ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​ពុំ​សូវ​បង្ហាញមុខ​ឱ្យ​គេ​ឃើញ

ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​ថៃ​មហា វ៉ា​ជី​រ៉ា​ឡុ​ង​កន ជា​យោធា​ទទួល​លក្ខន្តិកៈ​ជា​រាជទាយាទ​ចាប់តាំងពី​យូរ​មក​ហើយ នោះ​តែង​ចំណាយពេល​ភាគច្រើន​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ ប្រជាប្រិយភាព​របស់​ទ្រង់​ដាច់​ឆ្ងាយ​ពី​ប្រជាប្រិយភាព​ព្រះ​បិតា ដែល​ពលរដ្ឋ​ថៃ​ស្រឡាញ់​គោរព​បំផុត ។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​ចូល​ទិវង្គត​របស់​ព្រះ​បិតា​ថ្ងៃ​ទី​១៣ តុលា វេលា​ម៉ោង​១៥​និង​៥២​នាទី​ម៉ោង​ក្នុងស្រុក ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​អង្គ​នោះ​បង្កើត​ភាព​មិន​ច្បាស់លាស់​ដោយ​ស្នើ​ពេល​មួយ​រយៈ​មុន​ប្រកាស​ឡើង​គ្រងរាជ្យ ។

កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ទ្រង់​បាន​លែងលះ​ជាមួយ​មហេសី​ទី​៣ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី ស្រុ​ី​រស្មី ដែល​រៀប​អភិសេក​លួចលាក់​កាលពី​ឆ្នាំ​២០០១ ដែល​ការ​លែងលះ​នោះ​ជួន​ពេល​គ្នា​នឹង​រឿងអាស្រូវ​មួ​ួ​យ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ដែល​នាំ​សមាជិក​ច្រើន​នាក់​នៃ​គ្រួសារ​រាជវង្ស​ទៅ​កាត់ទោស​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ។ ពួក​គេ​ទទួល​ការ​ចោទប្រកាន់​ថា ឆ្លៀត​ពេល​ខ្លួន​ជា​សែ​រាជវង្ស ដើម្បី​ស្វែងរក​ផលប្រយោជន៍​ខាង​ហិរញ្ញវត្ថុ ដែល​ការ​ចោទប្រកាន់​នោះ​ត្រូវ​បាន​គេ​បកស្រាយ​ថា​ជា​ប្រតិបត្តិការ​បោសសម្អាត​ពួក​អ្នក​នៅ​ជុំវិញ​អនាគត​ព្រះមហាក្សត្រ ។

ចាប់តាំងពី​ការ​លែងលះ​នោះ​មក គេ​ឃើញ​រាជទាយាទ​អង្គ​នោះ​ចូល​ចិត្ត​លេង​ថតរូប​ប្រឡែង​លេង​ជាមួយ​បុត្រ​ពៅ​របស់​ទ្រង់​ជាមួយ​ម្ចាស់​ក្ស​ត្រី ស្រុ​ី រស្មី ដែល​បុត្រា​អង្គ​នោះ​ព្រះ​នាម  DIPANGKORN RASMIJOTI ។

ការ​បង្ហាញខ្លួន​ជា​សាធារណៈ​មួយ​ដែល​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​របស់​ទ្រង់​គឺ​កាលពី​ខែសីហា ឆ្នាំ​២០១៥ ពេល​មានការ​បារម្ភ​ខ្លាំង​ទាក់ទិន​នឹង​ព្រះរាជ​សុខភាព​របស់​ព្រះ​បិតា ពេល​នោះ​មានការ​រៀបចំ​ពិធី​ប្រណាំង​កង់​ធំ​មួយ​កាត់​ក្រុង​បាងកក​ដោយ​ព្រះ​អង្គ​ម្ចាស់​ធាក់​កង់​នាំមុខ​គេ ។

ទោះជា​យ៉ាងណា​ការ​ថ្លែង​របស់​រាជទាយាទ​អង្គ​នោះ​ពិតជា​កម្រ​កម្រិត​ត្រឹម​ក្នុង​សុន្ទរកថា​ផ្លូវការ​ដូច​កាលពី​ឆ្នាំ​២០១១ ពេល​បើក​សម័យប្រជុំ​ដំបូង​របស់​សភា​ដែល​ទ្រង់​ចូលរួម​ជា​ព្រះរាជ​តំណាង​របស់​ព្រះ​បិតា​ដែល​ប្រឈួន​។ ពេល​នោះ​ទ្រង់​ថ្លែង​ក្នុង​សភា​ថា ជា​ការ​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​របស់​អស់លោក លោកស្រី​ក្នុង​ឋានៈ​ជា​សមាជិក​សភា​ដែល​ត្រូវ​ធ្វើការ​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ ។

ពេល​ធ្វើ​រដ្ឋប្រហារ​ខែឧសភា ឆ្នាំ​២០១៤ ប្រឆាំង​រដ្ឋាភិបាល​របស់​លោកស្រី​យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ព្រះ​អង្គ​ម្ចាស់​ពុំ​ស្ថិត​ក្នុង​ប្រទេស​ថៃ​ឡើយ ។

ក្នុង​បាតុកម្ម​គាំទ្រ​ត្រកូល​ស៊ី​ណា​វ៉ា​ត្រា គេ​ឃើញ​ពួក​អ្នកគាំទ្រ​មួយ​ចំនួន​លើក​រូបថត​របស់​ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​ញ៉ាំង​ឱ្យ​មានការ​បក​ក្រោយ​ផ្សេង​ៗ​ពី​លទ្ធភាព​ដែល​ទ្រង់​ខិត​ជិត​ត្រកូល​ថា​ក់​ស៊ី​ន ។

ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​ថៃ​ជាមួយ​មហេសី​ដំបូង​គេ​ជា​បងប្អូន​ជីដូនមួយ​មាន​បុត្រី​ម្នាក់​កើត​ក្នុង​ឆ្នាំ​១៩៧៨ ។ ទ្រង់មាន​បុត្រា​ជា​ច្រើន​ជាមួយ​មហេសី​ទី​២ ម្ចាស់​ក្ស​ត្រី SUCHARINEE ដែល​ព្រះ​បរមរាជវាំង​មិន​ទទួលស្គាល់ ។

ក្រោយ​រៀនសូត្រ​ថ្នាក់មធ្យមសិក្សា​នៅ​ប្រទេស​អង់គ្លេស​ទ្រង់​ចុះ​ឈ្មោះ​កាលពី​ឆ្នាំ​១៩៧២ ចូល​រៀន​នៅ​បណ្ឌិតសភាយោធា DUNTROON អូស្ត្រាលី រួច​ទ្រង់​យាង​មក​ប្រទេស​វិញ​មុន​ការ​បង្ក្រាប​បង្ហូរឈាម​បាតុកម្ម​និស្សិត​កាលពី​ឆ្នាំ​១៩៧៦ ។

ព្រះ​សព​របស់​ព្រះមហាក្សត្រ​ដង្ហែ​ចេញពី​ពេទ្យ​ទៅ​ព្រះ​បរមរាជវាំង ។

វិ​ថី​ទាំងឡាយ​ពី​មន្ទីរពេទ្យ SIRIRAJ ទៅ​ព្រះ​បរមរាជវាំង​មាន​កិច្ច​ការពារ​សន្តិសុខ​យ៉ាង​តឹងតែង​បំផុត​ហើយ​បិទ​ព្រោះ​នា​រសៀល​ថ្ងៃ​ទី​១៤ តុលា ព្រះ​សព​របស់​ព្រះមហាក្សត្រ​ត្រូវ​ដង្ហែ​ចេញពី​មន្ទីរពេទ្យ​ទៅ​កាន់​ព្រះ​បរមរាជវាំង ។ ព្រះ​សព​ព្រះ​អង្គ​តម្កល់​នៅ​ទីនោះ​ដែល​ការ​កាន់ទុក្ខ​មាន​រយៈពេល​១​ឆ្នាំ ៕