បុណ្យ១០០ថ្ងៃ​​សព​​លោក​​កែម ឡី ​រៀបចំ​នៅ​វត្តចាស់​ដូច​ការ​គ្រោងទុក

គណៈកម្មការបុណ្យសពលោកបណ្ឌិតកែម ឡី បានរៀបចំពិធីបុណ្យ១០០ថ្ងៃសពលោកកែម ឡីនៅវត្តចាស់ ជ្រោយចង្វារដូចការគ្រោងទុកដោយចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រនេះ។ គណៈកម្មការបុណ្យបានបញ្ជាក់ថា ការរៀបចំបានដោយរលូនបែបនេះ ដោយសារតែអាជ្ញាធរបានអនុញ្ញាតឲ្យធ្វើឡើងវិញ។ យ៉ាងណាក៏ដោយ នៅព្រឹកនេះ មិនទាន់សូវមានឃើញប្រជាពលរដ្ឋមកចូលបុណ្យច្រើនកុះករនៅឡើយទេ។ ប្រជាពលរដ្ឋអាចនឹងចូលរួមច្រើននៅពេលរសៀលឫពេលល្ងាច។

ភាគច្រើនអ្នកដែលបានចូលរួមនៅក្នុងពិធីបុណ្យសពលោកបណ្ឌិតកែម ឡីនៅព្រឹកនេះ គឺជាអ្នកដែលមកជួយរៀបចំបន្ថែមផ្សេងៗទៀតនៅក្នុងពិធីបុណ្យដូចជារៀបចំដាក់ថូផ្កា និង បិទរូបភាពលោកកែម ឡីជាដើម។ ចំណែករោងបុណ្យវិញ គឺបានសង់ឡើងពេញទីធ្លារវត្តចាស់តែម្តង។ នៅផ្នែកខ្លះនៃរោងបុណ្យនេះ បានដាក់តាំងរូបភាពលោកកែម ឡី ក្នុងទំហំធំជាមួយពាក្យស្លោកថា “ជូតទឹកភ្នែក រួចបន្តដំណើរទៅមុខទៀត។ នៅព្រឹកនេះដែរ ពោល គឺម៉ោង១១គត់ ម៉ោងដែលសាកសពលោកកែម ឡីត្រូវបានបញ្ចុះនោះ ក៏ជាម៉ោងដែលរូបសំណាកលោកកែម ឡី ធ្វើពីស្ពាន់ត្រូវបានព្រះសង្ឃ និង ពលរដ្ឋដង្ហែចេញពីព្រះវិហារមកតម្កល់ទុកនៅក្នុងរោងបុណ្យ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ និងគោរពបូជាផងដែរ។

Loading...

ពិធីបុណ្យសព១០០ថ្ងៃលោកកែម ឡីនេះ មិនមានវត្តមានចូលរួមពីសំណាក់ភរិយា និងកូនៗរបស់លោកដែលកំពុងស្ថិតនៅក្រៅប្រទសនោះទេ នេះក៏ព្រោះតែភរិយារបស់លោកទើបតែសម្រាលកូនពៅរបស់គាត់រួច។ តែទោះជាយ៉ាងណាក៏ដោយ អ្នកស្រីប៊ូ រចនា តាមរយៈប្រព័ន្ធអនឡាញតាមទូរសព្ទបងស្រីរបស់គាត់ ក៏បានឃើញនូវទិដ្ឋភាពនៃពិធីបុណ្យសព១០០ថ្ងៃនេះដែរ។ បងស្រីអ្នកស្រីប៊ូ រចនា តែទើបមកដល់ស្រុកខ្មែរដើម្បីចូលរួមពិធីបុណ្យនេះ បានបញ្ជាក់ថា ភរិយាសពលោកបណ្ឌិតកែម ឡីរូបនេះ ចង់មកចូលរួមពិធីបុណ្យនេះខ្លាំងណាស់ ប៉ុន្តែដោយសារតែកូនខ្ចី ម្លោះហើយទើបគាត់មិនអាចមកចូលរួមបាន។ យ៉ាងណាក៏ដោយ សាច់ញាតិទាំងសងខាងរបស់សពលោកកែម ឡី សុទ្ធតែបានមកចូលរួម។ ក្នុងនោះម្តាយរបស់លោកកែម ឡី ដែលពាក់ស្បែកជើងផ្ទាត់ពណ៌ស បានថ្លែងថា គាត់នឹកកូនប្រុសខ្លាំងណាស់។ អ្នកម្តាយវ័យចំណាស់រូបនេះ ឧទានឡើងថា វាមិនអាចប៉ះប៉ូវអ្វីបាននោះទេចំពោះការបាត់បង់កូនប្រុសរបស់គាត់នេះ។

លោកបណ្ឌិតកែម ឡី អ្នកវិភាគបញ្ហាសង្គមនិងនយោបាយដ៏ល្បីឈ្មោះត្រូវបានគេប្រល័យជីវិតដោយគ្រាប់កាំភ្លើងកាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១។ នៅថ្ងៃទី១៤ តុលានេះ គឺជាខួប១០០ថ្ងៃដែលគាត់ត្រូវបានគេបាញ់សម្លាប់។ ពិធីបុណ្យ១០០ថ្ងៃសពលោកកែម ឡី គឺរៀបចំធ្វើឡើងរយៈពេលបីថ្ងៃ ដោយពីរថ្ងៃធ្វើនៅវត្តចាស់ហើយថ្ងៃទី១៦ តុលា គណៈកម្មការរៀបចំពិធីបុណ្យ និងប្រជាពលរដ្ឋនឹងដង្ហែរូបសំណាកលោកកែម ឡី ធ្វើពីស្ពាន់តម្លៃប្រហែល៧ពាន់ដុល្លារ ទៅតាំងនៅស្រុកកំណើតរបស់គាត់នៅក្នុងខេត្តតាកែវ៕

ប្រភព៖ rfi