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​កូនចៅ​គ្រប់ពេលវេលា ដោយសារ​រដូវ​នេះ​ជា​រដូវវស្សា ដែល​មាន​ទឹកជំនន់​ជន់​លិច​ដែល​ធ្វើ​ឱ្យ​ក្មេង​ៗ​នាំ​គ្នា​ទៅ​លេង​ទឹក ទើប​បណ្ដាល​ឱ្យ​លង់​ស្លាប់​ដូច​ករណី​ខាងលើ​នេះ ៕