គួរ​ឲ្យ​អាសូរ​មែន ! ៣​នាក់ ឳ​ពុក​កូន និង​មីង ស្លាប់ ដោយសារ​រថយន្ត​បុក

គួរ​ឲ្យ​អាសូរ​មែន ! ៣​នាក់ ឳ​ពុក​កូន និង​មីង ស្លាប់ ដោយសារ​រថយន្ត​បុក



ពោធិ៍សាត់​: ក្នុង​ចំណោម​មនុស្ស ៣ នាក់ ឳ​ពុក កូន និង​មីង មាន​បុរស​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ និង ២​នាក់​ទៀត បាន​ស្លាប់ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង បើក​លឿន​បាន​រេ​ចង្កូត បុក ចូល​ផ្ទះ​លក់​ចាប់ហួយ​។ ក្រោយ​ការ​ធ្វើ​ពី​និត្យ​មើល ទើប​ដឹង​ថា អ្នកបើកបរ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​មាន​ជាប់​ពាក់ព័ន្ធ ករណី​ប្រើប្រាស់​គ្រឿងញៀន​។

ហេតុការណ៍​ដ៏​គួ​ឲ្យ​រន្ធត់​មួយ​នេះ កើតឡើង​នៅ​វេលា​ម៉ោង ៩ និង​៣០​នាទី យប់ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ នៅ​ផ្លូវជាតិ​លេខ​៥ ខាងលិច​ក្បាល​ស្ពានថ្ម ពោធិ៍សាត់ ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​មក​ពី អ្នកបើកបរ​រថយន្ត​ម៉ាក Toyota Camry (​បា​ឡែ​ន​) ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-8915 បើកបរ​ដោយ​ឈ្មោះ យាង ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​តាក់ស៊ី បច្ចុប្បន្ន រស់នៅ​ភូមិ​ឆ្លងកាត់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ បាន​បើកបរ ក្នុង​ល្បឿន​លឿន ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ហើយ​មាន​ជាប់​ពាក់ព័ន្ធ ករណី​ប្រើប្រាស់​គ្រឿងញៀន ពេល​ត្រឡប់​មក​ពី​ផឹកស៊ី​វិញ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ធ្លាក់​ពីលើ​ចិញ្ចើម​ផ្លូវ ទៅ​បុក​ចំ​បុរស​ម្នាក់ ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ និង ២ នាក់​ទៀត បាន​ស្លាប់ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ខណៈ​ទាំង​បី​នាក់​នោះ កំពុង​អង្គុយ​លក់​ចាប់ហួយ​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង ៣​នាក់​នោះ ១.​ឈ្មោះ សំ អាង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជា​ឳ​ពុក សំអាង ទី​អ៊ី​ង​។  ២.​ឈ្មោះ សំអាង ទី​អ៊ី​ង ភេទ​ស្រី អាយុ ១ ខួប ជា​កូនស្រី​របស់​ឈ្មោះ សំ អាង ។ ៣.​ឈ្មោះ លី បញ្ញា ភេទ​ស្រី អាយុ ២៩​ឆ្នាំ ជា​មីង​របស់ សំអាង ទី​អ៊ី​ង​។ អ្នក​ទាំង​បី រស់នៅ​ភូមិ​សង្កាត់ កើតហេតុ​ខាងលើ​។

ក្រោយ​ពេល​កើតហេតុ ដំណឹង​នេះ បាន​ទៅ​ដល់ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ភ្លាម​នោះ លោក​បាន​ដឹកនាំ​កម្លាំង ចុះ​អន្តរាគមន៍​បញ្ជា​ផ្ទាល់ ដើម្បី​សម្រួល និង​ព​ន្លឿ​ន ជុំវិញ​ការ​ជួយ​សង្គ្រោះ​បន្ទាន់ ក្នុង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​នេះ នៅ​កន្លែង​កើតហេតុ​ផ្ទាល់ តែ​ជា​អកុសល អ្នក​ទាំង​៣​នាក់ បាន​បាត់បង​ជីវិត​ទៅ​ហើយ នៅ​តែ​ជនល្មើស ដែល​ត្រូវ​ទទួលទោស តាម​ផ្លូវច្បាប់​៕