ក្រុមមានឈ្មោះដូចគ្នា ត្រូវប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានខេមអេដ នៅថ្ងៃអាទិត្យ

ក្រុម​​ហ្វុត​សាល​មាន​ឈ្មោះ​ដូច​គ្នា​គឺ Black Hawk(Newbie) និង Black Hawk(Oldie) ដែល​មាន​សមាសភាពកីឡាករ​​សុទ្ធ​តែជា​និស្សិត នៅ​វិទ្យាស្ថាន​ខេមអេដ​​នោះ នឹង​​ត្រូវ​ប្រកួត​ដណ្តើម​យក​ពាន​រង្វាន់ខេមអេដ ប្រចាំ​ឆ្នាំ​២០១៦(CamEd Men’s Futsal Tournament 2016) នៅ​ទី​លាន Central Park Sports Complex ក្នុង​ខណ្ឌ​ទួល​គោក នា​រសៀល​ម៉ោង​៤​ ថ្ងៃ​អាទិត្យ​នេះ។

mm1

នៅ​ក្នុងការ​ប្រកួត​ដែល​មាន​២០​ក្រុម​ចូល​រួម​ប្រកួត ហើយ​បាន​បែង​ចែក​ជា​៤ពូល​នេះ ក្រុម​មាន​សម្ព័ន្ធ​ភាព​ជាមួយ​គ្នាគឺ Black Hawk(Newbie) និង Black Hawk(Oldie) បាន​បង្ហាញ​ការ​ប្រកួត​យ៉ាង​ស៊ីចង្វាក់​គ្នា ដើម្បី​បញ្ចប់​ការ​ប្រកួត​ចំនួន​៧​លើក​ជាមួយ​លទ្ធ​ផល​មិន​ដែល​ចាញ់​សោះ។

mm2

យ៉ាង​ណា​មិញ សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ កាល​ពីថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ​ចុង​សប្តាហ៍​មុន ដោយ​ការ​ប្រកួត​ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​២​ជើង​នោះ Black Hawk(Oldie) បាន​ទម្លាក់​ក្រុម​ម្ចាស់​ជើង​ឯកឆ្នាំ​ចាស់ The Crown ជាមួយ​លទ្ធផល​ឈ្នះ ២-១ ក្នុង​ជើង​ទី​១ មុន​ពេល​ក្រុម​ទាំង​២​បាន​​ស្មើ​គ្នា ១-១ ក្នុង​ជើង​ទី​២។ ចំណែក​ក្រុម Black Hawk(Newbie) បានយក​​ឈ្នះលើ​​ក្រុម The Pirate ទាំង​២​ជើងតែ​ម្តង​គឺជាមួយ​លទ្ធ​ផល ១-០ និង​ ៤-០។

mm3

ជាមួយ​លទ្ធ​ផល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ការ​ឡើង​ទៅ​ជួប​គ្នា​របស់​ក្រុម​មាន​ឈ្មោះ​ដូច​គ្នា​ទាំង​២ នៅ​ថ្ងៃ​អាទិត្យ​នេះ នឹង​កាន់​តែ​មាន​ភាព​ស្វិត​ស្វាញ ប៉ុន្តែ​​ក្រុម​ទាំង​២ នឹង​មិន​ភ្លេច​ពី​គោល​ការណ៍ និង​បំណង​ដ៏​សំខាន់​នៃ​ការ​ប្រកួត ដែល​រៀបចំ​ឡើង​ដោយលោក Casey Barnett នាយក​វិទ្យាស្ថាន​ខេមអេដ នោះ​ឡើយ គឺ​លេង​បាល់​ដើម្បី​​​ចេះ​ធ្វើ​ការ​ងារ​ជា​ក្រុម ចេះ​ដឹងនាំ​ក្រុម និង​មាន​ភាព​អំណត់​តស៊ូក្នុងការ​ងារ បន្ថែម​ទៅ​លើ​ចំណេះដឹង ដែល​ពួក​គេ​សិក្សា​នៅ​ក្នុង​សាលា​រៀន។ ហេតុនេះ​ការ​លេង​ដោយ Fair play  គឺ​ជា​អ្វី​ដែល​ពួក​គេ ត្រូវតែ​ប្រកាន់​ឲ្យ​បាន ក្នុងការ​ប្រជែង​យក​ពាន​ដ៏​សំខាន់​នេះ រីឯ​ក្រុម​The Crown ​ក៏​ត្រូវ​ប្រកួតដណ្តើមយក​លេខ​៣ និងលេខ​៤​​ជាមួយ The Pirate នៅ​រសៀល​ម៉ោង​៣ ថ្ងៃអាទិត្យ​នោះ​ដែរ៕

mm4

The post ក្រុមមានឈ្មោះដូចគ្នា ត្រូវប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានខេមអេដ នៅថ្ងៃអាទិត្យ appeared first on CamboSport.