គ្រូកម្ពុជា ជំរុញឲ្យកូនក្រុមតាំងចិត្តឲ្យបានខ្លាំង ដើម្បីផ្តួលក្រុមឡាវ ថ្ងៃបើកឆាកស្អែកនេះ

ការប្រកួតបើកឆាកវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នឹងចាប់ដំណើរការនៅពហុកីឡដ្ឋានជាតិ ថ្ងៃសៅរ៍ស្អែកនេះ ដោយក្នុងនោះក្រុមទីម័រខាងកើត ត្រូវជួបក្រុមប្រ៊ុយណេ នារសៀលម៉ោង ៣:៣០ ខណៈក្រុមម្ចាស់កម្ពុជា ត្រូវប្រឈមជាមួយដៃគូចាស់របស់ខ្លួនគឺក្រុមជម្រើសជាតិឡាវ ចាប់ពីល្ងាចម៉ោង ៦:៣០ ទៅ។

b1

លោក អ៊ុង កនយ៉ានិត គ្រូជំនួសនៃក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការប្រកួតបើកឆាកនេះ ជាជំនួបដ៏សំខាន់បំផុត ដែលក្រុមកម្ពុជាទាំងមូល ត្រូវតែប្រមូលអារម្មណ៍ និងតាំងចិត្តឲ្យបានខ្លាំងបំផុត ទើបអាចយកឈ្នះលើក្រុមឡាវបាន ព្រោះលោកបានមើលឃើញថា ក្រុមឡាវ មានទម្រង់លេងស៊ីចង្វាកគ្នាល្អ។

លោក អ៊ុង កនយ៉ានិត បានប្រាប់ថា៖«ការប្រកួទបើកឆាកជាមួយក្រុមឡាវ នៅថ្ងៃសៅរ៍ គឺជាឧបសគ្គមួយសម្រាប់កម្ពុជា ព្រោះតាមការសង្កេតរមើលពេលក្រុមឡាវ ជួបក្រុមម៉ាល់ឌីវ កន្លងមកនេះ ឃើញថា ក្រុមឡាវ បានទម្រង់លេងស៊ីចង្វាក់គ្នា ហើយបច្ចេកទេស និងកលល្បិចក្រុមក៏គេធ្វើបានល្អដែរ»។

ទោះបីជាយ៉ាងណាអតីតគ្រូបង្គោលរបស់ក្រុមប៉ូលិសរូបនេះ បានបញ្ជាក់ថា៖«យើងក៏បានមើលឃើញពីចំណុចខ្សោយរបស់ក្រុមឡាវផងដែរ ដែលយើងអាចរៀបចំប្រព័ន្ធលេងទប់ទល់ជាមួយក្រុមមួយនេះបាន ហេតុនេះយើងត្រូវប្រមូលអារម្មណ៍ឲ្យបានខ្លាំង និងតាំងចិត្តឲ្យបានខ្លាំង សម្រាប់ការប្រកួតដ៏សំខាន់មួយនេះ ព្រោះយើងត្រូវការ៣ពិន្ទុជាចាំបាច់ ដើម្បីធ្វើឲ្យក្រុមទាំងមូលមានកម្លាំងចិត្តកាន់តែខ្លាំង សម្រាប់ការប្រកួតបន្ទាប់ជាមួយក្រុមទីម័រ និងប្រ៊ុយណេ។ ផ្ទុយទៅវិញ បើយើងចាញ់ ឬស្មើ ក្នុងការប្រកួតបើកឆាកនេះ គឺយើងនឹងជួបការលំបាកកាន់តែខ្លាំង សម្រាប់២ប្រកួតបន្ទាប់ទៀត»។

b2

ចំណែកលោក Valakone Phomphakdy គ្រូបង្វឹកក្រុមជម្រើសជាតិឡាវ ក៏សង្ឃឹមថា កូនក្រុមរបស់លោកធ្វើបានល្អ ក្នុងការប្រកួតបើកឆាកនេះផងដែរ បើទោះបីជាលោកបានមើលឃើញថា ក្រុមកម្ពុជា មានប្រៀបក៏ដោយ។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ពេលធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីម្សិលមិញថា៖«ក្រុមម្ចាស់ផ្ទះកម្ពុជា ជារនាំងយ៉ាងធំ ក្នុងការប្រកួតនេះ ព្រោះក្រុមកម្ពុជា អាចមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះ ដែលមានអ្នកគាំទ្រយ៉ាងច្រើនចាំលើកទឹកចិត្ត ហើយកម្ពុជា ក៏មានកីឡាករល្អៗមួយចំនួន អាចបង្កបញ្ហាដល់ក្រុមឡាវបាន ប៉ុន្តែយើងក៏ត្រៀមខ្លួនបានល្អដែរ ហើយយើងនឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ហើយសង្ឃឹមថា កូនក្រុមរបស់ខ្ញុំ នឹងធ្វើបានល្អ ដើម្បីស្វែងលទ្ធផលដ៏ល្អមួយ ក្នុងការប្រកួតដ៏សំខាន់មួយនេះ»។

គួររំឭកថា ក្រុមជម្រើសជាតិកម្ពុជា និងក្រុមឡាវ ធ្លាប់បានជួបគ្នាចំនួន៨លើក ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup ដោយក្នុងនោះក្រុមកម្ពុជា បានចាញ់ក្រុមឡាវ ១-០ នៅលើទឹកដីឡាវ កាលពីឆ្នាំ១៩៩៦ តែនៅឆ្នាំ២០០០ កម្ពុជា បានឈ្នះក្រុមឡាវ ៣-០ លើកទឹកដីខ្លួនឯង។ ចំណែកឆ្នាំ២០០៤ កម្ពុជា បានចាញ់ឡាវ ២-១ មុនពេលស្មើគ្នា ២-២ ក្នុងឆ្នាំ២០០៦ ឯការប្រកួតនៅឆ្នាំ២០០៨ កម្ពុជា បានឈ្នះឡាវ ៣-២ ហើយការជួបគ្នាក្នុងឆ្នាំ២០១០ ក្រុមទាំង២បានស្មើគ្នា ០-០ ប៉ុន្តែការជួបគ្នា២លើកចុងក្រោយក្នុងពានមួយនេះ កម្ពុជា បានចាញ់ក្រុមឡាវ ១-០ ក្នុងឆ្នាំ២០១២ និងបានបន្តចាញ់ ៣-២ ក្នុងឆ្នាំ២០១៤។

ចំណែកការប្រកួតជម្រុះ 2014 FIFA World Cup ទាំង២ជើង កាលពីឆ្នាំ២០១១ កម្ពុជា បានឈ្នះក្រុមឡាវ ៤-២ ក្នុងទឹកដី តែបានធ្លាក់ពីការប្រកួតនោះ បន្ទាប់ពីបានទៅចាញ់ក្រុមឡាវ ៨-២ វិញក្នុងការប្រកួតកាត់សេចក្តីលើទឹកឡាវនោះ រីឯការមិត្តភាព២លើក កាលពីឆ្នាំ២០១៥ ក្រុមទាំង២បានស្មើគ្នា ១-១ កាលពីថ្ងៃទី២ ខែមិថុនា តែការជួបគ្នាលើកចុងក្រោយនៅឡាវ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ កម្ពុជា បានចាញ់ក្រុមឡាវ ២-១៕

The post គ្រូកម្ពុជា ជំរុញឲ្យកូនក្រុមតាំងចិត្តឲ្យបានខ្លាំង ដើម្បីផ្តួលក្រុមឡាវ ថ្ងៃបើកឆាកស្អែកនេះ appeared first on CamboSport.