សុំ​ឪពុក​ទៅ​បង់សំណាញ់ ជំងឺឆ្កួតជ្រូក​រើ​ឡើង ដួល​កង់​ប្រកាច់​ចូល​ភក់​ស្លាប់

សុំ​ឪពុក​ទៅ​បង់សំណាញ់ ជំងឺឆ្កួតជ្រូក​រើ​ឡើង ដួល​កង់​ប្រកាច់​ចូល​ភក់​ស្លាប់



កណ្តាល​: យុវជន​ម្នាក់​បាន​សុំ​ឪពុក​ថា​ទៅ​បង់សំណាញ់ ស្រាប់តែ​អ្នក​ភូមិ​ប្រទះ​ឃើញ​ដួល​ផ្កាប់មុខ​ក្នុង​ទឹក​ភក់​ក៏​ជួយ​លើក​ចេញ តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង ៥​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណូ​ច​ចិញ្ចើម​ផ្លូវ​ក្នុងភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម​។

ជន​រង​គ្រោះ​ឈ្មោះ អ៊ែ​ល រតនៈ អាយុ​២២​ឆ្នាំ មុខរបរ​កសិករ ជា​មនុស្ស​មាន​ជំងឺឆ្កួតជ្រូក​ប្រចាំ​កាយ រស់នៅ​ភូមិ​កើតហេតុ​។

ប្រភព​ពី​ឪពុក​ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ជន​រង​គ្រោះជា​កូន​របស់​គាត់​មាន​ជំងឺឆ្កួតជ្រូក ហើយ​តែងតែ​ប្រកាច់​ជា​ញឹកញាប់​។ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​សុំ​គាត់​ទៅ​បង់សំណាញ់​នៅ​ចំណុច​ស្ពាន​ផ្លូវ​ទៅ​ភូមិ​ព្រែក​ក្មេង ហើយ​ក៏​ជិះ​កង់​ដោយ​មាន​សំណាញ់​ដាក់​ក្នុង​ធុង​ស្ពេ​ត្រូ​ចេញពីផ្ទះ​ទៅ​។ លុះដល់​វេលា​កើតហេតុ​ស្រាប់តែ​អ្នក​ភូមិ​ឃើញ​ជន​រង​គ្រោះ​ដួល​ផ្កាប់មុខ​ក្នុង​ទឹក​ភក់​ក៏​ជួយ​លើក​ចេញ តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍​និង​ពិនិត្យ​លើ​ខ្លួន​មិនឃើញ​មាន​ស្លាកស្នាម​អ្វី នៅ​លើ​ដងខ្លួន នោះ​ទេ គឺ​ពិនិត្យ​ឃើញ​នៅ​ក្នុង​មាត់​មាន​ដី​ពេញមាត់ ហើយ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ជំងឺឆ្កួតជ្រូក​រើ​ឡើង ហើយ​ដួល​កង់​ចូល​ភក់​ឈ្លក់​ថប់ដង្ហើម​ស្លាប់​។ បន្ទាប់​ពី​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​រួច បាន​ប្រគល់​ជូន​ឪពុក​ម្តាយ យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​៕