ជនជាតិ​កូរ៉េ​ម្នាក់​បាន​ដាច់ខ្យល​ស្លាប់​នៅ​តាម​ផ្លូវ ពេល​ដែល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ

ខេត្តសៀមរាប ៖ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី​ជនជាតិ​កូរ៉េ​ម្នាក់​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ​ខេត្តសៀមរាប​ដើម្បី​ជួយ​សង្គ្រោះ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ខាងលើ​នេះ​ភ្លាម កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចុះ​ទៅ​ពិនិត្យ​សាកសព ហើយ​បាន​សន្និដ្ឋាន​ជាមួយ​ក្រុម​គ្រូពេទ្យ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង ពីព្រោះ​ជន​រង​គ្រោះ​មាន​អាកា​រៈ​ថប់ដង្ហើម​ខ្លាំង ។

លោក​វរសេនីយ៍ទោ វ៉ា​ន រិ​ទ្ធ នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្តសៀមរាប បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ YOO BOK SOON ភេទ​ស្រី អាយុ​៧២​ឆ្នាំ ជនជាតិ​កូរ៉េ ជា​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ M64340966 ធ្វើ​ដំណើរ​តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​មក​ដល់​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ តាម​ជើង​យន្តហោះ​ពី​ទីក្រុង​ហាណូយ​មក​ខេត្តសៀមរាប ហើយ​បាន​ស្នាក់​នៅ​សណ្ឋាគារ​ឈ្មោះ ស្តា​រី​អង្គរ បន្ទប់​លេខ​១៤៣ ស្ថិត​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​-​សៀមរាប ។

បងប្រុស​សព​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា ពេល​ដែល​ជន​រង​គ្រោះ​មក​ដល់​ខេត្តសៀមរាប​ភ្លាម និយាយ​ប្រាប់​គាត់​ថា មាន​អាកា​រៈ​មិន​ស្រួលខ្លួន រហូត​ដល់​ថ្ងៃ​ទី​១២​ខែ​ឆ្នាំ​ដដែល បាន​ប្រាប់​ក្រុមហ៊ុន​ធូរ​ដឹក​យក​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ ក្រោយ​ពី​ពិនិត្យ​ព្យាបាល​រួច ជន​រង​គ្រោះ​បាន​ត្រឡប់​មក​សម្រាក​នៅ​សណ្ឋាគារ​វិញ រហូត​ដល់​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នា​២០១៦ ជន​រង​គ្រោះ​បាន​ប្រាប់​បងប្រុស​គាត់​ទៀត​ថា មាន​អាកា​រៈ​ថប់ដង្ហើម​ខ្លាំង ហើយ​ក៏​បាន​ដឹក​យក​ទៅ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ​វិញ​ភ្លាម​ៗ​ដែរ តែ​ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​មុន​ដល់​មន្ទីរពេទ្យ​ទៅ​ទៀត ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ ដើម្បី​រង់ចាំ​ការ​សម្រេច​ពី​ស្ថានទូត និង​ក្រុម​គ្រួសារ​ជា​មុន​សិន ៕