កំពុងធ្វើការចែកចាយ ឃាត់ខ្លួនបានទាំង២នាក់

ខេត្តព្រះសីហនុ ៖ បុរសស្ត្រី២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ២០១៦ នៅភូមិ០១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន ។

លោក ស៊ុន សុផាត ស្នងការរង ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើស បានឲ្យដឹងថា ​ដោយមានការណែនាំ និងចង្អុលបង្ហាញក្នុងការអនុវត្តន៍គោលនយោបាយភូមិ​ឃុំមានសុវត្តិភាព​ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស នៃស្ន​ការដ្ឋាននគរ​បាល​ខេត្តសហការ​ជាមួយ​កម្លាំងជំនាញនៃអធិការដ្ឋានក្រុងព្រះសីហនុ ដឹក​នាំ​ដោយរូបលោកផ្ទាល់ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនបានមនុស្ស២នាក់ ខណៈកំពុងចែកចាយ​គ្រឿងញៀន ។

លោកបន្តថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន ១-ឈ្មោះ ណាំ ប៊ុនធឿន ហៅ ឆន ប៊ុនធឿន ហៅក្រៅ ធឿន ភេទ​ប្រុស ​អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិឃាត់ខ្លួន និង ២-ឈ្មោះ សុខ សុវណ្ណដាលីន ហៅ លីន ជនជាតិ​ខ្មែរ ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃាត់​ខ្លួន ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម៉្សៅសថ្លា (ម៉ាទឹកកក)ចំនួន៤៩កញ្ចប់តូច, ទូរសព្ទដៃ​១​គ្រឿង ​ជញ្ចឹងថ្លឹងថ្នាំញៀន១ និងសម្ភារៈប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុ​តាង ត្រូវបានកម្លាំងនគរបាលស្រុកបញ្ជូនទៅស្នងការដ្ឋាន​នគរ​បាល​ខេត្តព្រះសីហនុដើម្បីអនុវត្តនិតិវិធីបន្ត ៕