តាម​រក​កូនស្រី​មិនឃើញ ប្តឹង​ប៉ូលិស​ទើប​ដឹង

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​សិស្សសាលា​ម្នាក់ដែល​បាត់​ខ្លួន​ពេល​ទៅ​សាលាមិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ ពេល​នេះ​បាន​រក​ឃើញ​ហើយ ​គឺ​នាង​មិន​បាន​ចាញ់បោក​ជនខិលខូច​ណា​ម្នាក់​នោះ​ទេ គឺ​នាង​បាន​រត់​​ទៅ​នៅ​ផ្ទះ​​សង្សារ​របស់​នាង​ដែល​ទាក់​ទង​គ្នា​ជា​យូរ​មក​ហើយ ។

ការ​រក​ឃើញ​នាង​រូប​នេះ បន្ទាប់​ពី​ឪពុក​ម្តាយ​រក​អស់ចិត្ត​មិនឃើញ ក៏​ដាក់​ពាក្យបណ្តឹងសុំ​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្វែងរក​កូនស្រី​ដែល​បាត់​ខ្លួនកាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦​រួច​មក កម្លាំង​នគរបាល​ស្រុក​បាន​ទាក់ទង​គ្នា​ជា​ប្រ​ព័​ន្ឋគ្រប់​បណ្តា​ស្រុក​ទូ​ទាំង​ខេត្ត ។ តាម​រយៈ​ការ​ស្រាវជ្រាវ នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រះ​ស្រែ​បាន​រក​ឃើញ
ក៏​ចុះ​ទៅ​នាំ​នាង និង​សង្សារ​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល ហើយ​រាយការណ៍​មក​នគរបាល​ស្រុក​ភ្នំស្រួច​ដែល​ជា​ម្ចាស់​ករណី ដើម្បី​ទៅ​នាំ​យក​នាង​ត្រឡប់​មក​វិញ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក​អនុសេនីយ៍ឯក ពៅ នឿ​ន អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច និង​ត្រូវជា​ឪពុកមា​របស់​ក្មេង​ស្រីរូប​នោះ ។

លោក ពៅ នឿ​ន បាន​បញ្ជាក់​ប្រាប់​«កោះសន្តិភាព​»តាម​ទូរស័ព្ទកាលពី​ព្រឹក​ថ្ងៃ​ទី​១៣ តុលា ថា ក្មួយ​របស់​លោក​ដែល​បាត់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១១ តុលា ពេល​ដែល​ទៅ​រៀន​នោះ ពេល​នេះ​រក​ឃើញ​វិញ​ហើយ បន្ទាប់​ពី​លោក​បាន​សហការ​ជាមួយ​បណ្តា​ស្រុក និង​ប៉ុស្ដិ៍​រដ្ឋបាល​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​រួច​មក ។ លោក​ថា ក្មួយ​របស់​លោក​មិន​បាន​ចាញ់បោក​ជនខិលខូច​ណាមួយ​នាំ​យក​ទៅ​លក់​នោះ​ទេ គឺ​នាង​បាន​ទៅ​តាម​មិត្ត​ប្រុស​របស់​នាង​នៅ​ភូមិ​ឈូកសរ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ។

លោក​និយាយ​ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​របស់​សមត្ថកិច្ច ខាង​ប៉ុស្តិ៍​រដ្ឋបាល​ព្រះ​ស្រែ បាន​ទៅ​ហៅ​នាង​ និង​មិត្ត​ប្រុស​មក​កាន់​ប៉ុស្តិ៍ ហើយ​រាយការណ៍​មក​លោក​ និង​ឪពុក​ម្តាយ​របស់​នាងអោយទៅ​ទទួលយក​ត្រឡប់​មក​ផ្ទះ​វិញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ តុលា ។ ក្នុង​នោះ​ឪពុក​ម្ដាយ​ខាង​ប្រុស ក៏​បាន​ទទួលស្គាល់​ និង​សន្យា​ថា ចូល​ស្ដីដណ្ដឹង​រៀប​ការ​តាម​ប្រពៃណី ។ ភាគី​ខាង​ប្រុស​ដែល​ល្បួង​នារី​ជា​សង្សារ​យក​ទៅ​នោះ ឈ្មោះ ​ថា ឈុ​ន អាយុ​២៥​ឆ្នាំ ។

ព​ត៌​មាន​ដែល​ទទួល​បាន​រហូត​ឈាន​ទៅ​ដល់​រក​ឃើញ​ក្មេង​ស្រី​រូប​នេះ គឺ​សមត្ថកិច្ច​ទទួល​បាន​តាម​រយៈ​មិត្តភក្តិ​របស់​នាង ដែល​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា អ្នក​ទាំង​២​បាន​ទាក់ទង​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ ទើប​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​អ្នក​នាំ​ទៅ ទើប​រក​នាង​ឃើញ ។ ប្រសិនបើ​គ្មាន​ការ​បំភ្លឺ​ពី​មិត្តភក្តិ​របស់​នាង​ទេ ម្ល៉េះ​សម​មិនដឹង​ថា ទៅ​រក​នៅ​ឯជើង​មេឃ​ណា​ឃើញ​ឡើយ ។

មជ្ឈដ្ឋាន​មហាជន​បាន​នាំ​គ្នា​និយាយ​ថា វា​ពិតជា​ពិបាក​ណាស់ ក្នុង​ការ​ដែល​ចិញ្ចឹម​បីបាច់​កូន​សម័យ​ឥឡូវនេះ ឪពុក​ម្តាយ​ឃុំគ្រង​តែ​រូប​កាយ ឯ​ចិត្ត​វិញ​ឃុំគ្រង​មិន​បាន​ឡើយ ដូច​ករណី​នេះ​ជាដើម ឪពុក​ម្តាយ​មិន​បានដឹង​ថា​កូន​ទាក់ទង​គ្នា​តាំងពី​ពេល​ណា​ទេ ទាល់តែ​បាត់​កូន​ហើយ​មានរឿង​បែប​នេះ ទើប​ភ្ញាក់ផ្អើល​តាម​រក ។ នេះ​ចាត់​ទុក​ថា​សំណាង​ទៅ​ហើយ ដែល​មិត្តភក្ដិ​របស់​នាង​ដឹង​ថា នាង​ទាក់ទង​មាន​សង្សារ ចុះបើ​មិត្ត​នាង​មិនដឹង តើ​មាន​តំរុយ​ឯណា​ក្នុង​ការ​តាម​រក? ចង់​មិន​ចង់​រស់នៅ​ជាមួយ​គ្នា​រហូត​បានកូន​១​ខាង​ប្រុស​បោះបង់​ចោល​ក៏​ថា​បាន ព្រោះ​មិនមែន​ជា​ប្រ​ព​ន្ឋ​ពេញ​ច្បាប់​ឯណា ។ ម្យ៉ាងវិញទៀត ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រ​ព​ន្ឋ​ដោយ​គ្មាន​ចាស់ទុំ​ដឹង​ឮ​នេះ ភាគី​ខាង​ស្រី​ងាយ​នឹង​រង​គ្រោះ​ខ្លាំង​បំផុត ។ ចាត់​ទុក​ថា​សំណាង​ហើយ ដែល​រក​ឃើញ​ទៅ​សម្ងំ​រស់នៅ​ក្នុងផ្ទះ​ឪពុក​ម្ដាយ​ខាង​ប្រុស ដែល​គេ​ទទួលស្គាល់ កុំ​អី​សង្ស័យ​ទទួលទាន​ហ្វ្រី​រហូត​ដល់​ណាយ ។

ការ​លើក​ឡើង​ដូច្នេះ មិនមែន​បន្តុះបង្អាប់​នារី​ៗ​នោះ​ទេ គ្រាន់តែ​ចង់​បង្ហាញ​ថា ក្មេង​ស្រី​កុំ​សូវ​ធ្វើ​អ្វី​ៗ ដែល​ងាយ​រង​គ្រោះ​បែប​នេះ​ពេក គួរតែ​ចេះ​គិតពិចារណា​អោយ​បាន​វែង​ឆ្ងាយ និង​គួរ​អាណិត​ចិត្ត​ឪពុក​ម្តាយ​ដែល​ខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​តាំងពី​តូច​រហូត​មាន​រូបរាង​ពេញវ័យ​បែប​នេះ​ខ្លះ​ផង ។ ព្រោះថា ជោគវាសនា​របស់​ខ្លួន គួរតែ​ទុក​អោយ​ឪពុក​ម្តាយ​ជា​អ្នក​ទុកដាក់ ទើប​ជា​ការ​ប្រសើរ ការ​ដែល​សំរេចចិត្ត​រត់​តាម​គ្នា​បែប​នេះ វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ។

គួរ​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច បាន​ទទួល​ពាក្យ​បណ្តឹងសុំ​អោយ​មាន​អន្តរាគមន៍​រក​កូនស្រី​ដែល​បាត់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ ខណៈ​រូប​នាង​បាន​ទៅ​សាលារៀន​ជាមួយ​មិត្ត ហើយ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ព្រមទាំង​គ្មាន​ដំណឹង​អ្វី​បន្តិច​សោះ ។ ក្មេង​ស្រី​សិស្សសាលា​ដែល​បាត់​ខ្លួន​នោះ​មានឈ្មោះ ហ៊ឹ​ម ចាន់​ណា កើត​នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​១៩៩៩ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច មាន​ទីលំនៅ​ភូមិ​ក្រាំង​ខ្ជាយ ឃុំ​តាំង​ខ្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ឪពុក​ឈ្មោះ ហ៊ុន ថង និង​ម្តាយ​ឈ្មោះ ផា​ន់ រឿ​ន ពួក​គាត់​ជា​កសិករ ៕