លោក​ត្រាំ​ថា​លោក​រង​គ្រោះ​ដោយ​ពាក្យភូតកុហក​របស់​គ្រួសារ​អូ​បា​ម៉ា

លោក​ដូ​ណា​ល់​ត្រាំ បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​គេ​ព្រួត​វាយប្រហារ​ទាក់ទិន​នឹង​រឿងស្រី​អះអាង​កាលពី​ថ្ងៃ​ទី​១៣ តុលា​ថា លោក​ជា​អ្នក​រង​គ្រោះ​ដោយ​ពាក្យភូតកុហក​នានា ដោយ​ឥត​អៀនខ្មាស់​រៀបចំ​ឆាក​ដោយ​បណ្តាញ​សារ​ព័ត​ត៌​មាន​ដែល​ជួយ​គូប្រជែង​នៃ​គណបក្ស​ប្រជាធិបតេយ្យ ខណៈ​ប្តី​ប្រពន្ធ​លោក​អូ​បា​ម៉ា ខំ​គាស់កកាយ​លើក​ពាក្យពេចន៍​ទាំងឡាយ​ដែល​មិន​អាច​អត់អោន​ឱ្យ​បាន​ចំពោះ​នារី ។

ក្នុង​សុន្ទរកថា​មួយ​លោកស្រី​មី​សែ​ល​អូ​បា​ម៉ា ថ្លែង​ថា ទោះ​ស្ថិត​ក្នុង​គណបក្ស​ណា ប្រជាធិបតេយ្យ សាធារណរដ្ឋ ឬ​ឯករាជ្យ​ពុំគួរ​យក​នារី​ណា​ម្នាក់​មក​លេងសើច​បែប​នេះ​ឡើយ។ ស្ត្រី​ទី​មួយ​អា​មេ​រិ​ក​ចង់​និយាយ​សំដៅលើ​ពាក្យពេចន៍​លេងសើច​ទាំងឡាយ​លើ​បណ្តា​នារី ដែល​លោក​ត្រាំ​បាន​និយាយ​ចែចង់​កាលពី​ឆ្នាំ​២០០៥ ។ ចាប់តាំងពី​លាត​ត្រដាង​ពាក្យពេចន៍​ទាំងនេះ​កាលពី​ស​ប្តា​ហ៍​មុន​មក​ប្រជាប្រិយភាព​របស់​លោក​ត្រាំ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ទោះបីជា​លោក​បាន​សូមទោស​ចំពោះ​ពាក្យពេចន៍​លេងសើច​ខុសឆ្គង​តាំងពី​យូរ​មក​ហើយ​ទាំងនោះ​ក្តី ។

លោកស្រី​អូ​បា​ម៉ា ថា នោះ​ពុំ​មែន​ជា​ពាក្យ​លេងសើច​ឡើយ ។ លោក​ត្រាំ​ជា​បុរស​ខ្លាំង​ម្នាក់ និយាយ​ពាក្យ​អស់ទាំង​នោះ​ដោយ​ចំហ និង​សេរី​មាន​ឥរិយាបថ​បៀតបៀន​ផ្លូវភេទ ។ ស្ថានភាព​លោក​ត្រាំ​កាន់តែ​យ៉ាប់​យឺន​ចាប់តាំងពី​ថ្ងៃ​ទី​១២ តុលា​មក​តាម​រយៈ​ស្ត្រី​ចំនួន​៦​នាក់​ដែល​និយាយ​ថា ពួក​នាងរង​គ្រោះ​ដោយ​ការ​បំពាន​ផ្លូវភេទ ។

លោក​ដូ​ណា​ល់​ត្រាំ មាន​ប្រតិកម្ម​តប​វិញ​ថា ការ​ចោទប្រកាន់​ទាំង​ទទឹងទិស​ទាំងនោះ​ពិតជា​ខុស​ទាំងស្រុង ។ ការ​វាយប្រហារ​ទាំងនោះ​សុទ្ធតែ​រៀបចំ​ដោយ​ប្តី​ប្រពន្ធ​គ្លី​ន​តុ​ន និង​បណ្តាសារ​ព័ត៌មាន​ជា​សម្ព័ន្ធមិត្ត ។ ខ្ញុំ​ពុំដែល​ជួប​ជាមួយ​មនុស្ស​ទាំងនោះ​ឡើយ ។ ខ្ញុំ​ទាំង​ពុំ​ដឹង​ថា តើ​ពួក​គេ​ជា​នរណា​ផង ។ នោះ​សុទ្ធតែ​ជា​រឿងប្រឌិត​គ្រប់​បែប​យ៉ាង​មុន​ការ​បោះ​ឆ្នោត​។ លោក​អះអាង​បែប​នេះ​កាលពី​យប់​ថ្ងៃ​ទី​១៣ តុលា នៅ​មុខ​យុវជន​នៅ​ក្រុង  COLOMBUS រដ្ឋ​អូ​ហៃ​យ៉ូ ។ លោក​ត្រាំ​ចោទប្រកាន់​កាសែត​ញូ​វ​យ៉​ក​ថែម​ដែល​នាំ​នារី​២​នាក់​មក​ចោទ​លោក​ពី​បទ​បរិហារកេរ្តិ៍ ៕