ធី តុង​ហ៊ី នៅ​តែ​មាន​ជំនឿ​ចិត្ត​ឈ្នះ​គូប្រកួត​ខណៈ​មឿ​ន សុខ​ហ៊ុ​ច ត្រូវការ​3​ពិន្ទុ​បន្ថែម

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC វគ្គ​សន្សំ​ពិន្ទុ​ថ្ងៃ​សៅរ៍​ ទី​១៥ ខែតុលា ស្អែកនេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៤​ហើយ ។ សម្រាប់​កីឡាករ​ធី តុង​ហ៊ី មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា បន្ទាប់​ពីរ​បូត​បាត់​៣​ពិន្ទុ​កាលពី​ស​ប្ដា​ហ៍​មុនគេ​នៅ​តែ​មាន​ជំនឿ​ចិត្ដ​ឈ្នះ​គូប្រកួត​ដដែល ចំណែក មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ដែល​ទទួល​បាន​៣​ពិន្ទុ​កាលពី​ស​ប្ដា​ហ៍​មុន បាន​បង្ហាញ​មហិច្ឆតា​ចង់បាន​៣​ពិន្ទុ​ពី​គូប្រកួត​ទៀត ។

ការ​ប្រកួត​លើក​នេះ ធី តុង​ហ៊ី ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Neng Trakan Kor.Kamuwat រីឯ​មឿ​ន សុខ​ហ៊ុ​ច ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Joamphop Sor.Virakvan ។

មឿ​ន សុខ​ហ៊ុ​ច ធ្លាប់​ប្រកួត​៩៦​ដង ឈ្នះ​៦៩​ដង ចាញ់​២២​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៨៦​ដង ឈ្នះ​៧៤​ដង ចាញ់​១៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ។

ចំណែក​ធី តុង​ហ៊ី ធ្លាប់​ប្រកួត​បាន​១១៥​ដង ឈ្នះ​៨៦​ដង ចាញ់​២៧​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣៣​ដង​ក្នុង​ពេល កីឡាករ​ថៃ ធ្លាប់​ប្រកួត​បាន​៩៦​ដង ឈ្នះ​៨០​ដង ចាញ់​១១​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។

ដោយឡែក​គូប្រកួត​មិត្តភាព​នៅ​លើ​សង្វៀន​ដដែល​មាន​កីឡាករ​ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សារាយ ចំរើន មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយ​មាន​ជ័យ ។ កីឡាករ ជឹ​ម សា​រ៉ាត់ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សេង កំសត់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ៕