កុំចេះ​តែ​ហ៊ាន! ស្រីស្អាតម្នាក់ ​ត្រូវចោរ​ភ្ជង់ប្លន់​ម៉ូតូ ZOOMER-X បាត់

​រាជធានីភ្នំពេញ ៖ គូស្នេហ៍​មួយគូបន្ទាប់ពី​​ចេញពី​ញ៉ាំ​អាហារ​រួច ​ក៏ជិះម៉ូតូ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ត្រូវ​ជនសង្ស័យ​២​នាក់​​បាន​ភ្ជង់ និង​វាយ​ប្លន់​​យក​ម៉ូតូ​របស់​នារី​ជា​សង្សារ​​ទៅ​បាត់​ដោយ​សុ​វត្តិភាព កាលពី​វេលា​ម៉ោង០​១ ​និង​៣០​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ​តុលា នៅ​ទល់មុខ​ផ្ទះអត់លេខ​លើផ្លូវ​បេតុង ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​​ឈ្មោះទោ ស្រី​ម៉ុជ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួលភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ  ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​ម៉ាក ZOOMER-X  ពណ៌​ក្រហម បិទ​តែម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1DE 5415 ។ ចំណែក​បុរស​​សង្សារ​​ឈ្មោះ​អឹង ស៊ី​ងួ​ន​ អាយុ​២៨​ឆ្នាំ ជាអ្នកលក់ដូរ មិន​ប្រាប់​អា​ស័​យ​ដ្ឋា​ន ។

បើតាម​សម្ដី​​នារី​​រង​គ្រោះ​​​និយាយ​ថា មុន​ពេល​កើតហេតុ ​រូបគេ​មាន​គ្នា​ពីរ​នាក់​សង្សារ​បាន​ចេញពី​ហូប​អី​នៅ​ម្តុំ​ទួល​គោក ហើយ​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​ នៅ​ម្តុំ​ភូមិ​ព្រែក​ទាល់ ដោយ​បាន​ជិះ​ម្នាក់​មួយ​គ្រឿង ក្នុង​នោះ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូម៉ាក​ZOO​MERX ចំណែក​សង្សារ​ប្រុស​​ជិះ​ម៉ូតូ​ម៉ាក TODAY ពណ៌​ក្រហម ដោយ​បាន​ធ្វើ​ដំនើរ​តាម​ផ្លូវ ២៧១​ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​
ត្បូង ។

លុះជិះ​​មក​ដល់​ចំណុច​កើតហេតុ ​បាន​បត់​ស្ដាំ​ចូល​ទៅ​តាម​ផ្លូវ​បេតុង ឆ្ពោះទៅ​ភូមិ​ព្រែក​ទាល់ ​​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​PCX មួយ​គ្រឿង  មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​ដំនើរ​តាម​ផ្លូវ​មក​ពីក្រោយ ​រួច​​កៀរ​ម៉ូតូ​ពួក​គេ​​ឱ្យ​ឈប់​ ហើយ​ជនសង្ស័យ​ដែល​អង្គុយ​ខាង​ក្រោយ​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក ភ្ជង់​និង​វាយ​បុរស​ជា​សង្សារ​បណ្តាល​ឱ្យ​​បែកក្បាល​ហូរ​ឈាម រួច​​ភ្ជង់​គំរាម​នារី​រង​គ្រោះ យក​​ម៉ូតូ​បាន​រួច​ ​នាំ​​​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ។