​អាការៈ​ញឹកញាប់ របស់​មហារីក​សួត ដែល​អ្នក​គួរ​ដឹង​

​អាការៈ​ញឹកញាប់ របស់​មហារីក​សួត ដែល​អ្នក​គួរ​ដឹង​

​ជំងឺមហារីក​សួត ត្រូវបាន​គេ​ស្គាល់​ថា ជា​ជំងឺ​មហារីក​ដែល​កើតមាន ជា​ញឹកញាប់​បំផុត និង​ធ្ងន់ធ្ងរ ហើយ​កើតឡើង លើ​មនុស្ស​ចាស់​អាយុ​ចាប់ពី ៧០ ឆ្នាំ​ឡើង​ទៅ​។ ចំពោះ​មនុស្ស​អាយុ​តិចជាង ៤០ ឆ្នាំ​ក៏មានដែរ គ្រាន់តែ​មាន​ចំនួន​តិចតួច​។ ការជក់បារី គឺជា​មូលហេតុ​ស្ទើតែ ៩០ ភាគរយ​ទៅ​ហើយ របស់​ជំងឺមហារីក​សួត​នេះ ប៉ុន្តែ អ្នក​មិន​ជក់បារី ក៏​អាច​កើត​ជំងឺ​នេះ​បាន​ដែរ​។

​ជំងឺមហារីក​សួត ច្រើន​តែ​មិន​បង្ក​ជា​រោគសញ្ញា នៅ​ដំណាក់កាល​ដំបូង​ឡើយ ហើយក៏​អាច​ត្រូវការ ស៊ី​ពេល​ច្រើន​ឆ្នាំ​ដែរ​ទើប​ដឹង​។ នៅពេល​រោគ​សញ្ញា​បង្ហាញ​ខ្លួន វា​ច្រើនតែ​បញ្ជាក់ថា ជំងឺ​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ ឬ​អាច​និយាយថា រាលដាល​ទៅ​កន្លែង​ផ្សេង ឬ​សរីរាង្គ​ណា​ផ្សេង​បាន​ទៅ​ហើយ​។ យ៉ាងណាមិញ អាការៈ​របស់​ជំងឺមហារី​កសួត​ច្រើន តែ​កើត​ជា​ញឹកញាប់​បំផុត​នោះ មានដូចជា ៖

  • ​ការ​ក្អក​រ៉ាំរ៉ៃ ដែល​មិន​ព្រម​បាត់​ទៅ​វិញ ក្នុង​រយៈពេល ២ ទៅ ៣ សប្តាហ៍ ឬ​កាន់តែ​ធ្ងន់​ទៅៗ ហើយ​ការ​ក្អក​នេះ នឹង​ធ្វើឲ្យ​ឈឺទ្រូង​ដែរ​
  • ​ក្អក​ធ្លាក់​ឈាម​
  • ​ពិបាក​ដកដង្ហើម និង​ដកដង្ហើម​លឺសូរ​ដូច​ហួច ឬ​តឹង​ក្នុង​ទ្រូង​
  • ​មុខ ដៃ និង​ក​ទៅជា​ហើម និង​សម្លេង​ទៅ​ជា​ការ​ស្អក​ច្រើន​
  • ​ឧស្សាហ៍​មាន​ជំងឺ ដោយសារ​តែ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ ជំងឺ​ដែល​អាច​កើត​មាន​ដូចជា រលាក​ទងសួត ឬ​រលាក​សួត​ម្តង​ហើយ​ម្តងទៀត​។​

​អាការៈ​ញឹកញាប់​ផ្សេងៗ​ទៀត ដែល​កើតមាន​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ មានដូចជា ៖

  • ​ឈឺ​ក្នុង​ឆ្អឹង ដែល​ជា​សញ្ញា​បញ្ជាក់ថា មហារីក​រាលដាល​ដល់​ឆ្អឹង​ហើយ​
  • ​មាន​រោគសញ្ញា​សរសៃប្រសាទ​ដូចជា ឈឺក្បាល វិលមុខ ប្រកាច់ អាកប្បកិរិយា​ប្រែប្រួល និង​ស្ពឹក​នៅ​ដៃ និង​ជើង​
  • ​ហើម​រាងកាយ​។​

​រោគសញ្ញា​ភាគច្រើន ដែល​បាន​លើកឡើង​ខាងលើនេះ អាច​បង្កឡើង​ដោយ ជំងឺ​ណា​ផ្សេង​ក្រៅពី​មហារីក​សួត​ដែរ​។ សម្រាប់​ការកំណត់​រោគវិនិច្ឆ័យ បាន​ទាន់ពេលវេលា និង​ព្យាបាល​បាន​លឿន អាច​នឹង​ជួយ​ឲ្យ​លទ្ធផល​ល្អ​ជាង​យឺត​ពេល ដូច្នេះ យក​ល្អ គួរតែ​ស្វែង​ការពិគ្រោះ​ជំងឺ ឲ្យបាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន បើសិនជា​សម្គាល់​ឃើញ​សញ្ញា ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។