ឃើញបណ្តើរម៉ូតូ ការពិត​​ចឹង​ទេ!

ខេត្ត​បាត់ដំបង ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ឃាត់​ខ្លូ​ន ពេល​កំពុង​បណ្ដើរ​ម៉ូតូ​ដែល​ពួក​គេ​លួច​បាន​​ពី​ផ្ទះ​ជន​រង​គ្រោះ​ម្នាក់​ ស្ថិត​ក្នុង​ភូមិ​ទូល​ខ្វាវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក កាលពី​វេលា​ម៉ោង​១១ និង៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ​តុលា ២០១៦ ​​(​ម៉ូតូ​នោះ​អស់​សាំង ហើយ​ម្ចាស់​ទុក​ចោល​ក្រោមផ្ទះ) ​។

ប្រភព​​​​បន្ត​ថា ជន​សង្ស័យ​ទាំង​២​នាក់ ១​-ឈ្មោះ​អ៊ុ​ក ធី ​អាយុ​២៩​ឆ្នាំ នៅ​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំ​រៀង និង​២​-ឈ្មោះ​រិ​ត ចិន ​អា​យុ​១៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ រីឯ​ម្ចាស់​ម៉ូតូ​ឈ្មោះ​ញឹ​ម ដា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ ។ ​ជនសង្ស័យ​ទាំង​២​នាក់​ បាន​ចូល​​ទៅ​លួច​ម៉ូតូ​ពីក្រោម​ផ្ទះ​ជន​រង​គ្រោះ តែ​ម៉ូតូ​អត់​មាន​​សាំង​ក៏​នាំ​គ្នា​បណ្ដើរ ។​ ពេលនោះ ត្រូវ​ម្ចាស់​ម៉ូតូ​​​​បាន​ដឹង​ភ្លាម​ៗ ហើយ​ស្រែក​​ឆោឡោ​ផ្អើល​​ភូមិ និង​សមត្ថកិច្ច​តាម​ស្ទាក់​ចាប់​បាន​តែម្តង ​។

​ជាមួយនឹង​ការ​ឃាត់ខ្លួន គេ​​​ដក​ហូត​​បាន​​ម៉ាស៊ីនបូមទឹក​មួយ​គ្រឿង​ ដែល​ពួក​គេ​លួច​ពី​កន្លែង​ផ្សេង ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង​ ដែល​លួច​ពី​ជន​រង​គ្រោះ​ខាងលើ និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C100 ស៊េ​រី​ចាស់​មួយ​គ្រឿង​ ដែល​ពួក​គេ​ជិះ​ធ្វើ​សកម្មភាព​។ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្ត​ ។