ហេតុផល​មិន​ធ្លាប់​ចាប់​អារម្មណ៍ តែ​ជា​ដើមហេតុ​នាំឲ្យ​កើត មុន​លើ​ស្បែក​ញឹកញាប់​

ហេតុផល​មិន​ធ្លាប់​ចាប់​អារម្មណ៍ តែ​ជា​ដើមហេតុ​នាំឲ្យ​កើត មុន​លើ​ស្បែក​ញឹកញាប់​

​ការកើត​មុន​លើ​ស្បែក ច្រើនតែ​ជា​បញ្ហា​ដ៏​ធំ​បំផុត​មួយ សម្រាប់​យុវវ័យ​សម័យនេះ ជាពិសេស អាយុ​ខ្ទង់ ២០ ឆ្នាំ​តែ​ម្តង​។ យ៉ាងណាមិញ អ្នក​ពិតជា​មិន​អាច​យល់​បាន​ថា ហេតុអ្វី​បានជា​ស្បែក​អ្នក ចេះ​តែ​កើតមុន​អញ្ជឹង​នោះទេ​។ ខណៈពេល​ដែល​ភាព​ក្រហម និង​ស្បែក​ដែល​រលាក​នោះ​ស្រាកស្រាន្ត​ទៅវិញ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ហើយ​វា​នៅ​តែ​កើត​ឡើង​ម្តងទៀត​នោះ គឺ​ដោយសារតែ​ហេតុផល​ខាង​ក្រោម​នេះឯង ៖

ញ៉ាំ​ទឹកដោះគោ​ច្រើន​
វា​គ្មាន​អ្វី​ដែល​ត្រូវ​សង្ស័យ​ទេ​ដែល​ថា ការ​ញ៉ាំ​ទឹកដោះគោ គឺ​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព ប៉ុន្តែ ការសិក្សា​បាន​រកឃើញថា វា​ជា​ហេតុ​នាំឲ្យ​កើត​ជំងឺ​មុន​។ ដូច្នេះ បើសិន​ជា​អ្នក​ងាយ​នឹង​កើតមុន​មែន​នោះ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​ទឹកដោះគោ​ទៅ​។

របប​អាហារ​
អាហារ​ដើរតួនាទី​ដ៏​សំខាន់​មួយ ចំពោះ​សុខភាព​ស្បែក​មនុស្ស​យើង​។ ដូច្នេះ បើសិន​ជា​អ្នក​ទើបតែ​ផ្លាស់ប្តូរ​របប​អាហារ​នា​ពេល​ថ្មីៗ​នេះ ឬ​ញ៉ាំ​អាហារ​ខុស​នោះ វា​អាច​ជា​ហេតុផល​មួយ នាំ​ស្បែក​កើតមុន​ដែរ​។

អាកាសធាតុ​ប្រែប្រួល​
បើសិនជា​មាន​ការប្រែប្រួល​អាកាសធាតុ​ខ្លាំង ក្នុង​កន្លែង​ដែល​អ្នក​រស់នៅ ស្បែក​អ្នក​អាច​នឹង​រង​ការប៉ះពាល់​ជាមិនខាន​។ គ្រប់​ពេល​ដែល​កម្រិត​សីតុណ្ហភាព​ធ្លាក់ចុះ វា​អាច​នឹង​ធ្វើឲ្យ​ស្បែក​បង្កើន​ការផលិត​ជាតិ​ប្រេង ហើយ​ក៏​នាំឲ្យ​កើត​មុនបាន​ដែរ​។

ប្រើប្រាស់​គ្រឿង​តុបតែង​សម្រស់​ខុស​
ប្រេង​សម្រាប់​ម៉ាស្សា​របស់​អ្នក អាច​ជួយ​ឲ្យ​ស្បែក​មើលទៅ​អស្ចារ្យ ប៉ុន្តែ បើសិន​ជា​អ្នក​លាប​វា​ច្រើនពេក ស្បែក​អាច​នឹងរង​ការ​រលាក និង​កើត​ជា​មុន​តែម្តង​។ ជាមួយគ្នានេះដែរ បើសិន​ជា​អ្នក​កំពុង​តែ​ប្រើប្រាស់ ផលិតផល​ផាត់មុខ​ខុស និង​ថែរក្សា​ស្បែក​ខុស ហើយ​បង្ក​ជា​ការស្ទះ​ដល់​រន្ធ​ញើស​ទៀត​នោះ វា​នឹង​ធ្វើឲ្យ​ស្បែក​រលាក​បាន​។ ដូច្នេះ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក ដើម្បី​ដោះស្រាយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។