អាន​ចប់​ព្រឺ​សម្បុរ! រឿង “ពាក្យ​សន្យា” ផ្ដល់​មេរៀន​សំខាន់​មួយ​សម្រាប់​គូ​ស្នេហ៍​

ចាប់​តាំង​ពី​ដំបូង​ គ្រួសារ​ខាង​ខ្ញុំ​មិន​ព្រម​ឲ្យ​ខ្ញុំ​ស្រឡាញ់​សង្សារ​ខ្ញុំ​ឡើយ។ ពួក​គាត់​តែង​គំរាម​ខ្ញុំ​ថា ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចចេស​ចង់​រស់​នៅ​ជាមួយ​គាត់ ខ្ញុំ​អាច​នឹង​រង​ទុក្ខ​មួយ​ជីវិត។

 

ដោយ​សារ​សម្ពាធ​ពី​អ្នក​ផ្ទះ ធ្វើ​ឲ្យ​ខ្ញុំ​មួម៉ៅ​និង​តែងតែ​ឈ្លោះ​ជាមួយ​គាត់។ ខ្ញុំ​ស្រឡាញ់​គាត់​ណាស់ និង​ធ្លាប់​សួរ​គាត់​ថា ​«បង​ស្រឡាញ់​ខ្ញុំ​ប៉ុណ្ណា​ទៅ?» ព្រោះ​តែ​ជា​មនុស្ស​មិន​ចេះ​និយាយ​ផ្អែម គាត់​តែងតែ​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​រហូត។ ដោយ​ត្រូវ​អ្នក​ផ្ទះ​ជេរ​ស្ដី​កាន់​តែ​ច្រើន​ទៀត អារម្មណ៍​ខ្ញុំ​កាន់​តែ​មិន​ល្អ។ គាត់​ក៏​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​សម្រាប់​ខ្ញុំ​ជះ​កំហឹង។ ទោះ​យ៉ាង​ណា គាត់​នៅ​តែ​ស្ងៀមស្ងាត់​និង​ព្រម​ឲ្យ​ខ្ញុំ​ជះ​កំហឹង​ដាក់​គាត់។

 

ក្រោយ​មក គាត់​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ។ គាត់​មាន​គម្រោង​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​មុន​ពេល​គាត់​ចាក​ចេញ គាត់​បាន​សុំ​ខ្ញុំ… រៀបការ

 

អាន​ចប់​ព្រឺ​សម្បុរ! រឿង “ពាក្យ​សន្យា” ផ្ដល់​មេរៀន​សំខាន់​មួយ​សម្រាប់​គូ​ស្នេហ៍​

 

«បង​មិន​ចេះ​និយាយ​ផ្អែម​ទេ ប៉ុន្តែ​បង​ដឹង​ច្បាស់​ថា​បង​ស្រឡាញ់​អូន។ បើ​អូន​ព្រម បង​សន្យា​នឹង​មើល​ថែ​អូន​មួយ​ជីវិត។ រឿង​គ្រួសារ​អូន បង​នឹង​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ឲ្យ​គាត់​ទទួល​ស្គាល់​យើង»។

«បង​សុំ​ខ្ញុំ​រៀបការ​ មែន​ហ្នឹង?» ខ្ញុំ​សួរ។
គាត់​ងក់​ក្បាល ខ្ញុំ​យល់​ព្រម​ជាមួយ​គាត់​ទាំង​​រំភើប​រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ។

 

ដោយ​មើល​ឃើញ​ការ​ប្រឹងប្រែង​របស់​គាត់ គ្រួសារ​ខ្ញុំ​ក៏​ព្រម​ទទួល​ស្គាល់​ស្នេហា​ពួក​យើង។ ទី​បំផុត​ពួក​យើង​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​មុន​គាត់​ទៅ​បរទេស។ ខ្ញុំ​នៅ​ស្រុក​កំណើត​ដដែល ហើយ​ក៏​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​សង្គម​ការងារ ខណៈ​ដែល​គាត់​នៅ​សិក្សា​ឯ​បរទេស។ ពួក​យើង​នៅ​តែ​ទាក់ទង​គ្នា​តាម​ទូរសព្ទ​និង​សំបុត្រ។ ទោះ​ជា​ត្រូវ​ឆ្លង​កាត់​បញ្ហា​ពិបាក​បែប​ណា តែ​ពួក​យើង​មិន​ដែល​បោះបង់​ឡើយ។

 

ថ្ងៃ​មួយ ខ្ញុំ​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ការ​តាម​ធម្មតា។ តាម​ផ្លូវ​ទៅ​ចំណត​ឡាន​ក្រុង ស្រាប់​តែ​មាន​ឡាន​មួយ​ជិះ​រេ​ចង្កូត​មក​បុក​ខ្ញុំ។ ពេល​ខ្ញុំ​​ដឹង​ខ្លួន​ឡើង​វិញ ខ្ញុំ​ឃើញ​ម៉ាក់​ប៉ា ហើយ​ក៏​ដឹង​ថា​ខ្ញុំ​រង​របួស​ធ្ងន់ តែ​សំណាង​ល្អ​ ខ្ញុំ​មិន​ស្លាប់។

 

ឃើញ​ម៉ាក់​ប៉ា​ខ្ញុំ​យំ​ឡើង​ហើម​ភ្នែក ខ្ញុំ​ចង់​លួងលោម​គាត់ តែ​រំពេច​នោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​និយាយ​មិន​ចេញ​សូម្បី​មួយ​ម៉ាត់។ ខ្ញុំ​ខំ​ប្រឹង​ហា​មាត់​និយាយ​ខ្លាំង​យ៉ាង​ណា ក៏​មិន​អាច​ចេញ​សំឡេង​សូម្បី​បន្តិច។ ខ្ញុំ​និយាយ​លែង​បាន​ទៀត​ហើយ។ គ្រូ​ពេទ្យ​បាន​ប្រាប់​ថា របួស​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​ខួរ​ក្បាល ដែល​ធ្វើ​ឲ្យ​ខ្ញុំ​និយាយ​លែង​បាន​អស់​មួយ​ជីវិត។ អាច​លឺ​សម្ដី​គ្រប់​ម៉ាត់​ដែល​ម៉ាក់​និង​ប៉ា​និយាយ​លួងលោម តែ​ឆ្លើយ​តប​មិន​បាន ខ្ញុំ​ក៏​សន្លប់។ ជា​ច្រើន​ថ្ងៃ​កន្លង​មក ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​តែ​ពី​យំ​ហើយ​យំ​ទៀត។

 

ក្រោយ​មក ខ្ញុំ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ។ ត្រលប់​ទៅ​ផ្ទះ​វិញ គ្រប់​យ៉ាង​នៅ​ដូចដើម​ទាំង​អស់ លើកលែង​តែ​សំឡេង​ទូរសព្ទ។ សំឡេង​ទូរសព្ទ​រោទ៍​បាន​ក្លាយ​ជា​សំឡេង​ដ៏​គួរ​ឲ្យ​ខ្លាច​សម្រាប់​ខ្ញុំ កាន់​តែ​ឮ​ខ្ញុំ​កាន់​តែ​ឈឺ​ចាប់​ តែ​មិន​អាច​ប្រាប់​គាត់​ពី​រឿង​នេះ​ឡើយ។ ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​មាន​សម្ពាធ​ដោយ​សារ​រឿង​នេះ​ទេ ហើយ​ក៏​សរសេរ​សំបុត្រ​ប្រាប់​គាត់​ថា «ខ្ញុំ​មិន​អាច​រង់​ចាំ​បាន​ត​ទៀត​ទេ ស្នេហា​យើង​បញ្ចប់​ត្រឹម​ហ្នឹង​ចុះ» ព្រម​ទាំង​ផ្ញើ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ឲ្យ​គាត់​វិញ។ ឲ្យ​តែ​មាន​សំបុត្រ​និង​ទូរសព្ទ​ពី​គាត់​ពេល​ណា អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​​គឺ​សម្រក់​ទឹក​ភ្នែក។

 

ដោយ​សារ​តែ​ឃើញ​ការ​ឈឺចាប់​របស់​ខ្ញុំ ប៉ា​ខ្ញុំ​បាន​សម្រេច​ចិត្ត​រើ​ផ្ទះ ដោយ​សង្ឃឹម​ថា​​ខ្ញុំ​អាច​បំភ្លេច​អ្វី​គ្រប់យ៉ាង និង​ស្រស់​ថ្លា​ជាង​មុន ពេល​ស្ថិត​ក្នុង​បរិយាកាស​ថ្មី។ ខ្ញុំ​បាន​ព្យាយាម​រៀន​ភាសា​កាយវិការ​បន្តិច​ម្ដង​ៗ និង​ចាប់​ផ្ដើម​ជីវិត​សាជាថ្មី ហើយ​ក៏​ប្រាប់​ខ្លួន​ឯង​ឲ្យ​បំភ្លេច​គាត់​ដែរ។

 

ថ្ងៃ​មួយ​ មិត្តភ័ក្ដិ​ជិត​ដិត​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ត្រលប់​មក​វិញ​ហើយ។ គាត់​ខំ​តាម​រក​ខ្ញុំ​គ្រប់​កន្លែង តែ​ខ្ញុំ​បាន​ប្រាប់​មិត្ត​ខ្ញុំ​មិន​ឲ្យ​និយាយ​រឿង​ខ្ញុំ​ប្រាប់​គាត់​ឡើយ និង​ឲ្យ​គាត់​បំភ្លេច​ខ្ញុំ​ចោល​ចុះ។ ថ្ងៃ​មួយ មិត្ត​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា គាត់​ជិត​រៀប​ការ​ហើយ និង​បាន​យក​ធៀប​ការ​ឲ្យ​ខ្ញុំ​ដែរ។ ខ្ញុំ​បើក​ធៀប​មើល​ទាំង​ក្ដុកក្ដួល ហើយ​ក៏​ភ្ញាក់ផ្អើល​ព្រោះ​ឃើញ​ឈ្មោះ​កូន​ក្រមុំ​ដូច​ឈ្មោះ​ខ្ញុំ​បេះបិទ។

 

ខ្ញុំ​រៀប​នឹង​សួរ​មិត្តភ័ក្ដិ ស្រាប់​តែ​គាត់​លេច​មុខ​មក​នៅ​ចំពោះ​មុខ​ខ្ញុំ។ គាត់​បាន​ធ្វើ​ភាសា​កាយវិការ​ទាំង​រដិបរដុប ប្រាប់​ខ្ញុំ​ថា «បង​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ បង្ខំ​ខ្លួន​ឯង​រៀន​ភាសា​កាយវិការ​ឲ្យ​ចេះ ដើម្បី​មក​ប្រាប់​អូន​ថា បង​មិន​ភ្លេច​ពាក្យ​សន្យា​ទេ សូម​ផ្ដល់​ឱកាស​ឲ្យ​បង​ម្ដង​ទៀត បង​សុំ​ធ្វើ​ជា​សំឡេង​របស់​អូន បង​ស្រឡាញ់​អូន»។

 

ជាមួយ​ភាសា​កាយវិការ​យឺត​ៗ និង​ចិញ្ចៀន​ភ្ជាប់​ពាក្យ​បំពាក់​លើ​ដៃ​ខ្ញុំ​វិញ គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក ដោយ​ក្ដី​រំភើប​ម្ដង​ទៀត។

 

មេរៀន៖ មិន​ត្រូវ​កំសាក​ និង​រត់​ចេញ​ឡើយ​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង។ ត្រូវ​ចាំ​ថា​គ្រប់​បញ្ហា​តែង​តែ​មាន​ដំណោះស្រាយ។ កុំ​ធ្វើ​ឲ្យ​នរណា​ម្នាក់​ខូចចិត្ត​ដោយ​សារ​អ្នក ព្រោះ​អ្នក​មិន​អាច​ដឹង​ថា​ថ្ងៃ​ណា​វា​នឹង​កើត​ឡើង​លើ​អ្នក​វិញ​នោះ​ទេ ៕

 

ចុចអាន៖ រឿង​បុរស​វាយ​ថ្ម បង្ហាញ​លទ្ធផល​ចុង​ក្រោយ​របស់​មនុស្ស​លោភលន់

ចុចអាន៖ប្ដី​សោក​ស្ដាយ​ស្ទើរ​បោក​ក្បាល ក្រោយ​អាន​សំបុត្រ​ប្រពន្ធ​ដែល​ខ្លួន​ជ្រុល​ដៃ​ធ្វើ​ឲ្យ​ស្លាប់​

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ បរទេស