អ្នក​ភូមិ​នៅ​ខេត្ត​ស្ទឹងត្រែង​ត្អូញ​រឿង​ផ្លូវ​​លំបាក​មិន​អាច​ធ្វើ​ដំណើរ​បាន

ពលរដ្ឋ​រស់​នៅ​ភូមិ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ត្អូញត្អែរ​អំពី​ស្ថានភាព​ផ្លូវ​លំបាក​មិន​អាច​ធ្វើ​ដំណើរ​បាន ដែល​ប៉ះពាល់​ជា​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគេ។ អ្នក​ភូមិ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​កសាង​ផ្លូវ​លំ​ដ៏​សំខាន់​មួយ​នេះ​ក្នុង​ភូមិ។ ថ្នាក់ដឹកនាំ​ស្រុក​ឲ្យ​ដឹង​ថា គេ​មាន​គម្រោង​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​នៅ​ឆ្នាំ​២០១៧។

​ផ្លូវ​លំ​មួយ​មាន​ប្រវែង​ជាង ៨​គីឡូម៉ែត្រ ពី​ឃុំ​ចម្ការលើ ទៅ​ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ កំពុង​មាន​ស្ថានភាព​យ៉ាប់យ៉ឺន​ខ្លាំង មាន​ទាំង​ផ្លូវ​ជង្ហុក​ជ្រៅៗ និង​ល្បាប់​ភក់ ដែល​ពិបាក​ធ្វើ​ដំណើរ។ អ្នក​ភូមិ​អះអាង​ថា ពួកគាត់​បង្ខំ​ចិត្ត​ធ្វើ​ដំណើរ​កាត់​ផ្លូវ​នេះ ទាល់​តែ​មាន​កិច្ចការ​ចាំបាច់​ខាន​មិន​បាន​ដូចជា កូន​ឈឺ និង​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

​ពលរដ្ឋ​រស់​នៅ​ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ លោក កាន់ យ៉ឺន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ថា ផ្លូវ​លំ​មួយ​ខ្សែ​នេះ​ជា​ផ្លូវ​ស្នូល​ដ៏​សំខាន់​នៅ​តំបន់​នេះ ដែល​អ្នក​ភូមិ​អន្លង់ភេ តែងតែ​ធ្វើ​ដំណើរ​ទៅ​មក​ពី​ទី​រួម​ស្រុក​ថាឡាបរិវ៉ាត់ ឬ​ទី​រួម​ខេត្ត​ស្ទឹងត្រែង តែ​បច្ចុប្បន្ន​ផ្លូវ​នេះ​កំពុង​ក្លាយ​ជា​ឧបសគ្គ​ចម្បង​រាំង​ខ្ទប់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ភូមិ​ដឹក​កសិផល និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ លោក​កត់សម្គាល់​ថា ប្រសិនបើ​ធ្វើ​ដំណើរ​នៅ​ខែ​ប្រាំង ត្រូវ​ចំណាយ​ពេល​ជាង​មួយ​ម៉ោង ក៏ប៉ុន្តែ​បើ​ធ្វើ​ដំណើរ​នៅ​ខែវស្សា​វិញ ត្រូវ​ចំណាយ​ពេល​ជិត​មួយ​ថ្ងៃ៖ «ផ្លូវ​នេះ​ស្លាប់​ម្នាក់ៗ​ហើយ គ្មាន​រស់​ទេ។ ខ្ញុំ​​យក​កូន​ទៅ​ពេទ្យ (ជិះ) ផ្លូវ​នេះ សង្ស័យ​ថា ម៉ោង ៣​ល្ងាច​បាន​ដល់»

ឆ្លើយ​តប​រឿង​នេះ ប្រធាន​រដ្ឋបាល​សាលា​ស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី ទទួល​ស្គាល់​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ស្ថានភាព​លំបាក ក៏ប៉ុន្តែ​ថ្នាក់ដឹកនាំ​ស្រុក​បាន​ពិភាក្សា​ករណី​នេះ​ហើយ នឹង​បង្វែរ​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​នៅ​ឆ្នាំ​២០១៧ ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ឃុំ​ចម្ការលើ និង​អាជ្ញាធរ​ឃុំ​អន្លង់ភេ ចាប់​ដៃ​គ្នា​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ។ លោក​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​ផ្លូវ​នេះ រដ្ឋបាល​ស្រុក​ថាឡាបរិវ៉ាត់ បាន​ព្យាយាម​ស្នើ​សុំ​ទៅ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ដែរ តែ​ពុំ​ទាន់​ទទួល​លទ្ធផល៖ «ថវិកា​ឃុំ​ឆ្នាំ​២០១៧ នឹង​បង្វែរ​មក​ឲ្យ​ធ្វើ​កន្លែង​ហ្នឹង។ ឆ្នាំ​២០១៦ វា​ចុង​ឆ្នាំ ហើយ​ណា​មួយ​គាត់​បាន​អនុម័ត​ថវិកា​គាត់​ហើយ»

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ចាត់​ទុក​ផ្លូវ​គឺ​ជា​សរសៃ​ឈាម​ដ៏​សំខាន់​នៃ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ផ្លូវ​ណា​ដែល​ជា​តំបន់​អាទិភាព​មុន​គេ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។ លោក​ទទូច​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​លើក​ផែនការ​វិនិយោគ​ផ្លូវ​នោះ​ជា​អាទិភាព​នៅ​ឆ្នាំ​ក្រោយ និង​ចៀសវាង​អូស​បន្លាយ​ពេល បង្ក​ជា​ឧបសគ្គ​ដល់​អ្នក​ធ្វើ​ដំណើរ និង​មុខ​របរ​ទទួលទាន​របស់​ពលរដ្ឋ៖ «ផ្លូវ​ហ្នឹង​លំបាក​ធ្វើ​ដំណើរ​ប៉ះពាល់​របរ​រក​ស៊ី​ច្រើន​ណាស់។ កាល​ណា​ប៉ះពាល់​របរ​រក​ស៊ី​គាត់​អត់​ចេញ​ទៅ​រក​ស៊ី គឺ​ខាត​ទាំង​ពលរដ្ឋ ខាត​ទាំង​រដ្ឋ។ កាល​ណា​ពលរដ្ឋ​អត់​ប្រាក់​ចំណូល ប្រជាពលរដ្ឋ​អត់​មាន​ខ្ទង់​ចំណាយ ហើយ​រដ្ឋ​ក៏​អត់​បាន​ចំណូល​ដែរ»

​ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ឋិត​នៅ​ទិស​ខាងលិច​ឆៀង​ខាង​ជើង​នៃ​ទី​រួម​ខេត្ត​ស្ទឹងត្រែង ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ជាង ៤០​គីឡូម៉ែត្រ។ ពលរដ្ឋ​រស់​នៅ​ទី​នោះ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ មាន​ចំនួន​ជាង ១​ពាន់​គ្រួសារ ហើយ​នៅ​អម​សង​ខាង​ផ្លូវ​ទៅ​តំបន់​នោះ សម្បូរ​ដោយ​ព្រៃ​ល្បោះ ឬ​ព្រៃ​រេចរឹល ព្រៃ​សហគមន៍ និង​ដី​ទំនេរ​ដែល​គេ​ទើប​កាប់​រាន​យក​ដី​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។