នយោបាយ​សម្លាប់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ធ្វើ​ឱ្យ​តុលាការ CPI បារម្ភ

នយោបាយ​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក  RODRIGO DUTERTE ចាប់ផ្តើម​ធ្វើ​ឱ្យ​បណ្តា​ស្ថាប័ន​អន្តរជាតិ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ហើយ ។

លោកស្រី FATOU BEWSOUDA រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI ក្នុង​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​១៣ តុលា ចេញផ្សាយ​នៅ​ទីក្រុង​ឡា​អេ​ថ្លែង​ថា ខ្ញុំ​មានការ​ព្រួយបារម្ភ​យ​យ៉ាង​ខ្លាំង​ដោយសារ​បណ្តា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ហ្វ៊ី​លី​ពី​ន​ហាក់ដូចជា​អះអាង​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​សម្លាប់​ពួក​អ្នក​ចែកចាយ និង​ពួក​អ្នក​សេព​គ្រឿងញៀន​ជា​ច្រើន​ពាន់​នាក់​រួច​រហូត​ដល់​លើកទឹកចិត្ត​ដល់​កងកម្លាំង​សន្តិសុខ​និង​ប្រជាជន​ស៊ី​វិល​ឱ្យ​ប្រើ​កម្លាំង​ប្រឆាំង​មនុស្ស​ទាំងនោះ ។

ចាប់តាំងពី​ខែកក្កដា​មក ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​បាន​ដឹកនាំ​ប្រទេស​លោក​ឱ្យធ្វើ​យុទ្ធនាការ​បង្ហូរឈាម​មួយ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន ដែល​ក្នុង​យុទ្ធនាការ​នោះ​មនុស្ស​ជាង​៣.៣០០​នាក់​ហើយ​បាន​ត្រូវ​សម្លាប់​ដោយ​ប៉ូលិស​ឬ​ដោយ​ប្រជាជន ។ នេះ​បើ​តាម​តួលេខ​ផ្លូវការ ។ អ​.​ស​.​ប សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ព្រមទាំង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន សុទ្ធតែ​ព្រួយបារម្ភ​ចំពោះ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​បែប​នោះ ។

លោកស្រី​រដ្ឋ​អាជ្ញា​តុលាការ​CPI បាន​ព្រមាន​រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន​ដោយ​លោកស្រី​ពោល​ថា ច្បាស់លាស់​រាល់​មនុស្ស​នៅ​ហ្វ៊ី​លី​ពី​ន ដែល​ជំរុញ​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​ទ្រង់​ទ្រាយ​​ធំ​ ឬ​ក៏​ចូលរួម​ពិសេស​តាម​បញ្ជា​អាច​នាំ​ខ្លួន​មក​កាត់ទោស​នៅ​មុខ​តុលាការ​នេះ ៕